បច្ចុប្បន្នភាព វត្តមានសត្វត្មាតភ្លើង និងសត្វផ្សេងទៀត (Video)

0
318
ដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា៖ អមជាមួយនឹងក្តីរំភើបរីករាយឥតឧបមា ក្រុមអ្នកវិទ្យាសាស្រ្តផ្នែកស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថាន ដោយមានការគាំទ្រពីអង្គការ WWF បានផ្តល់
របាយការណ៍កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នេះ ដោយបញ្ជាក់ថាពួកគេបានប្រទះឃើញ
ត្មាតភ្លើងចំនួន០៧ក្បាល និងបានឃើញមាន់ព្រៃចំនួន០៥ក្បាល ។គួរបញ្ជាក់ផងដែរថា នេះជាលើកទីមួយហើយដែលចំនួនត្មាតភ្លើងមានចំនួនកើនឡើងក្រោយពីបាត់វត្តមានអស់រយៈពេលពីរឆ្នាំ ដែលពីមុនមកយើងបានឃើញ ០៥ក្បាល ឬ ០៦ក្បាលប៉ុណ្ណោះ។
ត្មាតភ្លើង (Red headed vulture ) ៖ វាមានរោមដងខ្លួនពណ៌ក្រមៅ និងក្បាលស្មើតែគ្មានរោម (គឺមានតិចបំផុត ) ដោយបញ្ចេញស្បែកក្បាល និងកពណ៌ក្រហមដូចភ្លើង រួមទាំងបន្ទះស្បែកអមថ្ពាល់ដូចស្លឹកត្រចៀកទាំងសងខាងផងក៏ពណ៌ក្រហមដែរ។ វាទម្ងន់ចន្លោះពី៣,៥០ គ.ក្រដល់៦,៣០គ.ក្រ វាមានបណ្តោយដងខ្លួនប្រមាណ ០,៧៦ម ដល់ ០,៨៦ម និងមានប្រវែងពីចុងស្លាបម្ខាងទៅដល់ចុងស្លាបម្ខាងទៀត២ម.ដល់២,៦០ម នៅពេលវាលាតសន្ធឹងស្លាបហើរ។ វាជាបក្សីមានមាឌទាបកន្តាញ ដោយមានកម្ពស់របស់វាប្រមាណជា០,៦០ម ទៅ០,៧០ម ប៉ុណ្ណោះ។ ត្មាតភ្លើងជាប្រភេទត្មាត ដែលអ្នកស្រុកជនជាតិអាស៊ី មួយចំនួនធំបានចាត់ទុកជាមេត្មាត ឬមេហ្វូង ឬហៅថាស្តេចត្មាត ។
តាមការអង្កេតតាមដានសកម្មភាពរបស់វានៅក្នុងធម្មជាតិ ត្មាតភ្លើង ពេលវាដើរផ្ទាល់ដី វាមានដំណើររាងបើកដើមស្លាបជានិច្ច ( ឬហៅថាដំណើររបៀបកាងស្លាប ឬថាដើរពើងទ្រូង ) ឥរិយាបទរបស់វាបង្ហាញពីភាពមិនខ្លាចគេ ជាមេគេ ហើយត្មាតប្រភេទផ្សេងៗទៀតក៏ពុំសូវហ៊ានប្រឈមតទល់នឹងវាដែរ រីឯពេលវាស៊ីចំណីអាហារទៀតសោត ក៏វាពុំដែលចុះមកដណ្តើមគេស៊ីពីគ្រាដំបូងដែរ វាច្រើនតែទុកពេលអោយត្មាតផ្សេងៗទៀតស៊ីមួយសន្ទុះសិន ទើបវាចុះមកស៊ីតាមក្រោយ នេះទំនងជាវាគិតពីសុវត្តិភាពនៅទីនោះ រួមទាំងការពុលចំណីអាហារផងក៏អាចថាបាន ពេលដែលវាចុះមកស៊ីចំណីហើយ ភាគច្រើនត្មាតឯទៀតក៏តែងទុកចន្លោះកន្លែងអោយវាចូលស៊ីជានិច្ច។