ឈើកាច់បាភ្នំជា​រម្មណីយដ្ឋាន​ទេសចរណ៍ដ៏ទាក់ទាញ​បំផុតរបស់​ខេត្តព្រៃវែង

0
1275
Trekking in the hills is one of the most tourist attractions in Prey Veng.

ព្រៃវែងៈ ឈើកាច់បាភ្នំជារមណីយដ្ឋានដ៏ស្រស់ត្រកាលមួយ មានទីតាំងស្ថិតនៅភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ហើយបច្ចុប្បន្ន ភ្នំនេះបានក្លាយជាទីទាក់ទាញភ្ញៀវទេសចរមួយរបស់ខេត្តព្រៃវែង។

លោកព្រឹទ្ធាចារ្យឈ្មោះ សរ សូរីផា អាយុ៧៨ឆ្នាំ មានស្រុកកំណើតនៅខេត្តស្វាយរៀង និង ភរិយារបស់គាត់ឈ្មោះ លីវ អេឡែន អាយុ៦៥ឆ្នាំ មានស្រុកកំណើតនៅឯខេត្តបាត់ដំបង ហើយបច្ចុប្បន្នរស់នៅលើភ្នំឈើកាច់បាភ្នំ និងជាស្ថាបនិករមណីយដ្ឋាននគរភ្នំ បានមានប្រសាសន៍ថា រមណីយដ្ឋាននេះ បានផ្ដួចផ្ដើមកសាងឡើង ដោយប្រាក់កាសផ្ទាល់ខ្លួនរបស់ប្ដីប្រពន្ធគាត់ សរុបជាទឹកប្រាក់អស់ជាង២លានដុល្លារ។ រីឯលុយកាក់ក្នុងការសាងសង់សមិទ្ធផលខាងលើនេះ គឺបានមកពីកម្លាំងញើសឈាមរបស់ពួកគាត់ ដែលរកបានពីសហរដ្ឋអាមេរិក។

លោកព្រឹទ្ធាចារ្យ បានបន្ដថា គ្រួសារគាត់បានចេញទៅរស់នៅសហរដ្ឋអាមេរិក នាអំឡុង ឆ្នាំ១៩៧៩ ហើយសព្វថ្ងៃពួកគាត់មានកូនរស់នៅទីនោះ។ បន្ទាប់ពីរកប្រាក់បានច្រើន ពួកគាត់បានវិលត្រឡប់មករស់នៅស្រុកខ្មែរវិញ នាឆ្នាំ១៩៩០ ប៉ុន្តែដោយសារតែមានចិត្តជ្រះថ្លា នៅក្នុងព្រះពុទ្ធសាសនា ទើបនៅឆ្នាំ១៩៩៥ ប្ដីប្រពន្ធគាត់យកប្រាក់ទាំងនោះមកកសាង និងកែច្នៃភ្នំឈើកាច់នេះឲ្យមានសោភណភាពស្រស់ត្រកាលដូចបច្ចុប្បន្ន។ អ្វីដែលពួកគាត់សាងសង់សមិទ្ធផលនេះ គឺដើម្បីថែរក្សាសម្បត្តិធម្មជាតិឲ្យគង់វង្ស និងទាក់ទាញភ្ញៀវទេសចរ។

លោកយាយឧបាសក លីវ អេឡែន បានថ្លែងថា ចាប់តាំងពីឆ្នាំ១៩៩៥ ពួកគាត់បានកសាងរមណីយដ្ឋាននៅលើភ្នំនេះរហូតមក។ មុនដំបូងគឺចាប់ផ្ដើមកសាងនៅជាន់ក្រោមផ្ទាល់ដី រួចសាងសង់ណ្ដើរៗមកលើភ្នំ។ ដំបូងឡើយ យើងប្រើកម្មករ និងជាងសំណង់ ក្នុងថ្ងៃៗ ចាប់ពី១០០នាក់ទៅ១៣០នាក់ ដូចកណ្ដៀរពូនដំបូកអ៊ីចឹង។ រីឯការសាងសង់សមិទ្ធផល នៅលើភ្នំបែបនេះ គឺវាមិនស្រួលឡើយ នៅពេលយើងជញ្ជូនសម្ភារសំណង់ ទឹក ភ្លើងឡើងមកលើភ្នំកាន់តែខ្ពស់ទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃបែបនេះ។ ដោយឡែកគ្រឿងសំណង់ ដែលយើងទិញមកកសាង គឺថ្លៃលើសពីធម្មតា១គុណជា៥ដង ព្រោះការចំណាយទៅលើកម្មករលីសែងយកទៅលើភ្នំ។ ទោះជាយ៉ាងនេះក្ដី ពួកគាត់មិនរុញរាទេ ក្នុងការធ្វើនោះដែរ។

