វៀតណាមថាឆ្នាំនេះ គ្រាប់ស្វាយចន្ទីខ្មែរអាចមានតម្រូវការខ្ពស់ ព្រោះវៀតណាមឈប់ទិញពីអាហ្រ្វិច

0
1058

ភ្នំពេញ៖ បន្ទាប់ពីសមាគមន៍គ្រាប់ស្វាយចន្ទីវៀតណាម ប្រកាស់ថាឈប់ទិញគ្រាប់ស្វាយចន្ទីពីអាហ្វ្រិក ដោយសារបញ្ហាតម្លៃកើនឡើង វៀតណាមអាចនឹងទិញចូលពីខ្មែរច្រើនជាងមុន ។

ថ្លែងក្នុងសន្និសិទស្តីពីវិស័យគ្រាប់ស្វាយចន្ទីនៅទីក្រុងហូជីមិញ កាលពីសប្តាហ៍មុននេះ លោក Dang Hoang Giang អគ្គនាយករងសមាគមន៍គ្រាប់ស្វាយចន្ទី លើកឡើងថា តម្លៃគ្រាប់ស្វាយចន្ទីនៅអាហ្វ្រិកបានកើនឡើងពី ៣០-៤០% គិតជាទឹកប្រាក់ប្រហែល ១៩៥៦ ដុល្លារក្នុងមួយតោនជាមធ្យម កាលពីឆ្នាំមុន ខណៈដែលតម្លៃនៅលើទីផ្សារអន្តរជាតិកើនឡើងបានតែ ១០-១៥% ប៉ុណ្ណោះ ។

តាមសារព័ត៌មាន vietnamnews ឲ្យដឹងថា ដើមខែឆ្នាំនេះតម្លៃគ្រាប់ស្វាយចន្ទីបានកើនឡើងដល់ ២០០០ ដុល្លារក្នុងមួយតោន ហើយបើពួកគេទិញក្នុងតម្លៃប៉ុននេះ ពួកគេអាចនឹងត្រូវខាតលុយបន្ទាប់ពីកែច្នៃហើយ ។

លោក Giang ក៏បានឲ្យដឹងទៀតថា កាលពីឆ្នាំមុនដោយសារផលិតភាពគ្រាប់ស្វាយចន្ទីនៅវៀតណាមបានធ្លាក់ចុះ ដូចច្នោះវៀតណាមបាននាំចូលគ្រាប់ស្វាយចន្ទីប្រមាណ ១.៣ លានតោន ដើម្បីផ្គត់ផ្គង់ការនាំចេញទៅទីផ្សារអន្តរជាតិ ។

ចំណែកលោក​ Ta Quang Huyen អគ្គនាយកក្រុមហ៊ុនវៀតណាម Hoàng Sơn 1លើកឡើងថា ឆ្នាំនេះគេត្រូវការនាំចូលគ្រាប់ស្វាយចន្ទីស្រស់ចន្លោះពី ៩៥ ម៉ឺនតោន ទៅ ១លានតោនប៉ុណ្ណោះ ប៉ុន្តែការផ្គត់ផ្គង់ពីកម្ពុជាអាចនឹងមានការកើនឡើងយ៉ាងខ្លាំង ដើម្បីជំនួសឲ្យការឈប់នាំចូលពីអាហ្វ្រិក ។

ជាមួយគ្នានេះវៀតណាមក៏បានធ្វើការជាមួយក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទកម្ពុជា ដើម្បីអភិវឌ្ឍន៍ដំណាំស្វាយចន្ទី និងបង្កើនការនាំចេញឲ្យបាន ១ លានតោននៅរយៈពេល ១០ ឆ្នាំខាងមុខ ខណៈដែលសមាគមន៍វៀតណាម ជាអ្នកផ្តល់ពូជ បច្ចេកទេស និងជាអ្នកទទួលទិញពីកម្ពុជាផងដែរ ។

គួរបញ្ជាក់ថា វៀតណាមគឺជាប្រទេសដែលផលិតនិងនាំចេញគ្រាប់ស្វាយចន្ទីធំជាងគេទៅកាន់ទីផ្សារពិភពលោក ប្រមាណ ៦០% នៃទីផ្សារសរុប ក្នុងនោះវៀតណាមបានទិញគ្រាប់ស្វាយចន្ទីពីក្រៅស្រុកចំនួន ៣២ ប្រទេស រួមទាំងកម្ពុជាផងដែរ ។

ឯកសារ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទបាន​ឱ្យ​ដឹង​ថា កម្ពុជា​គឺជា​ប្រទេស​មួយ​ដែល​មាន​សក្ដានុ​ពល​ខ្ពស់​​​លើ​​​ផលិតកម្ម​គ្រាប់ស្វាយចន្ទី ហើយ​ស្វាយចន្ទី គឺ​ជា​ដំណាំ​ផ្ដល់​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន។ក្រៅ​ពី​សាច់ និងគ្រាប់​ដែល​គេ​យក​ទៅ​បក​សម្បក​ហើយ​លីង​សម្រាប់​ធ្វើ​ម្ហូប​អាហារ​ផ្សេងៗ​នោះ ផ្លែ​របស់​វា គេ​អាច​យក​ទៅ​កែច្នៃ​ធ្វើជា​អាហារ​បាន​ច្រើន​ថែម​ទៀត​ផង ដូចជា ទឹក​ផ្លែឈើ ដំណាប់ ទឹកខ្មេះ និង​ទទួល​ទាន​ផ្ទាល់​តែ​ម្ដង​​ក៏បាន។តំបន់​សំខាន់ៗ​ដែល​ផលិត​ស្វាយចន្ទី និង​ដាំ​ដុះ​ស្វាយចន្ទី​នៅក្នុង​កម្ពុជា គឺ​ស្ថិត​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ដូចជា ខេត្ត​កំពង់ចាម រតនគិរី មណ្ឌលគិរី ក្រចេះ កំពង់ធំ កំពត កោះកុង និង​ខេត្តកំពង់ស្ពឺ ជាដើម​៕