នៅខេត្ដស្ទឹងត្រែងនៅតែមានសកម្មភាពលក់ដូរសត្វព្រៃក្នុង

0
686

ស្ទឹងត្រែងៈ ពលរដ្ឋក្នុងក្រុងស្ទឹងត្រែង បានអះអាងនៅថ្ងៃទី២៩តុលានេះថា បទស្មើសសត្វព្រៃនៅតែបន្តកើតមាន បើទោះជាក្រុមឧទ្យានុរក្ស និងប្រជាសហគមន៍បានប្រឹងប្រែងទប់ស្កាត់និងឃោសនាអប់រំឲ្យបញ្ឈប់ការបរបាញ់ និងបរិភោគសត្វព្រៃយ៉ាងណាក៏ដោយ។

អ្នកស្រី រ័ត្ន សារី ដែលជាអាជីវករក្នុងផ្សារស្ទឹងត្រែងបានថ្លែងថា សាច់សត្វព្រៃ រួមមាន ឈ្លូស ប្រើស ទន្សាយ ជ្រូកព្រៃ ពស់ អណ្ដើក ជាដើម នៅតែបន្តមានគេនាំយកមកបន្លំលក់នៅក្នុងផ្សារនេះស្ទើរតែរាល់មួយសប្ដាហ៍ម្ដង បើទោះមានការឃ្លាំមើលនិងឆ្មក់បង្ក្រាបចាប់ពីសមត្ថកិច្ចរដ្ឋបាលព្រៃឈើ មន្ត្រីឧទ្យានុរក្ស និងអង្គការសត្វព្រៃក្ដី។

អ្នកស្រី សារី ដែលចាត់ទុកក្រុមអ្នកលក់ដូរសាច់សត្វព្រៃក្នុងផ្សារនេះថា ជាក្រុមអាជីវករ «ឆក់កណ្ដៀត» បានបញ្ជាក់ថា៖ «កាលពីថ្ងៃអាទិត្យ [២៨ ខែ ធ្នូ ២០១៨] កន្លងទៅនេះ មានអាជីវករឆក់កណ្តៀតម្នាក់បាននាំយកសាច់សត្វព្រៃរួមមានឈ្លូស ជ្រូកព្រៃ និងទន្សាយមកបន្លំលក់ក្នុងផ្សារស្ទឹងត្រែង ប៉ុន្តែអ្នកគ្រប់គ្រងផ្សារនេះមិនអើពើហាមឃាត់ឬទូរស័ព្ទរាយការណ៍ទៅមន្ត្រីជំនាញឲ្យចុះបង្ក្រាបនោះឡើយ»។

បើតាមអ្នកស្រី សារី អាជីវករលក់ដូរសាច់ជ្រូក គោ មាន់ ទា ក្នុងផ្សារស្ទឹងត្រែងស្ទើរតែទាំងអស់មិនសប្បាយចិត្តឡើយនៅពេលមានអាជីវករប្លែកមុខនាំសាច់សត្វព្រៃមកលក់ក្នុងផ្សារនេះ។

អ្នកស្រីបញ្ជាក់ថា៖«វត្តមានរបស់អាជីវករឆក់កណ្ដៀតនឹងធ្វើឲ្យពួកគាត់ដែលជាអាជីវករលក់សាច់ជ្រូក គោ មាន់ទា លក់មិនដាច់»។

ជុំវិញករណីនេះ លោក អេង ភីរ៉ុង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃ២៩តុលានេះថា ដោយទទួលស្គាល់ថាការបង្ក្រាបនៅមានភាពខ្វះចន្លោះដោយសារកង្វះក្រុមមន្ត្រីឧទ្យានុរក្សខណៈក្រុមជនប្រព្រឹត្តបទល្មើសបរបាញ់សត្វព្រៃបានផ្លាស់ប្ដូរយុទ្ធវិធីពីបរបាញ់មកដាក់អន្ទាក់វិញដែលពិបាកក្នុងការស្រាវជ្រាវ និងបង្ក្រាប។

