រដូវសាវម៉ៅចូលមកដល់ សាវម៉ៅវៀតណាមនាំចូលកម្ពុជា និងប្រទេសជិតខាង ឡើងថ្លៃឥតឈប់

0
1720

តម្លៃសាវម៉ៅវៀតណាមក្នុងខេត្តបិនទ្រី ដែលជាតំបន់ដាំដុះធំជាងគេ ចាប់ផ្តើមឡើងថ្លៃគ្រាក់ៗ ស្របពេលដើមរដូវចូលមកដល់ ជាពិសេសតម្លៃនេះបានឡើងថ្លៃផ្ទួនៗរយៈពេលពីរឆ្នាំជាប់គ្នា ។

ប្រភពសារព័ត៌មានវៀតណាម Vienamnews ឲ្យដឹងថា ជាធម្មតាការប្រមូលផលធ្វើឡើងនៅខែមិថុនារៀងរាល់ឆ្នាំ ដែលផ្លែឈើទាំងនេះត្រូវបាននាំចូលមកទីផ្សារកម្ពុជា ចិន សហព័ន្ធអារ៉ាបរួម សហភាពអ៊ឺរ៉ុប និងទីផ្សារប្រទេសផ្សេងៗទៀត ។

រដូវកាលដើមដៃនេះ ឈ្មួញបានទិញសាវម៉ៅពីកសិករក្នុងតម្លៃ ៦០០០០ ដុង ឬ ២.៦ ដុល្លារ ក្នុងមួយគីឡូក្រាម កើនឡើងលើខែមុខ ២០០០០ ដុង ។

អ្នកស្រី ហូយធីឌីម កសិករនៅខេត្ត បិនទ្រី ឲ្យដឹងថា ថ្មីៗនេះអ្នកស្រីទើបតែប្រមូលផលចំណេញប្រមាណ ១៥៤០០ ដុល្លារ លើផ្ទៃដី ២៥០០ ម៉ែត្រការ៉េ ពីប្រភេទសាវម៉ៅសាច់ស្ងួត ឬខ្មែរយើងហៅថា សាវម៉ៅបក និងសាវម៉ៅធម្មតា ១០០០ ម៉ែត្រការ៉េ ។

អ្នកស្រីបញ្ជាក់ថា អ្នកស្រីអាចប្រមូលផលសាវម៉ៅបាន ២.៥ តោន លើផ្ទៃដី ១០០០ ម៉ែត្រការ៉េ ។

កសិករភាគច្រើនលើកឡើងថា បើពិចារណាលើតម្លៃប៉ុននេះ ពួកគេមានសង្ឃឹមនឹងដាំសាវម៉ៅបន្តនៅឆ្នាំក្រោយៗទៀត ។

តែទោះជាយ៉ាងណា នាយកដ្ឋានកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បញ្ជាក់ថា កសិករមិនគួរបង្កើនការផលិតច្រើនពេកនៅដើមរដូវនេះទេ ខណៈការផលិតច្រើនពេកនាំឲ្យបាត់បង់អាហាររូបត្ថម្ភនៅក្នុងដីទៅវិញ ។

នាយកដ្ឋានកសិកម្ម ក៏ឲ្យដឹងថា ខេត្តបិនទ្រី មានផ្ទៃដីដាំសាម៉ៅច្រើនជាង ៥០០០ ហិចតា ហើយកសិករលើសពី ៤០% នាំគ្នាដាំសាវម៉ៅនៅដើមរដូវ ។

គួរបញ្ជាក់ថា បិនទ្រី គឺជាខេត្តដែលដាំសាវម៉ៅច្រើនជាងគេ ប៉ុន្តែដីនៅទីនេះមិនទាន់បានកែច្នៃឡើងវិញតាំងពីការជ្រាបទឹកប្រៃនៅឆ្នាំ ២០១៦ មកម្លេះ៕