«ទិវាចម្លាក់ឈើ ពិភពលោក២០១៨»លើកទី៦លើពិភពលោកត្រូវបានរៀបចំនៅកម្ពុជា

0
789

«ទិវាចម្លាក់ឈើ ពិភពលោក២០១៨» ដែលប្រព្រឹត្ដទៅនៅថ្ងៃទី២១ មីនា ជាវៀងរាល់ ចាប់តាំងពីឆ្នាំ២០១៣មក ហើយត្រូវបានធ្វើឡើងនៅបណ្តាប្រទេសផ្សេងៗ ក្នុងឆ្នាំនេះ ទិវាដ៏ធំមួយនេះត្រូវបានរៀបចំឡើងនៅក្នុងទឹកដីខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា។

ព្រឹត្តិការណ៍​នេះនឹងត្រូវបានរៀបចំរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែ មីនាឆ្នាំ ២០១៨ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ លើទឹកដីក្រុងសៀមរាប ក្រោមប្រធានបទ«ព្រៃឈើ និងជីវិត» ។

ទិវាចម្លាក់ឈើពិភពលោកឆ្នាំ២០១៨ ស្ដីពី «ព្រៃឈើ និងជីវិត» គឺផ្ដោតការយកចិត្តទុកដាក់ លើការអប់រំ ការផ្សព្វផ្សាយ និងលើកកម្ពស់ការស្រឡាញ់ ដើមឈើ លើកកម្ពស់មេត្រីភាពបរិស្ថាន ពង្រឹងឲ្យមានការរីកដុះដាលឡើងវិញនូវជីវវត្ថុ និងពង្រីកការយល់ដឹង ឲ្យកាន់តែទូលំទូលាយ នូវការប្រើប្រាស់ឈើប្រកប ដោយនិរន្ដរភាពទៅអនាគត។

ព្រឹត្ដិការណ៍ដ៏មានសារសំខាន់នេះ មានកម្មវិធី ជាច្រើនដូចជា៖ វេទិកាវិទ្យាសាស្ដ្រ សិប្បកម្មឈើ រចនាឈើ ចម្លាក់ឈើ ចម្លាក់ក្រឡឺង ចម្លាក់ប្រជាប្រីយ៍ ការផលិតសង្ហារឹម ស្ថាបត្យកម្មពីឈើ ការអប់រំកុមារស្ដីពីដើមឈើ ការសម្ដែងសិល្បៈដែលប្រើប្រាស់ឧបករណ៍ធ្វើពីឈើ ការផ្សព្វផ្សាយឯកសារទេសចរណ៍ស្ដីពី វប្បធម៌នែដើមឈើ និងការដាំដើមឈើ។

គួរឲ្យដឹងថា ការប្រារព្ធ «ទិវាចម្លាក់ឈើពិភពលោក» ចាប់តាំងពីឆ្នាំ២០១៣មក ក្នុងនោះមាន៖ លើកទី១ ឆ្នាំ២០១៣ ប្រារព្ធនៅប្រទេសតង់ហ្សានៀ ក្នុងទ្វីបអាហ្រ្វិក, លើកទី២ ឆ្នាំ២០១៤ ប្រារព្ធនៅប្រទេសចិន, លើកទី៣ ឆ្នាំ២០១៥ ប្រារព្ធនៅប្រទេសទួរគឺ, លើកទី៤ ឆ្នាំ២០១៦ ប្រារព្ធនៅប្រទេសនេប៉ាល, លើកទី៥ ឆ្នាំ២០១៧ ប្រារព្ធនៅសហរដ្ឋអាមេរិក, និងលើកទី៦ «ទីវាឈើពិភពលោកឆ្នាំ២០១៨ គឺប្រារព្ធនៅប្រទេសកម្ពុជា៕