​រូបថត​ល្អ ប្រចាំឆ្នាំដែល​លោកយាយ​សែ​ល​ហ្វីនៅ​រមណី​ដ្ឋា​ន​អង្គរ

0
1035

ខេត្តសៀមរាប៖​ ​ឆ្នាំ​២០១៨ ទើបតែ​ចាប់ផ្តើម​ប៉ុណ្ណោះ ប៉ុន្តែ​រូបថត​ខាងលើ គួរតែ​ត្រូវបាន​កត់ចំណាំ​ទុក​ក្នុងចំណោម​រូបថត​ល្អ ប្រចាំឆ្នាំ (Photo of the Year)​។ រូបថត​នេះ ត្រូវបាន​បង្ហោះ​ដោយ លោក ស្កុ​ត នី​សិន (Scott Neeson) ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) ។​

រូបថត​ស្តីពី​សកម្មភាព​លោកយាយ​អាយុ​៩៤​ឆ្នាំ​ម្នាក់ ដែល​កាន់​ដង​កា​ម៉េ​រ៉ា​ថត Selfie នៅ​រមណី​ដ្ឋា​ន​អង្គរ ទាក់ទាញ​ការ​ចុច Like រប់ម៉ឺននាក់ និង Share ​ចែករំលែក​​ជាង​៣០០០  រួមទាំង​ការបញ្ចេញ​មតិយោបល់​វិជ្ជមាន​ជាច្រើន​។​

លោក ស្កុ​ត នី​សិន ដែលជា​ម្ចាស់​រូបថត បាន​សរសេរ​ពណ៌នា​លើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា លោកយាយៗ [​ក្នុងនោះ​មាន​លោកតា​មួយចំនួន​ផងដែរ​] បានធ្វើ​ដំណើរ​ទេសចរ​ណ៍​ទៅកាន់​តំបន់​អង្គរ ខេត្តសៀមរាប ក្រោម​ជំនួយ​សប្បុរសធម៌​។ ទោះបី​ជីវិត​ពួកគេ​រស់នៅ​ប្រកបដោយ​ភាព​រីករាយ​ហើយក៏​ដោយ ប៉ុន្តែ​ពួកគេ​នៅតែ​ចង់ឃើញ បេតិកភណ្ឌ​កម្ពុជា ខណៈដែល​ពួកគាត់​នៅមាន​ឱកាស​។​

នៅក្នុង​រូបនេះ លោកយាយ​អាយុ​៩៤​ឆ្នាំ​ម្នាក់ កាន់​ដង​សែ​ល​ហ្វី ទាំង​ញញឹម រីឯ​លោកយាយ និង​លោកតា​ផ្សេងទៀត​នាំគ្នា​សំពះ​ដើម្បី​បង្ហាញ​ពី​ការគោរព និង​រំលឹក​ដល់​បុព្វបុរស​ខ្មែរ​។​

​មិន​មែនមាន​ត្រឹមតែ​ប៉ុណ្ណឹង​នោះឡើយ លោក ស្កុ​ត នី​សិន នឹង​បង្ហោះ​អត្ថបទ រូបថត និង​វីដេអូ​ដ៏​ទាក់ទាញ​បន្ថែមទៀត​របស់​យាយៗ​៕