មកយល់ច្បាស់ថាហេតុអ្វី​ជនជាតិ​ចិន​ត្រូវ​ចាំ​ដល់​មួយឆ្នាំ​ទើប​ហ៊ាន​ដក​ជើងធូប​?

0
1235

ភ្នំពេញ​៖ ចំពោះ​ប្រពៃណី​ជន ជាតិចិន ប្រសិនបើ​ពុំមាន​ករណី​ពិសេស ឬ​ចាំបាច់​ទេនោះ ការដក​ជើង ធូប​ត្រូវ ធ្វើឡើង​ក្នុង​មួយឆ្នាំ​មានតែ​ម្តង​ប៉ុណ្ណោះ ហើយ​ការដក​នេះ​ទៀតសោត ក៏​ធ្វើឡើង​ដោយ មានការ​សែនព្រេន​ត្រឹមត្រូវ ហើយ​បើ​ហ៊ាន​បំពាន​ទម្លាប់​នេះ ខ្លាច ដាក់​រាសី ឬ មាន​គ្រោះកាច​។ ប៉ុន្តែ​ពុំ​សូវ មាន​អ្នកណា​ចេះ​បក​ស្រា​យថាហេតុ អ្វី​ឡើយ គឺ​គេ​គ្រាន់តែ​ធ្វើតាម​ទម្លាប់ ។​

​សែន​ដក​ជើងធូប​
​ចំពោះ​ជំនឿ​ប្រពៃណី​ជនជាតិ ចិន និង វៀតណាម កំប៉ុង​ជើងធូប នីមួយៗ​សុទ្ធ​តែមាន​ម្ចាស់ ដូចជា​កុងម៉ា ជំនាងផ្ទះ និង​ទេវតា​ឆ្នាំ​ថ្មី​ជាដើម ហើយ ការដក​ជើងធូប​ចេញពី​កំប៉ុង​នោះៗ គេ​ត្រូវ​រង់ចាំ​គម្រប់​មួយឆ្នាំ ទើប​គេ​ហ៊ាន ដកចេញ ហើយ​មុននឹង​ដក​ជើងធូប​នោះ ចេញ គេ​ត្រូវធ្វើ​ពិធីសែនព្រេន​តាម​ការ គួរ ហើយ​ប្រជាជន​វៀតណាម​ធ្វើ​នៅ ថ្ងៃទី​២៣ ។

ចំណែក​ជនជាតិ​ចិន​ធ្វើ​នៅ ថ្ងៃទី​២៤ និង​២៥ ខែធ្នូ នៃ​ប្រតិទិន ប្រពៃណី​ចិន ហើយ​គេ​អាចធ្វើ​នៅ​ថ្ងៃ ណាមួយ​ក៏បាន​ក្នុងអំឡុង​រយៈពេល ប្រមាណ​ជាមួយ​សប្តាហ៍​មុន​ថ្ងៃ​ចូល ឆ្នាំ​ថ្មី​របស់​ពួកគេ ដែល​ឆ្នាំ​២០១៨​នេះ ថ្ងៃ​សែន​ដក​ជើងធូប​ចាប់ពី​ថ្ងៃទី​១០ ( ជន ស្រ​ឡាយ​វៀតណាម ធ្វើ​មុននេះ​មួយថ្ងៃ​) ខែកុម្ភៈ​តទៅ (​រហូតដល់​ថ្ងៃ​ចូលឆ្នាំ​ចិន ដែល​ចំ​លើ​ថ្ងៃទី​១៦ ខែកុម្ភៈ ) ។​
​ ​
​តាម​ជំនឿ​ប្រពៃណី​ជនជាតិ ចិន ការ​សែន​ដក​ជើងធូប គឺជា​ពិធី អរគុណ និង​ជូន​ដំណើរ​កុងម៉ា និង ទេវតា​ឆ្នាំ​ចាស់​ដែល​បាន​ថែរក្សា ការពារ​ចម្រុងចម្រើន​ពួកគេ​អស់​រយៈ កាល​មួយឆ្នាំ​មកនេះ ឱ្យ​ត្រឡប់​ទៅ ឋានសួគ៌​វិញ ( ដូច្នេះ​ទើប​នៅក្នុង​ប្រតិទិន ខ្លះ​ដាក់ថា ទេវតា​ឡើងឋានសួគ៌​) ។​
​ ​
​បន្ទាប់ពី​ពួក​កុងម៉ា និង ទេវតា ដែលជា​ម្ចាស់​កំប៉ុង​ជើងធូប​ទាំងនោះ​ត្រឡប់​ទៅ​ឋានសួគ៌​វិញ បានសេចក្តីថា កំប៉ុង​ជើងធូប​ទាំងនោះ​នៅ​ទំនេរ ពុំមាន ម្ចាស់​ឡើយ​រហូតដល់​កុងម៉ា និង​ទេវតា ឆ្នាំ​ថ្មី​ចូលមក​ជំនួស ។ អំឡុងពេល​ពុំមាន ម្ចាស់​នេះឯង​ហើយ ជា​ពេលដែល​ម្ចាស់ ផ្ទះ​ដក​ជើងធូប​ចេញពី​កំប៉ុង និង​យក កំប៉ុង​ជើងធូប​ទៅ​លាង​សម្អាត​សម្រាប់ រៀបចំ​ទទួល​ទេវតា និង កុងម៉ា ឆ្នាំ​ថ្មី​។​

