កសិករដាំឪឡឹកវៀតណាម កំពុងទឹកភ្នែក ខណៈតម្លៃលើទីផ្សារបានធ្លាក់ចុះយ៉ាងគំហុក

0
914

វៀតណាម៖ កសិករដាំឪឡឹកនៅក្នុងខេត្ត Quang Nam និងខេត្ត Quang Ngai កំពុងកើតទុក្ខខ្លាំង ក្នុងការរកទីផ្សារ ដើម្បីលក់រកប្រាក់ចំណូលមកវិញ ខណៈតម្លៃទីផ្សារឪឡឹកបានធ្លាក់ចុះ​មកត្រឹមតែ ៨០០​រៀល ទៅ ១២០០​រៀល ​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម។

ការធ្លាក់ចុះនេះ បានធ្វើឱ្យទិន្នផលឪឡឹកជិត ៥ពាន់តោន នៅក្នុងស្រុក Phu Ninh ខេត្ត Quang Nam និងស្រុក Binh Son នៃខេត្ត Quang Ngai  នៅសល់ពាសពេញចម្ការ។

ជាមួយគ្នានេះ កសិករនៅភូមិ Tam Phuoc ស្រុក Phu Nam ខេត្ត Quang Nam ម្នាក់បាននិយាយថា ការប្រមូលទិន្នផលឪឡឹកនៅឆ្នាំនេះ គាត់រំពឹងថានឹងបានតម្លៃខ្ពស់ល្អ ប៉ុន្តែបែរជាធ្លាក់ថ្លៃទៅវិញ​ ហេតុនេះបានធ្វើឱ្យលោក ពិតជាខាតបង់ធ្ងន់ធ្ងរណាស់។

ទន្ទឹមនឹងនេះ លោក Nguyen Ngoc Anh នៅស្រុក Phu Ninh បានឱ្យដឹងថា លោកបានចំណាយប្រាក់ ៥ លានដុង លើថ្លៃពលកម្ម និងជីសម្រាប់ចម្ការរបស់ខ្លួន ដែលមានទំហំ ៣ពាន់ ម៉ែត្រការ៉េ ប៉ុន្តែគាត់អាចប្រឈមនឹងការខាតបង់យ៉ាងខ្លាំង ព្រោះតែតម្លៃឪឡឹកថោកពេក។

ពាក់ព័ន្ធនឹងរឿងនេះដែរ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បាន​បញ្ជាក់​ថា ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ឪឡឹក​នេះ ដោយសារ​ការ​ប្រមូល​ទិន្នផល​ឪឡឹក​របស់​កសិករ​វៀតណាម គឺ​ស្រប​គ្នា​ជាមួយ​នឹង​ប្រទេស​ចិន ដែល​ជា​ទីផ្សារ​ចម្បងមួយរបស់វៀតណាម ក្នុងការនាំចេញឪឡឹក៕