
ប្រជាជនដែលរស់នៅក្នុងប្រទេសកម្ពុជា មួយភាគធំប្រកបរបស់កសិកម្ម ដើម្បីចិញ្ចឹមជីវិត។ កសិករប្រហែល ៧០ភាគរយ ពឹងផ្អែកលើធនធានធម្មជាតិ សម្រាប់ផលិតអាហារ ថាមពល ថ្នាំ សម្រាប់ពេលស្ថានភាពលំបាក។ ព្រៃឈើក៏ផ្ដល់ជាផលប្រយោជន៏ផ្សេងៗជាច្រើនទៀត ដល់មនុស្ស ព្រមទាំងសត្វ។

បើតាមការស្រាវជ្រាវ ប្រទេសកម្ពុជា គ្រប់ដណ្ដប់ទៅដោយ ព្រៃឈើ ប្រមាណ ១០,៧លាន ហិកតា ដែល ៣៥ភាគរយជាផ្នែកព្រៃធម្មជាតិ នៃផ្ទៃដីទាំងមូល ដែលមានទេសភាព ព្រមទាំងលក្ខណៈពិសេស ដោយសំបូរទៅដោយសម្បត្ដិធម្មជាតិព្រមទាំងដើមឈើធំៗជាច្រើន ដែលមានអាយុ រាប់រយឆ្នាំ។

មួយទសវត្សជាងចុងក្រោយនេះ កម្ពុជារងការកាប់បំផ្លាញ់ព្រៃឈើ ពីសំណាក់ឈ្មួញ ព្រមទាំក្រុមហ៊ុនជាច្រើន ក្នុងរូបភាពអភិវឌ្ឍន៏ ដោយការបាត់បង់នោះ នៅក្នុងចន្លោះឆ្នាំ ២០០០ រហូតមកដល់ពេល បច្ចុប្បន្ននេះ ដែលធ្វើអោយមានការព្រួយបារម្ភជាខ្លាំង បើទោះជាមានការព្រមានពីសំណាក់រាជរដ្ឋាភិបាលក៏ដោយ។

ដើមឈើមួយដើម ដែលគេស្គាល់ថា ជាដើម ស្ពុង ដែលមានអាយុកាល រហូតទៅដល់ រាប់ពាន់ឆ្នាំទៅហើយ គឺពិតជាធំខ្លាំងណាស់។ ដើម ស្ពុង មួយដើមនេះស្ថិតនៅ តំបន់ដែន ជំរកសត្វព្រៃ កែវ សីមា ដែលមានភូមិសាស្រ្ដ នៅភូមិ ពូត្រំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្ដមណ្ឌលគិរី។

ដែនជំរក សត្វព្រៃ កែវ សីមា នេះមានផ្ទៃដីជិត ៣០មុឺន ហិកតា ដោយគ្រប់ដណ្ដប់លើឃុំ ចំនួន ៤ក្នុងស្រុក កែវ សីមា ក្នុងខេត្ដមណ្ឌលគិរី។ តំបន់នេះត្រូវបានគេសិក្សាស្រាវជ្រាវថា នឹងអាចជាតំបន់ ដែលមានសក្ដានុពលខ្ពស់ សម្រាប់អភិវឌ្ឍន៍ គម្រោងទេសចរណ៏ធម្មជាតិ ក្នុងពេលអនាគត៕