អ្នកអភិរក្សសត្វព្រៃ នៅខេត្តព្រះវិហារ សំដែងការព្រួយបារម្ភដោយសារសកម្មភាពប្រើប្រាស់ថ្នាំបំពុល ដាក់នៅតាមត្រពាំងនានា អាចធ្វើអោយពពួកសត្វជិតផុតពូជ ជាពិសេសសត្វត្មាតទាំង៣ប្រភេទ ដែលនៅសេសសល់ក្នុងតំបន់ខ្ពង់រាបភាគខាងជើង ប្រទេសកម្ពុជា រងគ្រោះថ្នាក់។
សេចក្ដីប្រកាសព័ត៌មានបន្ទាន់ របស់សមាគមអភិរក្សសត្វព្រៃ WCS ចេញផ្សាយកាលពីថ្ងៃទី២៧ ខែមីនា បញ្ជាក់ថា ក្តីបារម្ភនេះ ដោយសារតែក្រុមអ្នកស្រាវជ្រាវនៃក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ប្រទះឃើញសកម្មភាពបំពុលសត្វ ដើម្បីយកទៅលក់កើតមានច្រើន ករណីនៅដើមឆ្នាំ២០១៨នេះ បានបណ្ដាលឱ្យសត្វស្រុក និងសត្វស្លាប ជាច្រើនក្បាលងាប់ជាបន្តបន្ទាប់។
អ្នកសម្របសម្រួលគម្រោងស្រាវជ្រាវ របស់អង្គការ WCS លោក ម៉ៅ ឃៀន ឱ្យដឹងថាពលរដ្ឋក្នុងតំបន់បានប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ដែលមានតម្លៃថោក ដើម្បីបំពុលសត្វព្រៃធ្វើម្ហូបអាហារ និងខ្លះទៀតដើម្បីការពារដំណាំស្រូវរបស់ខ្លួន ពីពពួកសត្វលលក និងសត្វសេកជាដើម។
កាលពីឆ្នាំ២០១៥ ក្រុមអ្នកអភិរក្សរបស់សមាគមអភិរក្សសត្វព្រៃ និងក្រុមការងារ នៃអង្គការជីវិតសត្វស្លាបអន្តរជាតិ រកឃើញថាមាន សត្វព្រៃ ៦ក្បាល ក្នុងនោះមានសត្វជិតផុតពូជដូចជា សត្វសំពោចធំ សត្វកុកពាក់អំបោះ និងសត្វត្មាតត្នោត បានស្លាប់នៅជិតត្រពាំងផ្សេងៗគ្នា។
ប្រធានអង្គការ WCS លោក កែន សេរីរដ្ឋា មានប្រសាសន៍ថា ការប្រើប្រាស់ថ្នាំបំពុលសត្វល្អិត នៅក្នុងតំបន់ខ្ពង់រាបខាងជើង និងតំបន់ផ្សេងទៀត ប៉ះពាល់ធ្ងន់ធ្ងរ ដល់ពពួកថនិកសត្វ និងសត្វស្លាប ដែលជិតផុតពូជនៅលើសាកលលោក។ លោកបន្ថែមថា ការបរិភោគសាច់សត្វ ដែលពុលស្លាប់ អាចបណ្ដាលអោយខូចសុខភាពក្នុងពេលបច្ចុប្បន្ន និងថ្ងៃខាងមុខ។
លោកស្នើដល់សាធារណជនឱ្យឈប់បរិភោគសាច់សត្វព្រៃ ដើម្បីជាការរួមចំណែកថែរក្សា និងការពារសត្វព្រៃ នៅកម្ពុជាឱ្យបានគង់វង្ស៕