ខេត្តកោះកុង៖ ក្រុមអ្នកអភិរក្សរបស់រដ្ឋបាលជលផល អង្គការ WCS និងប្រជាជនសហគមន៍ បានរកឃើញអណ្តើកហ្លួង ចំនួន១សំបុក មានពងចំនួន១៦គ្រាប់ នៅប្រព័ន្ធព្រែកស្រែអំបិល ស្ថិតនៅភូមិព្រះអង្គកែវ ស្រុកស្រែអំបិល ខេត្តកោះកុង នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក សោម ស៊ីថា ទីប្រឹក្សាបច្ចេកទេសគម្រោងអភិរក្សប្រចាំខេត្តកោះកុងនៃអង្គការWCS បាននិយាយថា ការកាប់បំផ្លាញព្រៃលិចទឹក និងការនេសាទខុសច្បាប់ កំពុងតែបង្កហានិភ័យខ្ពស់ដល់ការរស់នៅរបស់សត្វអណ្តើកហ្លួង។
លោក ស៊ីថា បានបន្ថែមថា៖ «ទោះបីទទួលបានជោគជ័យក្រោយពេលរកឃើញពួកវាម្តងទៀតនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ អណ្តើកហ្លួងក៏នៅតែប្រឈមនឹងការផុតពូជ សំបុកពងកូនរបស់វារកឃើញជារៀងរាល់ឆ្នាំ មានចំនួនតិចតួចណាស់ ដោយសំបុកពងអណ្តើកហ្លួងតែ០៣ប៉ុណ្ណោះ»។
លោក ស៊ីថា អំពាវនាវឲ្យប្រជាជន ចូលរួមអភិរក្សអណ្តើកហ្លួងនេះ ដែលជាសត្វល្មូនតំណាងឲ្យប្រទេសកម្ពុជា តាមរយៈការបញ្ឈប់ការទិញ ឬបរិភោគសាច់ និងពងសត្វអណ្តើកហ្លួងជាដើម។
ពងអណ្ដើកហ្លួងចំនួន១៦គ្រាប់នេះ ត្រូវបានរកឃើញជាលើកទីមួយហើយ នៅក្នុងឆ្នាំ២០១៨។ លោក អ៊ិន ហ៊ុល មន្ត្រីរដ្ឋបាលជលផល បាននិយាយថា៖ «ចាប់ពីពេលនេះ រហូតដល់ខែមីនា គឺជារដូវការពងកូនរបស់សត្វអណ្តើកហ្លួង»។
អណ្ដើកហ្លួង ត្រូវបានស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ដែលជាប្រភេទសត្វងាយរងគ្រោះជិតផុតពូជបំផុត ក្នុងចំណោមអណ្តើក ទាំង២៥ប្រភេទ ដែលកំពុងរងគ្រោះថ្នាក់ខ្លាំងជាងគេបំផុតនៅលើពិភពលោក៕