​ដូច្នេះ​ពាក្យ​ថា “ សែន​ដក​ជើង ធូប “ បានសេចក្តីថា “ សែន​អរគុណ និង ជូន​ដំណើរ​កុងម៉ា និង ទេវតា​ឱ្យ​ត្រឡប់ ទៅ​ឋានសួគ៌​វិញ ហើយក៏​ដក​ជើងធូប ចេញពី​កំប៉ុង​ជើងធូប​យក​កំប៉ុង​ជើង ធូប​ទៅ​លាង​សម្អាត “ ។​

​ហេតុអ្វី​មិន​ហ៊ាន​ដក​មុន​
​មុនពេល​គម្រប់​មួយឆ្នាំ ឬ មុន ពេល​ថ្ងៃ​សែន​ដក​ជើងធូប​ចូលមក​ដល់ ប្រជាជន​ចិន​មិន​ហ៊ាន​ដក ជើងធូប​ចេញ ពី​កំប៉ុង​ជើងធូប​ឡើយ សូម្បីតែ​កំប៉ុង ជើងធូប ក៏​មិន​ហ៊ាន​ប៉ះពាល់​ផង ដោយ ហ៊ាន​ត្រឹមតែ​ប៉ះពាល់ ឬ​សម្អាត​ធូលី ផេះ​តិចតួច​ប៉ុណ្ណោះ ។​
​ ​
​នៅពេល​សួរថា ហេតុអ្វី​បាន ជា​ត្រូវ​រង់ចាំ​រហូតដល់​ថ្ងៃ​សែន​ដក ជើងធូប គឺ​រយៈពេល​មួយឆ្នាំ ទើប​ហ៊ាន ដក​ជើងធូប​ចេញពី​កំប៉ុង​នោះ ពុំ​សូវ មាន​ជនជាតិ​ចិន​ណា​បកស្រាយ​ឱ្យបាន​ច្បាស់លាស់ ឡើយ ដោយ​ពួកគេ​ភាគ ច្រើន​ឆ្លើយ​ប្រហាក់ប្រហែលគ្នា​ថា “​វា​ជា ទម្លាប់ ! ធ្វើតាម​អ្វីដែល​ធ្លាប់​ឃើញ ចាស់ៗ​ធ្វើ​តៗ​គ្នា​មក , បើ​ហ៊ាន​ដក​ជើង ធូប​ចេញពី​កំប៉ុង ឬ រុះរើ​កំប៉ុង​ជើងធូប ខ្លាច​ដាក់​រាសី ជួប​គ្រោះកាច​ចង្រៃ ….”​។​
​ ​
​ទោះយ៉ាងណា ព្រឹទ្ធាចារ្យ សុខ មាន ជា​អ្នក​ស្នង​រូប​លោកតា គង់ ផេង តាំងពី​កុមារ​មក បាន​ពន្យល់ថា កុងម៉ា និង ទេវតា ដែលជា​ម្ចាស់​កំប៉ុង ជើងធូប​មិន​ចង់ និង​មិន​ចូលចិត្ត​ឱ្យ​អ្នកណា​ប៉ះពាល់​កំប៉ុង ជើងធូប​របស់ ពួកគាត់​ទេ ដោយ​ពួកគាត់​ចាត់ទុក​ការ ប៉ះពាល់​នោះ​ថា ជាការ​រំខាន​ភាព​ស្ងប់​សុខ របស់​ពួកគាត់ ឬ ជាការ​មិន គោរព​ចំពោះ​ពួកគាត់ គឺ​ប្រៀបដូចជា