ក្រុម​អភិរក្ស​សត្វ​ រកឃើញ​សត្វ​ស្លាប​​ជិត​ផុត​ពូជ​ ២៧ ​សម្បុក​ នៅ​តំបន់​ដែន​ជម្រកសត្វសៀមប៉ាង

0
1103

សំបុកសត្វស្លាបជិតផុតពូជនៅក្នុងពិភពលោកប្រមាណ ២៧សំបុក ត្រូវបានក្រុមអ្នកសិក្សាស្រាវជ្រាវជីវចម្រុះនៃអង្គការជីវិតសត្វស្លាបអន្តរជាតិ រកឃើញនៅក្នុងតំបន់ដែនជម្រកសត្វព្រៃសៀមប៉ាង និង សៀមប៉ាងខាងលិចនៃប្រទេសកម្ពុជា។ នេះបើយោងរបាយការណ៍សង្ខេបស្ដីពីលទ្ធផលនៃការអង្កេតតាមដាននិងការពារសំបុកពងកូនសត្វស្លាបជិតផុតពូជឆ្នាំ២០១៨ ដែលកម្មវិធី អង្គការជីវិតសត្វស្លាបអន្តរជាតិនៅកម្ពុជាបានចេញផ្សាយកាលពីព្រឹកថ្ងៃអង្គារ។

របាយការណ៍បានបង្ហាញថា សំបុកសត្វស្លាបជិតផុតពូជ ដែលត្រូវបានរកឃើញក្នុងតំបន់ដែនជម្រកសត្វព្រៃ សៀមប៉ាង និងសៀមប៉ាងខាងលិចនោះ រួមមានសត្វត្រយ៉ងយក្ស១៦សំបុក និង សត្វត្មាត១១សំបុក(៩សំបុកត្មាតត្នោត និង២សំបុកត្មាតភ្លើង)។

ក្នុងនោះសត្វត្រយ៉ងយក្សចំនួន១២សំបុកញាស់កូនបាន១៧ក្បាល ខណៈសំបុក្រសត្វត្មាតទាំងអស់រួមទាំង សត្វត្រយ៉ងយក្សបួនសំបុកទៀត កំពុងស្ថិតក្រោមការថែរទាំនិងឃ្លាំមើលពីក្រុមអ្នកភូមិ ដែលបានស័្មគ្រចិត្តចូលរួមនៅក្នុងកម្មវិធី អង្កេតតាមដាននិងការពារសំបុកពងកូនសត្វដ៏កម្រនេះ។

របាយការណ៍នោះ ក៏បានដាក់បញ្ចូលផងដែរនូវលទ្ធផលនៃការធ្វើជំរឿនសត្វត្រយ៉ងចង្កំកស ដែលក្រុមសិក្សាស្រាវជ្រាវជីវៈចម្រុះប្រចាំនៅដែនជម្រកសត្វព្រៃសៀមប៉ាងនិងសៀមប៉ាងខាងលិច បានធ្វើឡើងកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ ដោយបានរាប់ឃើញមាននៅ
សេសសល់៣២០ក្បាល។ ចំនួននេះត្រូវបានគេអះអាងថាមាននៅសេសសល់ច្រើនជាងបើធៀបទៅនឹងតំបន់ដែនជម្រកដទៃទៀតក្នុងប្រទេសកម្ពុជា។

លោក ប៊ូ វរសក្ស នាយកម្មវិធីប្រចាំកម្ពុជានៃអង្គការជីវិតសត្វស្លាបអន្តរជាតិ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បច្ចុប្បន្ន សត្វត្រយ៉ងចំង្កំកស ត្រូវបានគេប៉ាន់ប្រមាណថាមាននៅសេសសល់ប្រមាណត្រឹមតែជាង១.០០០ក្បាលប៉ុណ្ណោះនៅទូទាំងពិភពលោក ក្នុងនោះប្រទេសកម្ពុជាត្រូវបានគេអះអាងថាមាននៅសេសសល់សត្វត្រយ៉ងចំង្កំកស ច្រើនជាងគេបំផុតក្នុងពិភពលោក ខណៈប្រទេសជិតខាងនៃប្រទេសនេះមានថៃនិងវៀតណាមបានផុតពូជនូវសត្វប្រភេទនេះពីក្នុងព្រៃធម្មជាតិរបស់ខ្លួនអស់ទៅហើយ ។ ចំណែកប្រទេសឡាវ ត្រូវបានគេអះអាងថានៅមានចំនួនតិចតួចបំផុត។

