ពលរដ្ឋ​សហគមន៍​ខេត្ដ​មណ្ឌលគិរីធ្វើ​សិប្បកម្មកែច្នៃពីឫស្សីដើម្បីលើកកម្ពស់ជីវភាព

0
568

ស្ទឹងត្រែងៈ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) ​កាលពី​សប្ដាហ៍​មុន​បានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ស្តីពី​ជំនាញ​សិប្បកម្ម​ផលិត​សម្ភារ​ប្រើប្រាស់​ដោយ​ដៃ​ធ្វើ​ពី​ឫស្សី​ក្នុង​ស្រុក​ដល់​ពលរដ្ឋ​ជា​ជន​បង្គោល​នៅក្នុង​សហគមន៍​ចំនួន​ ៩ ​នាក់​ស្ថិតនៅ​ភូមិ​ពូចារ​ និង​ភូមិ​ពូគង់ ឃុំ​ស្រែព្រះ ស្រុក​កែវសីមា ខេត្តមណ្ឌលគិរី ដើម្បី​កសាង​សមត្ថភាព​ប្រជាសហគមន៍​ក្នុង​ការបង្កបង្កើន​ចំណូល​ដោយ​ខ្លួនឯង​បន្ថែម​។

លោក កែន សិរីរដ្ឋា WCS បាន​ថ្លែងកាលពី​ថ្ងៃ​អង្គារទី២៤ ខែមីនានេះ​​ថា វគ្គ​បណ្តុះបណ្តាល​នេះ​មាន​រយៈពេល​ ៥ ​ថ្ងៃ​ទទួល​បាន​ការគាំទ្រ​ពី​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID ក្រោម​គម្រោង​អភិរក្ស​ដែនជម្រក​សត្វព្រៃ​កែវសីមា​រយៈពេល​ ៣ ​ឆ្នាំ​រហូតដល់​ឆ្នាំ​ ២០២១​។

លោក​ថ្លែងថា​៖ «​ការបណ្ដុះបណ្ដាល​នេះ​មាន​គោលបំណង​កសាង​សមត្ថភាព​ប្រជាសហគមន៍​នៅ​ក្នុងភូមិ​ពូចារ និង​ភូមិ​ពូគង់​ដែល​ស្ថិតនៅ​ក្បែរ​ដែនជម្រក​សត្វព្រៃ​កែវសីមា​។ ក្នុងអំឡុងពេល​បណ្តុះបណ្តាល​អ្នកចូលរួម​ទាំងអស់​បាន​អនុវត្ត​តាម​ទ្រឹស្តី​ដោយ​សាកល្បង​ផលិត​សម្ភារ​ប្រើប្រាស់​មួយចំនួន​ដែល​អាច​យកទៅ​លក់​នៅ​ទីផ្សារ​បាន​ដើម្បី​បង្កើន​ចំណូល​ក្នុង​សហគមន៍​ក្នុងនោះ​មាន កំសៀវទឹក និង​ពែងតែ កែវទឹកធំ​មាន​ដៃ ប្រអប់​ដាក់​ក្រដាស​ជូត​មាត់ ប្រអប់​ដាក់​ប៊ិក និង​ជើងទ្រ​ទូរស័ព្ទ​ស្មាតហ្វូន ជាដើម​»​

លោក​ថ្លែងថា ការលើក​កម្ពស់​ជីវភាព​រស់នៅ​របស់​សហគមន៍​មូលដ្ឋាន​ប្រកប​ដោយ​ចីរភាព និង​ការស្តារ​ព្រៃ​ឫស្សី​ឡើងវិញ​នៅក្នុង​ដែនជម្រក​សត្វព្រៃ​កែវសីមា គឺជា​សមាសភាគ​មួយ​ក្នុង​ចំណោម​សមាសភាគ​ជាច្រើន​ក្រោម​គម្រោង​អភិរក្ស​ដែនជម្រក​សត្វព្រៃ​កែវ​សីមា​នេះ​។

លោក កែន សិរីរដ្ឋា បញ្ជាក់​ថា ជំហាន​បឋម WCS បាន​បណ្ដុះបណ្ដាល​ពលរដ្ឋ​ជា​ជន​បង្គោល​ចំនួន ៩ ​នាក់​ក្នុងនោះ​មាន​ស្ដ្រី​ម្នាក់ ដើម្បី​អាចឱ្យ​ពួកគាត់​យក​ជំនាញ​នេះ​ទៅ​បណ្ដុះបណ្ដាល ពង្រីក ដល់​ពលរដ្ឋ​ផ្សេងទៀត​នៅក្នុង​សហគមន៍​ដែល​ពួកគាត់​មាន​ចំណាប់​​អារម្មណ៍​រៀន​ជំនាញ​នេះ​។

លោក​ថ្លែងថា​៖ «​ជា​ប្រវត្ដិ​អស្ចារ្យ​មួយ​ដែលមាន​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ព្នង​ជា​​ស្ដ្រី​បាន​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ ព្រោះ​ជា​ទំនៀមទម្លាប់​បងប្អូន​ជនជាតិដើម​ភាគតិច​ព្នង ស្ដ្រី​គេ​មិនឱ្យ​មានការ​ចូលរួម​ជួបជុំ​ជាមួយ​បុរស​បែបនេះ​ទេ​។ ប៉ុន្ដែ​លើក​នេះ​គាត់​ចាប់​អារម្មណ៍ ទោះបី​ជា​លើក​នេះ​ទើប​តែមាន​ស្ត្រី​ម្នាក់​​ក៏ដោយ តែ​យើង​សង្ឃឹមថា វគ្គបណ្ដុះបណ្ដាល​លើក​ក្រោយៗ​ទៀត​នឹង​មាន​ស្ត្រី​ចូលរួម​រឹតតែ​ច្រើនជាង​មុន​»​

