ត្រពាំងសង្កែ ជាសហគមន៍ទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រងដែលមិនអាចបំភ្លេចបាន

0
3403

ខេត្តកំពត៖ សហគម​ទេសចរណ៍ធម្មជាតិ​ត្រពាំងសង្កែ មាន​ចម្ងាយ​ប្រហែល ៧ ​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត ដែលមានព្រំប្រទល់ខាងលិច ជាប់ឃុំ​ជុំ​ក្រៀល និង ឃុំ​កំពង់​សំរោង ខាងជើង​ជាប់​ជាមួយ​ឃុំ​ត្រពាំង​ព្រីង ខាងកើត​ជាប់​នឹង​ឃុំ​កូន​សត្វ ខាងត្បូង​ជាប់​នឹង​ឆ្នេរសមុទ្រ ។​

ទីនោះ មាន​លក្ខណៈ​អំណោយផល​ពី​ធម្មជាតិ ប្រជាពលរដ្ឋ​មូលដ្ឋាន បាន​បង្កើត​សហគមន៍​ត្រពាំង​សង្កែ​នេះ​ឡើងក្នុង​គោលដៅ​អភិរក្ស និង ថែរក្សា​ធនធាន​សមុទ្រ​ឱ្យបាន​គង់វង្ស និង រក​ចំណូល​សម្រាប់​សហគមន៍​ផ្ទាល់​ផង ។ ជាមួយ​សកម្មភាព​យ៉ាង​រស់​រវើក​របស់​សហ​គមន៍​ត្រពាំង​សង្កែ ដែល​ឥឡូវនេះបានប្រែក្លាយ​ទៅជាតំបន់​អេកូ​ទេសចរណ៍ ហើយ​ត្រូវបាន​គេ​ស្គាល់​ថា ជា​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ដ៏​ស្រស់បំព្រង និង គួរ​ជាទី​ចាប់អារម្មណ៍​ទាំង​ភ្ញៀវ​ជាតិ និង អន្តរជាតិ ។

សហគមន៍មាន​កន្លែង​សម្រាក​ដើម្បី​បន្ធូរអារម្មណ៍ មាន​កន្លែង​ប្រជុំ មាន​សេវាកម្ម​ម្ហូបអាហារ​ចម្អិន​នៅនឹងកន្លែង សម្រាប់​ជូន​ភ្ញៀវ​ពិសា និង មាន​ថ្នាល​បណ្តុះ​កូន​កោង​កាង​ប្រកបដោយ​ពណ៌​បៃតង​ស្រស់បំព្រង ។ គោលដៅ​ចុងក្រោយ ដែល​សំខាន់​មិន អាច​ខកខាន​បានចំពោះ​ការ​មកកាន់​សហគមន៍​នេសាទ​មួយ​នេះ​គឺ​ការធ្វើ​ទេសចរណ៍​ក្នុង​ដែន​ធម្មជាតិ ដែល​ចាំបាច់​ត្រូវ​បន្តដំណើរ​តាម​ទូក​ក្នុង​ព្រែក​ក្បាល​រមាស​ជាមួយ​ទេសភាព ដ៏​ល្អ​ត្រកាល​នៃ​ព្រៃ​លិច​ទឹក នៅ​អម​សងខាង​ដើម្បី​បាន​ដល់​តំបន់​អេកូ​ទេសចរណ៍​ព្រៃកោងកាង​នា​ឆ្នេរ​សមុទ្រក្រោម​ការគ្រប់គ្រងរបស់​អ្នក​សហគមន៍​នេសាទ​ត្រពាំង​សង្កែ ។​