អស្ចារ្យ!​ និស្សិតខ្មែរវ័យ​ក្មេង​ ២រូបកែច្នៃ​សំរាមប្លាស្ទិកធ្វើ​ផ្លូវ ទទួលបានជយលាភី​ពី ប៊ូតាន លើកមុខមាត់ជាតិ

0
1319

និស្សិត​ស្រីវ័យ​ក្មេង​២​នាក់ បានជោគជ័យ​ចំណាត់​ថ្នាក់​លេខ​២​ ក្នុង​ការ​ប្រកួត​កម្មវិធី Mekong Business Challenge ថ្នាក់​តំបន់ លើក​ទី ១២ នៅ​ ប៊ូ​តាន​ កាលពី​ថ្ងៃ ១៧ មីនាឆ្នាំ ២០១៨។

Mekong Business Challenge គឺជា​ការ​ប្រកួតប្រជែង​គំរូ​ពាណិជ្ជកម្ម​ ក្នុង​តំ​បន់​មេគង្គ​ដោយ​មាន​ការចូលរួម​ពី​និ​ស្សិត​ ១១​ក្រុម​ មកពី​៥​ប្រទេស រួមមាន ប៊ូ​តាន កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម​។ ក្នុង​នោះ​ក្រុមនិស្សិត​ស្រី​ខ្មែរវ័យ​ក្មេង២​នាក់​ ដែល​ឈ្នះ​ជយលាភី​លេខ ២ នោះ​មាន​ឈ្មោះ លី សុកញ្ញា​ និង​ តាន់ ប៊ុន​ហ៊​ង់ ដែលលេខ​១ និង​លេខ៣ បាន​ទៅ​ក្រុម ប៊ូតាន ម្ចាស់​ផ្ទះ ។

“និយាយ​ទៅ​កាល​ឆ្នាំ ២០១៦ ខ្ញុំ​ និង​មិត្តភក្តិ (តាន់ ប៊ុន​ហ៊​ង់) បាន​ជួប​និយាយ​ ស្វែង​យល់​ពី​គ្នា​ ហើយ​ក៏​មានគំនិតបង្កើត​បាន​គម្រោង ម៉ាស៊ីន​រំលាយ​ជ័រ​ បន្ទាប់មក​ក៏​យក​ទៅ​ប្រកួត​នៅ​កម្មវិធី Cellcard Lab បាន​លេខ១ ទឹក​ប្រាក់​ ៥០០០ដុល្លារ។ ក្រោយ​មក​ពួកខ្ញុំ ​ចង់​ធ្វើ​អី​ដែល​ថ្មី ហើយ​ជា​ប្រយោជន៍​ដល់​សង្គម​ ចឹងក៏បាន​ពិភាក្សា​គ្នា​ធ្វើ​ សំរាមប្លាស្ទិក ក្រាលកៅស៊ូ​វិញ​ ហើយ​ក៏​វា​ទៅ​ប្រកួតនៅប៊ូតាន ម៉ងទៅ “។ និស្សិតឆ្នាំ​ទី៤ លី សុកញ្ញា បន្ថែម។

អ្វី​ដែល​ប្លែក ទាំង​ពីរ​នាក់​រៀន​ខុស​ជំនាញ​គ្នា ម្នាក់​រៀន​ផ្នែក​ជំនា​ញ​វិស្វកម្ម​សំ​ណង់​ស៊ីវិល​នៅ​សកល​វិទ្យា​ល័​យ​ហ្សា​ម៉ាន់ ម្នាក់​ទៀត​ រៀន​ផ្នែកជំនួញ​នៅ​សកល​វិទ្យា​ល័​យ អា​មេ​រិ​ចកាំង ភ្នំពេញ​។ ប៉ុន្តែ គម្រោង​មួយ​នេះ​បាន​រលូន ដោយសារ​​ជំនាញ​ខុស​គ្នានេះហើយ ព្រោះ​​ម្នាក់​ជា​អ្នក​ស្រាវ​ជ្រាវ ពាក់​ព័ន្ធ​នឹង​ គម្រោង ម្នាក់​ទៀត​ជា​អ្នក​ស្វែង​រក​ទី​ផ្សារ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពីនិស្សិតវ័យក្មេងអាយុ ២១ ឆ្នាំ​ខាង​លើ។

គោល​បំណង​នៃ​ការ​ប្រកួតប្រជែង Mekong Business Challenge នេះ គឺ​ដើម្បី​លើកកម្ពស់​សហគ្រិនភាព ក្នុង​ចំណោម​និស្សិត សាកល​វិទ្យា​ល័យនៅ​តំ​បន់​មេគង្គ និង​ដើម្បី​បើក​ដំណើរការ​អាជីវកម្ម​ថ្មី និង​វិនិយោគទុន​ស​ង្គ​ម​។​

