ទស្សនា​សួនផ្កា និង​ថ្នាល​បន្លែ​បណ្ដែត​ទឹក​បឹង​នៅ​មីយ៉ាន់ម៉ា

0
1393
ការ​រៀបចំ​ចម្ការ​បណ្ដែត​ទឹក ទាមទារ​ការ​ប្រើប្រាស់​កំប្លោក ស្មៅ និង​ពូនដី​ជា​ជួរៗ នៅ​លើ​ផ្ទៃ​បឹង​អ៊ីឡេ។

ក្រុងយ៉ាំងហ្គោន: ដំណាំ​ក្នុង​សួន​ភាគ​ច្រើន​សុទ្ធ​តែ​ដាំ​ជាប់​នឹង​ដី គ្រាប់​ពូជ​បន្លែ​ជាប់​កប់​ក្នុង​ផែនដី។ ប៉ុន្ដែ​សហគមន៍​រស់នៅ​ជុំវិញ​ផ្ទៃ​បឹង តោង​យី បឹង​អ៊ីឡេ (Inle Lake) ប្រទេស​មីយ៉ាន់ម៉ា បាន​ប្រើ​បច្ចេកទេស​ប្លែក​ក្នុង​ការ​ដាំដុះ​ដំណាំ​របស់​ពួកគេ។

សួនផ្កា​ចម្រុះ​ពណ៌ និង​ថ្នាល​ដំណាំ​បៃតង​លូតលាស់​ជា​ជួរៗ ខណ្ឌ​ចែក​ដោយ​ទឹក​បឹង ពិតជា​ទេសភាព​មួយ​ដ៏​កម្រ​មាន​នៅ​ទឹកដី​អាស៊ី​អាគ្នេយ៍។ ដោយ​មិន​ចង់​ពឹង​អាស្រ័យ​ខ្លាំង​លើដី ប្រជាជន​អាស្រ័យ​ជម្រក​លើ​បឹង អ៊ីឡេ ដ៏​ល្បី​ល្បាញ បាន​ច្នៃ​ផលិត​សួន​បណ្ដែត​ជា​ច្រើន​ផុត​ផ្ទៃ​ទឹក។

ថ្នាលបន្លែលូតលាស់ខ្ពស់ត្រូវបានចងភ្ជាប់នឹងបង្គោលឫស្សី។

បឹង​ទឹកសាប​ដ៏​ធំ​សម្បើម​ប្រមាណ​មួយ​ភាគបី ដែលជា​ប្រភព​ទឹក​ដ៏​បំផុត​លំដាប់​ទី ២ របស់​ប្រទេស​មីយ៉ាន់ម៉ា ត្រូវបាន​ក្រាល​ដោយ​សួន​រុក្ខជាតិ​ដ៏​ច្នៃ​ប្រឌិត។ ប៉ុន្តែ​កិច្ចការ​បង្កើត​ចម្ការ​ផ្កា និង​ដំណាំ ផុស​លើ​ផ្ទៃ​បឹង​នេះ​គឺ​មិន​ងាយ​ស្រួល​ឡើយ។ ប្រជាកសិករ​ត្រូវ​ប្រមូល​កំប្លោក និង​រុក្ខជាតិ​ដុះ​បាត​បឹង​យក​មក​ក្រង​ធ្វើ​ទ្រនាប់​ដី។

បន្ទាប់មក​ពួកគេ​ជីក​ប្រមូល​ដី​ពី​បាត​បឹង​មក​ពូន​លើ​ទ្រនាប់​ធ្វើ​ពី​កំប្លោក និង​រុក្ខជាតិ​បាត​បឹង រួច​ចង​ជាប់​នឹង​ក្បូន​ឫស្សី​ធំ មុន​នឹង​វា​ត្រូវបាន​ជាន់​ពន្លិច​ចូល​បាត​បឹង។ បន្ទាប់​មក ទៀត​ពួកគេ​បន្ថែម​ស្មៅ​លើ​ទឹក​ច្រើន​ស្រទាប់ និង​រៀប​ជា​រង​មុន​ពេល​ដាំ​បន្លែ។

ចម្ការ​ផ្កា​លើ​ទឹក ដែល​អណ្ដែត​ឡើង​ចុះ​តាម​កម្ពស់​ទឹក​ ធន់​នឹង​ជំនន់​។

ប្រជាកសិករ​ត្រូវ​ជ្រួយដី​ដាក់​ជីរ​ពីលើ​ទូក រួច​ដក​ដំណាំ​ពី​ដី​ដែល​កំពុង​អណ្ដែត​ឡើង​ចុះ​តាម​រលក​ទឹក។

ប៉េងប៉ោះ​គឺជា​ដំណាំ​បន្លែ​គ្រប់​រដូវ​ដែល​ផ្គត់ផ្គង់​ពី​សួន​បន្លែ​ដ៏​ចម្លែក​នេះ។ សួន​បន្លែ​ទាំង​នេះ​ពិតជា​ស្រស់​ស្អាត ហើយ​វា​បាន​រំលេច​សម្រស់​បៃតង​ខ្ចី​រហូត​ដល់ ៩០ ភាគរយ​នៃ​ផ្ទៃ​បឹង។

ដោយ​អាស្រ័យ​លើ​រដូវ ប្រជាកសិករ​ក៏​អាច​ប្រមូល​ផល​សណ្ដែក ត្រសក់ ផ្កា និង​ត្រឡាច​ជាដើម។ តាម​ធម្មជាតិ បន្លែ​មើម​ដូចជា ការ៉ុត ខ្ទឹម ឬ​ឆៃថាវ ពិបាក​រស់ក្នុង​សណ្ឋាន​ដី​ដ៏​តិច​តួច​បែប​នេះ​ណាស់។

ការ​អនុវត្ដ​កសិកម្ម​លើ​ផ្ទៃ​បឹង​នេះ ត្រូវបាន​សន្មត​ថា បាន​ធ្វើ​ឡើង​តាំង​ពី​សតវត្សរ៍​ទី ១៩ មុន​ពេល​រីកសាយ​ភាយ​ខ្លាំង​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៦០។

ទោះបីជា​វិធីសាស្ដ្រ​កសិកម្ម​អ​ប្រក្រតីភាព​នេះ​ជួយ​ជំរុញ​សេដ្ឋកិច្ច​តំបន់​យ៉ាងណា​ក៏ដោយ ក៏​ពលរដ្ឋ​ចាប់ផ្ដើម​កើត​កង្វល់​ថា ជីរ​គីមី ថ្នាំ​សម្លាប់​សត្វ​ល្អិត និង​បរិមាណ​ដ៏​លើស​លប់​នេះ​កំពុង​តែ​បំផ្លាញ​ដល់​ជីវៈចម្រុះ​ធម្មជាតិ​លើ​ផ្ទៃ​បឹង​អ៊ីឡេ​ផងដែរ៕

ប្រភព៖ ភ្នំពេញបុស្ដិ៍