មនុស្ស​ចាស់ៗ​មិន​ចូលចិត្ត ឱ្យ​ក្មេង​ទៅ ឆាឆៅ​អុកឡុក​រំខាន​ពួកគាត់​ដូច្នោះ​ដែរ ហើយ​បើ​មាន​អ្នក​ប៉ះពាល់​កំប៉ុង​ជើងធូប ដែលជា​ការរំខាន​ដល់​កុង ម៉ា និង ទេវតា​នោះ អ្នក​ទាំងនោះ​មិន​សប្បាយចិត្ត​អាច​នឹង​បង្ក​គ្រោះ មិនល្អ​ដល់​ម្ចាស់ ផ្ទះ ឬ មិន​ជួយ​ការពារ​ចម្រុងចម្រើន ។ នេះហើយ​គឺ​មូលហេតុ ។​
​ ​
​ទោះ​យ៉ាងនេះ​ក្តី លោក​ព្រឹទ្ធាចារ្យ សុខ មាន បានឱ្យដឹងថា ក៏មាន ករណី​ពិសេស ឬ ចាំបាច់​ខ្លះ​ដែល​គេ អាច​ប៉ះពាល់ ឬ ដក​ជើងធូប​បាន​ដូច ជា​ករណី​មាន​ជើងធូប​ច្រើនពេក ដែល អាច​ប្រឈម​នឹង​អគ្គិភ័យ ឬ ត្រូវ​រើ​ផ្ទះ ជាដើម ។ ប៉ុន្តែ​មុននឹង​ដក គេ​ត្រូវធ្វើ​ពិធី សែនព្រេន​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​សុំ អនុញ្ញាត​ពី​កុងម៉ា និង ទេវតា ហើយ​ការ ធ្វើ​ពិធី​ដក​ជើងធូប​មុនពេល​កំណត់​នេះ​ធ្វើ​បានតែ​នៅ​ថ្ងៃទី​១៣ ប៉ុណ្ណោះ ទោះ ជា​ខែ​មួយណា​ក៏បាន ។​
​ ​
​លោក​ព្រឹទ្ធាចារ្យ សុខ មាន ក៏បាន​ប្រាប់​ពី​របៀប​ធ្វើ​បន្លាស់​ទី​កំប៉ុង ជើងធូប​ថា​ត្រូវ​កាន់​ហើយ​លើក ឡើង ឱ្យ​ផុតពី​ទី​ដែល​បាន​តម្កល់ ប៉ុន្តែ​ចូរ​កុំ អូស​កំប៉ុង​នោះឡើយ ទើប​ជាការ​លើក រាសី​ដល់​ម្ចាស់ផ្ទះ ហើយ​កុងម៉ា ឬ ទេវតា​ក៏​នឹងមិន​ខឹងសម្បា​ផង ។​
​ ​
​ប្រពៃណី ជា​អ្វីដែល​គេ​គប្បី ថែរក្សា ប៉ុន្តែ​សុវត្ថិភាព​ក៏​ជា​អ្វីដែល​គេ មិន​ធ្វេសប្រហែស​ដែរ ដ្បិត​គេ​បានដឹង ឮជា​ហូរ​ហែម​កថា អគ្គិភ័យ​កើត​ពី​កំប៉ុង ជើងធូប​ក៏​ច្រើន​ករណី​ណាស់ដែរ ៕ ប្រភព : រស្មីកម្ពុជា