ភ្នំពេញ : ក្រុមយុវជនស្រឡាញ់សិល្បៈ «ភ្លើងគប់» បាននាំយកនួវកម្មវិធីបុណ្យភូមិ មកសារជាថ្មីម្តងទៀតនៅឆ្នាំនេះដែល មានឈ្មោះថា «ចូលរូមថែរក្សាប្រពៃណីទំនៀមទម្លាប់ និងទម្រង់សិល្បៈខ្មែរលើកទី៥» ដើម្បីត្រៀមខ្លួនបង្ហាញពីគុណតម្លៃនៃសិល្បៈខ្មែរ និងអបអរពិធីបុណ្យចូលឆ្នាំខ្មែរ ដែលខិតជិតចូលមកដល់នាពេលខាងមុននេះ។
កម្មវិធីនេះមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ ដែលនឹងប្រារព្ធទៅ នៅវត្តគោកអំពិល ផ្លូវ៦០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ការជ្រើសយកនូវឈ្មោះនេះ គឺមានបំណងចូលរូមថែរក្សានូវប្រពៃណីទំនៀមទម្លាប់ និង ទម្រង់សិល្បៈបុរាណរបស់ដូនតា បុព្វបុរសខ្មែរបានបន្សុលទុក ដើម្បីរំលេចអោយចេញជាទស្សនីយភាពដ៏ស្រស់ត្រកងដូចជា៖ ពិធីសំពះគ្រូ ពិធីរាប់បាត ពិធីស្រង់ព្រះរស់ ការសម្តែងល្ខោនខោល និងស្រមោលស្បែកធំ របាំគោះត្រឡោក របាំត្រុឌ របាំបុរាណ ល្បែងប្រជាប្រិយជាច្រើនទៀត។
កញ្ញា រិទ្ធី លំអរពេជ្រ សហស្ថាបនិក្រុម «ភ្លើងគប់» និងជាអ្នកគ្រប់គ្រងកម្មវិធី «បុណ្យភូមិ» បានបញ្ជាក់ ថា៖ «កម្មវិធីបុណ្យភូមិរៀបចំឡើងដើម្បីចូលរួមអបអរសាទរពិធីបុណ្យប្រពៃណីចូលឆ្នាំខ្មែរ ដែលខិតជិតមកដល់មុនមួយសប្តាហ៍ និងផ្តល់ភាពសប្បាយរីករាយតាមរយៈការលេងល្បែងប្រជាប្រិយការរាំរបាំប្រពៃណី ការបង្ហាញនូវទស្សនីភាពទម្រង់សិល្បះយីកេ និងទស្សនីយភាពជាច្រើនទៀតដែលមានលក្ខណះជាទំនៀមទម្លាប់របស់ដូនតាកាលពីមុននៅពេលបុណ្យប្រពៃណីចូលមកដល់»។
កញ្ញាបន្តថា៖ «ពិធីនេះនឹងមានការចូលរួមសម្តែងដោយយុវជន យុវនារី សិល្បករខ្មែរមួយចំនួន រួមគ្នាលើកយកនូវប្រពៃណីទំនៀមទម្លាប់ទាំងនោះ អោយចេញជារូបភាពថ្មី និងប្លែកអស្ចារ្យ ដើម្បដាក់បង្ហាញជូនដល់អ្នកដែលបានចូលរួមអោយបានស្គាល់ និងសរសើរពីភាពអស្ចារ្យទាំងនោះ»។

ពិសេសជាងនេះ ការរៀបចំបុណ្យភូមិនេះ គឺធ្វើឡើងដើម្បីអោយយុវជន ប្រជាពលរដ្ឋខ្មែរទាំងអស់ ក៍ដូចជាជាតិសាសន៍ដទៃ បានស្វែងយល់ពី ប្រពៃណី និងទម្រង់សិល្បៈរបស់ខ្មែរ ហើយរូមគ្នាថែរក្សា អភិរក្ស ដូចជាទម្រង់សិល្បៈល្ខោនយីកេ របាំបុរាណ ក៏ជាល្ខោនស្បែកតូចនិងស្បែកធំជាដើមនិងបន្តអោយកម្មវិធីនេះមានជារៀងរាល់ឆ្នាំ។
កញ្ញា លំអរពេជ្រ បន្ថែម៖ «ក្រៅពីកម្មវិធីពិសេសខាងលើ បុណ្យភូមិឆ្នាំ២០១៨នេះ មានកម្មវិធីជាច្រើនដូចជា៖ ការដើរមើលនៅតាមស្តង់ម្ហូបចំណីនានាៗ ដែលហៅបានថា ផ្សារបុណ្យភូមិ រួមទាំងការមានបង្រៀនធ្វើសម្ភារៈមួយចំនួនដូចជា គោមផ្កាយ ការបង្រៀនធ្វើនំអន្សមជាដើម»។
គួរបញ្ចាក់ថា មូលហេតុដែលនាំអោយមានកម្មវិធីនេះឡើង គឺដើម្បីចូលរួមបំផុសគំនិតរួមរួបកម្លាំងគ្នាជាធ្លុងមួយ ក្នុងនាមមោទនភាពជាតិខ្មែរ និងបណ្តុះស្មារតី អភិរក្ស ស្រលាញ់នូវវប្បធម៌ ហើយបន្តថែរក្សាអោយបានគង់វង្សរហូតទៅ។ ការបង្កើតកម្មវិធីបុណ្យភូមិនេះ ក៏ស្ថិតក្នុងអត្ថន័យដែលចង់បង្ហាញពីស្មារតីសាមគ្គីភាពរបស់យុវជនខ្មែរ នៅពេលដែលពួកយើងទាំងអស់គ្នាស្រឡាញ់អ្វីមួយ យើងធ្វើរឿងនោះជុំគ្នា នោះអ្វីៗនឹងបានសម្រេច៕