គម្រោង អេកូ​ប្លា​ស្ទិក​ របស់​និស្សិត​វ័យ​ក្មេង​ទាំង​ពីរ ជា​គម្រោ​ង​ប្រកបដោយ​ភាព​ច្នៃប្រឌិត ដែល​កែច្នៃ​សំរាម​ប្លា​ស្ទិ​ក​សម្រាប់​កសាង​ផ្លូវថ្នល់​ និង​ផ្ទៃ​ផ្សេងៗ​ដែល​មាន​គុណភាព​ខ្ពស់ និង​ជាប់​បាន​យូរអង្វែង​។

មុនពេល​ឈាន​ចូលដល់​ការ​ប្រកួតប្រជែង​ក្នុង​តំបន់​នេះ សុក​ញ្ញា និង ប៊ុន​ហ៊​ង់ ក៏​បាន​ចូលរួម​ប្រកួតប្រជែង​វ​គ្គ​ដំបូង​ ដោយ​បាន​ មេដាយប្រាក់ នៅ​កម្ពុជា​​ដែល​មាន​ឈ្មោះ​ថា “Business Model Competition & Accelerator Program–Cambodia” ផង​ដែរ។

មុននឹង​ចេញ​ដំណើរ​ទៅ​ប្រកួត​នៅ​ប្រទេស​ប៊ូ​តាន​ ​ក្រុម​និស្សិត​ស្រី​មួយ​ក្រុម​នេះ ក៏​ទទួលបាន​ការចាប់អារម្មណ៍​ពីសំណាក់ ឯកឧត្តម​ទេសរ​ដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល ហើយ​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលជួប​ជាមួយ​ឯកឧត្ត​ម​ទេសរ​ដ្ឋម​ន្ត្រី នៅឯ​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន​។

ក្នុងនោះ ពួកគេ​ក៏​ទទួលបាន​ការអនុញ្ញាត​ឲ្យ​ចូល​ប្រើប្រាស់​ បន្ទ​ប់​ពិសោធន៍​របស់​ក្រសួង ​ដើម្បី​សាកល្បង​គុណភាព​បច្ចេកទេស​របស់​ពួកគេ​ មុន​ទៅ​ប្រកួត​នៅ​ប៊ូ​តាន​ផងដែរ​៕

​​ទស្សនា​វីដេអូ​ជំនួប​រវាង​ក្រុម Eco-Plastic និង​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល​៖​

ការកែច្នៃសំរាមផ្លាស្ទិច ទៅជាកៅស៊ូ AC

ការកែច្នៃសំរាមផ្លាស្ទិច ទៅជាកៅស៊ូ AC ធ្វើផ្លូវ របស់ក្រុមនិស្សិត ECO PLASTIC ជាគំនិតថ្នៃប្រឌិតដែល ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងចាប់អារម្មណ៍ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលក្រុមនិស្សិត ECO PLASTIC មកពី មូលនិធិហាប់ស្វែល រួមមានកញ្ញា លី សុកញ្ញា និស្សិតសាកលវិទ្យាល័យ ZAMAN និងកញ្ញា តាន់ ប៊ុនហ៊ង់ និស្សិតសាកលវិទ្យាល័យអាមេរិចកាំងភ្នំពេញ។ក្រុមមានគំនិតថ្នៃប្រឌិតវ័យក្មេងនេះ បានឈ្នះការប្រកួត កម្មវិធីគំនិតច្នៃបង្កើតថ្មីនៅកម្ពុជា (Business Model Competition) ដែលបានរៀបចំឡើងដោយសាកលវិទ្យាល័យជាតិគ្រប់គ្រង និង មូលនិធិ CIESF។ជាមួយគំនិតច្នៃប្រឌិតរបស់ពួកគាត់ នឹងផ្តល់អោយនូវអត្ថប្រយោជន៍ ដល់បរិស្ថានក្នុងការច្នៃនូវសម្រាមផ្លាស្ទិចមកប្រើប្រាស់ ផលិតជាកៅស៊ូក្រាលថ្នល់ប្រភេទ Asphalt Concrete មានគុណភាពខ្ពស់ជាប់យូរអង្វែង។បេក្ខនារីទាំងពីររូបនេះ នឹងក្លាយជាតំណាងកម្ពុជាដើម្បីទៅចូលរួមការប្រកួតវគ្គក្នុងតំបន់ នៅប្រទេសប៊ូតង់ នាពេលខាងមុខនេះ។ឯកឧត្តមទេសរដ្ឋមន្ត្រី សង្ឃឹមជឿជាក់ថា គំនិតច្នៃ របស់បេក្ខនារីទាំងពីររូបនេះ នឹងទទួលបានជោគជ័យនៅក្នុងកម្មវិធីប្រកួតប្រជែងជាបន្តបន្ទាប់។

Posted by ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT on Monday, 26 February 2018