លោកបានបញ្ជាក់ថា៖«ប្រទេសកម្ពុជាយើង នៅមានវត្តមានសត្វត្រយ៉ងចង្កំកស ដែលជាប្រភេទសត្វកម្រ និង ជិតផុតពូជ ច្រើនជាងគេក្នុងពិភពលោក ដែលប្រការនេះបង្ហាញថា កម្ពុជាមានការប្រឹងប្រែងយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងកិច្ចការពារនិងអភិរក្សនូវប្រភេទសត្វព្រៃជិតផុតពូជទាំងនេះបានល្អ»។

បើតាមសម្ដី លោក វរសក្ស ដែនជម្រកសត្វព្រៃសៀមប៉ាងនិងសៀមប៉ាងខាងលិច គឺជាតំបន់ព្រៃឈើដែលមានសារះសំខាន់មួយដែលនៅសេសសល់ក្នុងពិភពលោកសម្រាប់ធ្វើការអភិរក្សជីវចម្រុះ និង ជាតំបន់មានសក្កានុពលសម្រាប់ការរស់នៅរបស់សត្វព្រៃគ្រប់ប្រភេទ ជាពិសេស ក្រុមប្រភេទសត្វព្រៃជិតផុតពូជ រួមមាន ត្រយ៉ងចង្កំកស ត្រយ៉ងយក្ស ត្មាតភ្លើង ត្មាតត្នោត ត្មាតប្រផេះ និងប្រភេទទទួលរងការគំរាមគំហែងមួយចំនួនទៀត ដូចជា ប្រភេទសត្វរមាំង និងសត្វខ្ទីងជាដើម។

យ៉ាងណាក៏ដោយ លោកបានសម្ដែងក្ដីព្រួយបារម្ភផងដែរចំពោះការផ្ទុះឡើងជាថ្មីនៃសកម្មភាពកាប់បំផ្លាញព្រៃឈើ បរបាញ់ និង ដាក់អន្ទាក់ចាប់សត្វព្រៃ ដែលមានបំពាក់នូបឧបករណ៍ឆក់ និង ថ្នាំបំពល់ ក្នុងតំបន់ដែនជម្រកសត្វព្រៃក្នុងប្រទេសកម្ពុជា ពីសំណាក់ក្រុមជួញដូរព្រៃឈើនិងសត្វព្រៃល្មើសច្បាប់។

លោក បានគូសបញ្ជាក់ថា៖«បើសិនជាសកម្មភាពនេះ នៅតែបន្តកើតមាន នោះព្រៃឈើនិងសត្វព្រៃ ពិសេសប្រភេទសត្វព្រៃដ៏កម្រក្នុងពិភពលោក ដែលកំពុងមានវត្តមាននៅកម្ពុជាយើងនេះ នឹងត្រូវវិនាសបង់អស់ជាមិនខាន។ ព្រៃឈើនិងសត្វព្រៃ គឺជាផ្នែកមួយនៃធនធានធម្មជាតិ ដែលមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន និង វប្បធម៌»។

ជាមួយគ្នានេះ លោក កែន សិរីរដ្ឋា ប្រធានអង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា(WCS) បាននិយាយថា នៅកម្ពុជា សត្វត្រយ៉ងចង្កំកស ត្រូវបានគេប្រទះឃើញមាននៅក្នុងតំបន់ដែនជម្រកសត្វព្រៃក្នុងខេត្តចំនួន៥ រួមមាន ខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និង ខេត្តរតនគិរី។

លោកបានបន្តថា យោងតាមការធ្វើជំរឿងឆ្នាំ២០១៧ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃនៃខេត្តទាំង៥ខាងលើនេះ សត្វត្រយ៉ងចង្កំកស ត្រូវបានគេរាប់ឃើញមានចំនួនរហូតដល់១.២០០ក្បាល ពោលគឺមានច្រើនលើសលុប បើធៀបទៅនឹងប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ដែលនៅមានសេសសល់នូវវត្តមានសត្វស្លាបដ៏កម្រនេះ។

បើយោងតាមអង្គការ BirdLife Cambodia បានប្រកាសពីលទ្ធផលនៃការអង្កេតតាមដាននិងការពារសំបុកពងកូនសត្វស្លាបជិតផុតពូជឆ្នាំ២០១៨ ឆ្នាំនេះក្រុមសិក្សាស្រាវជ្រាវជីវចម្រុះ នៅដែនជម្រកសត្វព្រៃសៀមប៉ាង និងសៀមប៉ាងខាងលិច បានខិតខំសិក្សាស្រាវជ្រាវនិងតាមដានយ៉ាងសកម្ម លើសត្វស្លាបជិតផុតពូជ៥ប្រភេទជាលទ្ធផល យើងរកឃើញសំបុកត្រយ៉ងយក្សចំនួន១៦ ក្នុងនោះ១២សំបុក ញាស់បានកូន១៧ក្បាលជោគជ័យ ចំណែកសំបុកសត្វត្មាតបានរកឃើញចំនួន១១សំបុក (៩សំបុកត្មាតត្នោត និង២សំបុកត្មាតភ្លើង)។ លើសពីនេះទៀត នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំំ២០១៨ កន្លងទៅ ក្រុមសិក្សាស្រាវជ្រាវជីវះចម្រុះប្រចាំនៅដែនជម្រកសត្វព្រៃសៀមប៉ាងនិងសៀមប៉ាងខាងលិចបានធ្វើជំរឿនសត្វត្រយ៉ងចង្កំកសដោយរាប់បានសរុបចំនួន ៣២០ក្បាល។

