ពេលទៅលេងភ្នំបូកគោ កុំភ្លេចចូលគោរពបួងសួងសុំសេចក្តីសុខនៅវត្តសំពៅប្រាំ

0
1420

ខេត្តកំពត៖ វត្តសំពៅ៥ មានទីតាំង នៅលើខ្ពង់រាប នៃភ្នំបូកគោ ក្នុងពពួកភ្នំកំចាយ ពីដើមនៅក្នុង ឃុំកោះតូច ស្រុកកំពត ខេត្តកំពត ប៉ុន្តែសព្វថ្ងៃ គេបានកាត់ចេញ ទៅជាបុរីមួយ ដោយមានការគ្រប់គ្រង ដោយឡែកពីខេត្តកំពត។ សព្វថ្ងៃ គេសង់ផ្លូវថ្នល់កៅស៊ូ លូនក្រវេចក្ររៀនតាមចង្កេះភ្នំ មានចម្ងាយចាប់តាំងពីត្រង់ ផ្លូវបំបែក ពីផ្លូវ ជាតិលេខ៣ (ផ្លូវកំពត-វាលរេញ) ទៅកំពូលភ្នំ ចំនួន ៣២គ.ម។

ដើមឡើយ នៅជំនាន់អាណានិគមបារាំង មានគណមន្ត្រីគ្រប់គ្រង ប្រទេសខ្មែរមួយរូប ឈ្មោះ លោកហ្វ្រង់ស្វា-បូដ្វាំង បានមកដល់ទីនេះ ហើយបានឃើញទិដ្ឋភាពស្រស់ស្អាត នៅកំពូលភ្នំបូកគោ ក៏ ចាត់អោយមាន ការកសាង ជាមណ្ឌលកំសាន្ត សម្រាប់ជនជាតិអឺរុប ដោយមានសង់ផ្លូវថ្នល់រថយន្ត ឆ្ពោះទៅខ្ពង់រាបនោះ នៅឆ្នាំ១៩២៥។

ក្រោយមក គេបាន កសាងអារាមមួយ ដោយមាន ព្រះវិហារតូចមួយ និងចេតិយមួយបន្ថែមទៀត។ សំណង់វត្តនេះ ស្ថិតនៅលើដីខ្ពស់ ដោយមានផែនថ្មធម្មជាតិ ជាផ្ទាំងបន្ទះធំៗ ប្រមាណជាង១០ម និង កម្រាស់ជាង១០ម នៅពាសរាយក្នុងមណ្ឌលនេះ នៅតំរៀបគ្នា ជា៥សន្លឹក មានសណ្ឋានដូចក្តោងសំពៅត្រដាង ទើបគេនាំគ្នា សន្មតនាមវត្តនេះថា ជា “វត្តសំពៅ៥ ” ។

រឿងព្រេងនិទាន ទាក់ទងនឹងវត្តសំពៅ៥៖

កាលពីព្រេងនាយ មានស្តេចមួយអង្គ នាមព្រះថោងជារាជបុត្រច្បង ព្រះចៅគ្រប់គ្រងនគរ។ មានថ្ងៃមួយ ព្រះថោង កើតចិត្តតុញតុះទើសទាល់ ដោយឃើញ បិតារបស់ខ្លួន ទំយើជំទើត អនុជពៅ ក៏បានចាកចេញពីរាជវាំង ធ្វើដំណើរលំហែកាយ ហើយក៏បាន ទៅដល់ឆ្នេរខ្សាច់មួយ មានដើមធ្លកមួយដើមដុះនៅទីនោះ ក៏បញ្ឈប់ពលរេហ៍ ទាំង៥០០នាក់ បោះពន្លា នៅក្រោមដើមធ្លកនោះ សម្រាកលេងសម្រួលអារម្មណ៍។

លុះព្រលឹមស្វាងឡើង ព្រះថោង បានងើបដើរលំហែកាយ តាមមាត់សមុទ្រ តែម្នាក់ឯង ស្រាប់តែឮសំលេងមនុស្សសើចខ្ញៀវខ្ញា។ លុះព្រះអង្គយាងទៅជិត ក៏បានជួបនាងនាគ ដែលកំពុង នាំភិលៀង មកកំសាន្តឆ្នេរសមុទ្រនោះដែរ។ ក្រោយមក ទាំងគូក៏ចាប់ចិត្តប្រតិព័ទ្ធស្នេហា ចំពោះគ្នាទៅវិញទៅមក ហើយព្រះថោង ក៏ស្មគ្រចិត្ត តោងកន្ទុយនាគ ជ្រែកទឹកទៅឋានភុជង្គនាគ ដើម្បីជួបជាមួយ បិតាមាតាក្មេក។ រយៈ៧ថ្ងៃ ក្រោយមក ព្រះថោង ក៏សូមលាមាតាបិតាក្មេក នាំមហេសី មកឋានមនុស្សវិញ។

កាលនោះ ព្រះបាទភុជង្គនាគ បានរៀបចំ អោយមានការដង្ហែហែហម នូវ ទ្រព្យមានតំលៃ ចំនួន៥សំពៅ។ ហើយសំពៅទាំង៥នោះ បាននាំ ព្រះថោងនាងនាគ មកដល់មាត់សមុទ្រទីដើម ដែលគេបានជួបគ្នានោះវិញ។ ក្រោយមក សំពៅទាំង៥នោះ ក៏ត្រូវគេបញ្ឈរទុក សម្រាប់ព្រះថោងនាងនាគ យាងក្រសាល សម្រួលចិន្តា ក្រោយពីព្រះអង្គយាងត្រលប់ចូលនគរ។

អស់ចំណេរកាលយូរក្រោយមកទៀត ទឹកសមុទ្រក៏កាន់តែស្រកឆ្ងាយទៅ ហើយ រីឯដីវិញក៏កាន់តែដុះខ្ពស់ឡើងៗ។ សំពៅទាំងប្រាំនោះ ក៏កឿងនៅជាប់នឹងច្រាំង ហើយក៏ក្លាយទៅជាថ្ម លិចបាត់តួសំពៅទៅក្នុងដី នៅសល់តែក្តោងទាំង៥ ដែលគេឃើញ នៅសល់សព្វថ្ងៃនេះ។

ខាងលើនេះ គ្រាន់តែជារឿងព្រេងប្រតិស្ឋ ដែលគេនិទានលេង តៗគ្នា សម្រាប់អោយក្មេង រៀនផ្តិតទឹកចិត្ត និង អារម្មណ៍ ជាមួយទឹកដីបូកគោ និងវត្តសំពៅ៥នេះ។

យោងតាមការស្រាវជ្រាវថ្មីនេះ វត្តសំពៅ៥ ជាវត្តថ្មីមួយ ដែលសង់ឡើង នៅឆ្នាំ១៩២៤ ជំនាន់ ព្រះបាទស៊ីសុវត្ថិមុនីវង្ស ស្របពេលនឹង ការស្ថាបនា តំបន់បូកគោ ដោយមន្ត្រីបារាំង ដើម្បី ធ្វើជាទីលំហែ។

កាលនោះ មន្ត្រីបារាំង បានថ្វាយទីកន្លែងមួយ សម្រាប់សង់ ដំណាក់ស្តេច ដើម្បីលំហែកាយ មួយខ្នងដែរ។

ប្រភព: Everyday