លោក សិរីរដ្ឋា បាន​ឲ្យ​ដឹងថា​តាមរយៈ​គម្រោង​នេះ​ពលរដ្ឋ​នៅក្នុង​ស្រុក​កែវសីមា​ចំនួន ២០ ភូមិ​នឹង​ទទួល​បាន​ផលប្រយោជន៍​ពី​គម្រោង​។ ក្រោយ​បញ្ចប់​គម្រោង WCS បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​ដែល​ទទួលបាន​ការបណ្ដុះ​បណ្ដាល​នេះ​ធ្វើ​ជា​សិប្បកម្ម​ខ្នាតតូច​មួយ​នៅ​សហគមន៍ ដើម្បី​អាច​យក​ផលិតផល-​សិប្បកម្ម​ដែល​ផលិត​នោះ​យកទៅដាក់​តាំង​លក់​នៅតាម​កន្លែង​ទេសចរណ៍ ភោជនីយដ្ឋាន និង​រមណីយដ្ឋាន​ផ្សេងទៀត​។

លោក​បន្តថា​៖ «​ផលិតផល​សិប្បកម្ម​ពី​ឫស្សី​ដែល​ពលរដ្ឋ​ផលិត​នេះ គឺ​ធ្វើ​ឡើង​ពី​ឫស្សី​ដែលមាន​ស្រាប់​នៅក្នុង​សហគមន៍​។ ឥឡូវ​យើង​បានឱ្យ​ពួកគាត់​ពង្រីក​ការដាំដុះ​ឫស្សី​ថែម​ទៀត ដើម្បី​កុំឱ្យ​ពឹងផ្អែក​តែ​លើ​ឫស្សី​ធម្មជាតិ​មាន​ស្រាប់​។ យើង​ឱ្យ​ពលរដ្ឋ​បង្កើតជា​ចម្ការ​ឫស្សី​សហគមន៍​ទុក​ធ្វើ​ជា​វត្ថុធាតុដើម​ក្នុងការ​ផលិត​ផលិតផល​នេះ​»​

លោក​ថា ​គម្រោង​នេះ​នឹង​ទទួលបាន​ជោគជ័យ​ដោយ​អាចឱ្យ​ពលរដ្ឋ​ផ្លាស់ប្ដូរ​ឥរិយាបថ​ពី​ការពឹងផ្អែក​ជីវភាព​លើ​ការប្រើប្រាស់​ធនធាន​ធម្មជាតិ ការធ្វើ​កសិកម្ម​ពនេចរ ការដុត​រាន​ព្រៃឈើ​ធ្វើ​ចម្ការ និង​ការបរបាញ់​សត្វព្រៃ​ជាដើម ហើយ​ភ្ជាប់​ផលលិតផល​សិប្បកម្ម​សហគមន៍​របស់​ពួកគាត់​មកកាន់​ទីផ្សារ​ដែល​កំពុង​ពេញនិយម​វិញ​។

លោក ងើម លូញ អនុប្រធាន​ក្រុម​ឫស្សី​ស្រែព្រះ នៅ​ភូមិ​ពូចា ឃុំ​ស្រែព្រះ បាន​ឲ្យ​ដឹងថា​៖ «​ពលរដ្ឋ​យើង​សប្បាយចិត្ដ​ក្រោយ​ទទួល​បាន​ការបណ្ដុះបណ្ដាល​ជំនាញ​នេះ ព្រោះ​កន្លងមក​ពលរដ្ឋ​យើង​ពឹងផ្អែក​តែ​លើ​ការធ្វើ​ស្រែ ចម្ការ និង​អាស្រ័យ​លើ​អនុផល​ព្រៃឈើ​ប៉ុណ្ណោះ​»​

លោក នេត្រ ភក្ត្រា អ្នក​នាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា​៖ «​ការបង្កើត​នូវ​មុខរបរ ស្វែងរក​នូវ​ទីផ្សារ​សម្រាប់​ប្រជាសហគមន៍​នេះ គឺជា​កិច្ចការងារ​មួយ​គិត​អំពី​ការអភិវឌ្ឍ​សហគមន៍​មូលដ្ឋាន​។ គោលនយោបាយ​របស់​ក្រសួងបរិស្ថាន​ធ្វើ​យ៉ាងម៉េច គឺ​បង្កើត​នូវ​មុខរបរ​ថ្មី ចំណូល​ថ្មី ដោយ​កាត់ផ្ដាច់​ពី​ការ​ពឹងពាក់​ទៅលើ​អនុផល និង​ផល​ព្រៃឈើ​របស់​ប្រជាសហគមន៍​នាពេល​កន្លងមក​។ ការពង្រីក​ចំណូល​ដល់​ប្រជាសហគមន៍​នេះ​គឺជា​របង​ដើម្បី​ការពារ​ធនធានធម្មជាតិ​»