សូមជំរាបជូនថាដែនជម្រកសត្វព្រៃសៀមប៉ាងនិងសៀមប៉ាងខាងលិចជាដែនជម្រកសត្វព្រៃចំនួនពីរក្នុងចំណោមដែនជម្រកទាំងអស់នៅប្រទេសកម្ពុជាដែលបានបង្កើតឡើងតាមអនុក្រឹត្យ ចុះថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០១៦។ តំបន់ព្រៃឈើភាគខាងលិចសៀមប៉ាង ជាតំបន់ព្រៃឈើដែលមានសារះសំខាន់មួយដែលនៅសេសសល់ក្នុងពិភពលោកសម្រាប់ធ្វើការអភិរក្សជីវចម្រុះ និងជាតំបន់មានសក្កានុពលសម្រាប់ការរស់នៅរបស់សត្វព្រៃគ្រប់ប្រភេទជាពិសេសក្រុមប្រភេទសត្វព្រៃជិតផុតពូជ រួមមានត្រយ៉ងចង្កំកស ត្រយ៉ងយក្ស ត្មាតភ្លើង ត្មាតត្នោត ត្មាតផេះ និងប្រភេទទទួលរងការគំរាមគំហែងមានដូចជា ប្រភេទសត្វរមាំង និងសត្វខ្ទីង។

លោក នេត្យ ភក្ដ្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងឲ្យដឹងកាលពីម្សិលមិញថាប្រភេទសត្វកម្រជាច្រើនដែលមានវត្តមាននៅកម្ពុជាត្រូវបានអភិរក្ស និងបច្ចុប្បន្នមានចំនួនកើនឡើងដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថានផ្ទាល់ និងមួយផ្នែកទៀតដោយសហការជាមួយអង្គការក្រៅរដ្ឋាភិបាលនានា ដើម្បីបន្តថែរក្សាការពារជីវៈចម្រុះទាំងអស់ជាពិសេសសត្វស្លាប និងសត្វព្រៃគ្រប់ប្រភេទ ក្រសួងវរិស្ថាននឹងបន្តកិច្ចការពារនិងអភិរក្ស បន្តពង្រឹងការអនុវត្តច្បាប់ស្តីពីបរិស្ថាននិងការការពារធនធានធម្មជាតិ ដោយបង្ក្រាបនិងទប់ស្កាត់ការកាប់បំផ្លាញឈើខុសច្បាប់ដែលជាជម្រកសត្វគ្រប់ប្រភេទ និងការបរបាញ់ ការជួញដូរ និងលក់ដូរសាច់សត្វខុសច្បាប់បន្តទៀត។

លោក ភក្ត្រា ថ្លែងថា៖«កន្លងទៅ ក្រសួងបរិស្ថានបានចាត់វិធានយ៉ាងតឹងរឹងប្រឆាំងនឹងអំពើល្មើសច្បាប់ធនធនធានធម្មជាតិ ហេតុដូច្នេះហើយបានជាជីវៈចម្រុះ សត្វស្លាប និងសត្វព្រៃគ្រប់ប្រភេទនៅតាមតំបន់ការពារធនធានធម្មជាតិនានានៅក្នុងប្រទេសកម្ពុជាមានកំណើនឡើងគួរកត់សម្គាល់។ ការទប់ស្កាត់ការកាប់ឈើខុសច្បាប់ និងការបរបាញ់សត្វខុសច្បាប់តាមរយៈការពង្រឹងតួនាទីប្រជាសហគមន៍មូលដ្ឋានដែលរស់នៅតាមតំបន់ការពារធម្មជាតិនានាឱ្យពួកគាត់ក្លាយជារបងការពារធនធានធម្មជាតិ សត្វព្រៃដោយបង្កើតមុខរបរ បង្កើនប្រាក់ចំណូល និងពង្រឹងជំនាញពួកគាត់ ហើយបង្កើតតំបន់ទេសចរណ៍ធម្មជាតិនានាដើម្បីទាក់ទាញភ្ញៀវទេសចរ»៕