លោកយាយឧបាសក លីវ អេឡែន បានបន្ថែមថា នៅលើភ្នំឆៀងខាងជើង គាត់បានធ្វើប្រាសាទជាច្រើន មានដូចជា ប្រាសាទបានជ័យ, ប្រាសាទបុណ្យភ្លោះ, ប្រាសាទពពាលខែ,ប្រាសាទក្រយា, និងបន្ទប់សម្រាប់ចាស់ព្រឹទ្ធាចារ្យ។ ដោយឡែកនៅលើកំពូលភ្នំ គឺមានប្រាសាទព្រះសិអាមេត្រី។ នៅមួយកំណាត់ខាងលើ ទើបនឹងចាប់ផ្ដើមធ្វើ នៅឆ្នាំ២០០០នោះទេ ចំណែមួយកំណាត់ខាងក្រោម ពួកគាត់បានសាងសង់ ចាប់តាំងពីឆ្នាំ១៩៩៥ដល់ឆ្នាំ១៩៩។
លោកយាយបានបន្ដថា រាល់ការចំណាយលើការសាងសង់សមិទ្ធផលទាំងអស់នេះ គឺលោកយាយមានគោលបំណង ចង់បង្ហាញស្នាដៃ ដើម្បីចារទុកជាប្រវត្តិតសាស្ត្រ ទុកសម្រាប់កូនចៅជំនាន់ក្រោយ មានចិត្តរីករាយ ក្នុងការអភិវឌ្ឍន៍ទីនេះឲ្យក្លាយទៅជារមណីយដ្ឋានដ៏ស្រស់ស្អាតសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ មកលេងកម្សាន្តបន្ដទៀត។

លោក ឈុន ពុទ្ធគន់ មេឃុំជើងភ្នំ បានឲ្យដឹងថា រមណីយដ្ឋាននគរភ្នំនេះ មានភ្ញៀវមកដើរលេងកម្សាន្ត ក្នុង១ថ្ងៃ ចាប់ពី៥០នាក់ទៅ១០០នាក់។ រមណីយដ្ឋាននេះបានផ្ដល់ប្រាក់ចំណូលគួរសមដល់ពលរដ្ឋរស់នៅក្នុងភូមិនេះ តាមរយៈការលក់ដូរម្ហូបអាហារប្រចាំថ្ងៃ។

គួរ​បញ្ជាក់ថា រូបសំណាកនានា នៅក្នុងរមណីយដ្ឋាននគរភ្នំនេះ គឺបង្កប់នូវអត្ថន័យជាប្រវត្តិសាស្ត្រខ្មែរបុរាណរបស់យើង តាំងពីសម័យនគរភ្នំ។ ភ្នំនេះមានកម្ពស់រាប់រយម៉ែត្រ មានជណ្ដើរឡើងចុះចំនួន៤អម ដោយបង្កាន់ដៃថ្មទាំងសងខាង។ បើយើងក្រឡេកមកមើលបរិវេណជើងភ្នំ នៃរមណីយដ្ឋានទាំងមូល នឹងឃើញជើងភ្នំ នៅជាប់នឹវត្តអារាម ហើយមានទីធ្លាដ៏ស្រស់ស្អាត ដោយមានទាំងកន្លែងផ្ញើម៉ូតូ រថយន្ដ និងកន្លែងសម្រាប់ឈប់សម្រាកដោយមិនគិតថ្លៃ។ ដោយឡែកចំណីអាហារដែលអាជីវករដាក់លក់នៅទីនោះ គឺមានតម្លៃសមរម្យ ប្រកបដោយគុណភាព និងអនាម័យ៕