លោកបានថ្លែងថា៖«ការបង្ក្រាបបទល្មើសសត្វព្រៃគឺយើងធ្វើឡើងជាប្រចាំដូចភ្លៀងរលឹមប៉ុន្តែយើងទទួលស្គាល់ថាវានៅមានភាពឆកល្វែងព្រោះកិច្ចការពារ និងបង្ក្រាបបទល្មើសសត្វព្រៃនិងធនធានធម្មជាតិ មិនមែនជាការទទួលខុសត្រូវផ្ដាច់មុខដោយក្រុមមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានតែមួយនោះទេគឺទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលរួមបញ្ចូលទាំងក្រុមព្រានប្រមាញ់សត្វព្រៃ និងពលរដ្ឋគ្រប់សហគមន៍ផងដែរ»។

លោក ភីរ៉ុង បានបន្តថា ក្រៅពីការងារល្បាតនិងបង្ក្រាប ក្រុមមន្ត្រីឧទ្យានុរក្សបានចុះអប់រំដល់ពលរដ្ឋនិងអាជីវករនៅទូទាំងខេត្តស្ទឹងត្រែងចូលរួមសហការបង្ក្រាបបទល្មើសឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពតាមរយៈការផ្ដល់សេចក្ដីរាយការណ៍ច្បាស់លាស់ពីទីតាំងនៃបទល្មើសហើយប្រសិនបើអាចអត្តសញ្ញាណរបស់ជនសង្ស័យដល់មន្ត្រីជំនាញក្នុងករណី ប្រទះឃើញមានបទល្មើសសត្វព្រៃ និងធនធានធម្មជាតិ ។

ជាមួយគ្នានេះ លោក ភីរ៉ុង បានប្រាប់ឲ្យដឹងផងដែរថា ពេលនេះ ក្រុមមន្ត្រីឧទ្យានុរក្សបានសហការជាមួយប្រជាសហគមន៍ និងកម្លាំងប្រដាប់អាវុធមូលដ្ឋានសរុបជាង២០នាក់កំពុងបន្តចុះល្បាតក្នុងតំបន់ព្រៃឡង់ដើម្បីស្រាវជ្រាវនិងបង្ក្រាបបទល្មើសក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ដែលប្រតិបត្តិការនេះបានបែងចែកជាពីរក្រុមមួយក្រុមចេញពីស្រុកសៀមបូកនិងមួយក្រុមទៀតចេញពីស្រុកថាឡាបរិវ៉ាត់។

លោក ហូ សំអុល អ្នកសម្របសម្រួលសមាគមអាដហុកខេត្តស្ទឹងត្រែងបានថ្លែងថា ចាប់តាំងពីមានយុទ្ធនាការឆ្មក់បង្ក្រាបជាញឹកញាប់ដោយក្រុមកម្លាំងសមត្ថកិច្ចចម្រុះរួមទាំងអង្គការការពារនិងអភិរក្សសត្វព្រៃមកសកម្មភាពបទល្មើសសត្វព្រៃមានភាពស្ងប់ស្ងាត់។ នៅក្នុងផ្សារនៃទីរួមខេត្តស្ទឹងត្រែងក្រុមអាជីវករជួញដូរសាច់សត្វព្រៃមិនលក់ដូរសាច់សត្វព្រៃដោយបើកចំហដូចមុនទេ ប៉ុន្តែការលក់លួចលាក់នៅតែកើតមានក្នុងទីផ្សារនៃទីរួមខេត្តស្ទឹងត្រែងនេះ។

លោកសំអុល បានថ្លែងថា៖«ជាការពិតក្រោយពីមានការបង្ក្រាបជាញឹកញាប់មក អំពើជួញដូរសាច់សត្វព្រៃក្នុងផ្សារស្ទឹងត្រែងបានថយចុះប្រមាណ ៩០ ភាគរយ បើធៀបទៅនឹងឆ្នាំមុនៗ ដែលក្នុងផ្សារនេះមានការដាក់តាំងលក់សាច់សត្វព្រៃជាច្រើនប្រភេទរួមមាន ឈ្លូស ប្រើស ជ្រូកព្រៃ ទន្សាយ ហើយម្ដងម្កាលមានទាំងសាច់ទន្សោងដែលជាសត្វកម្រផងដែរ»៕