កាណូតដឹកជញ្ជូននៅភ្នំពេញនឹង​​ផ្អាក​ដំណើរការ​៥ថ្ងៃ​ពេលបុណ្យអុំទូក

0
602

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានប្រកាស​ឲ្យផ្អាកដំណើរការ​សេវាដឹកជញ្ជូនតាមកាណូត (Taxi Boat) រយៈពេល ៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០៨ ដល់​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នឹងដំណើរការបម្រើសេវានេះ ជាធម្មតាវិញ។

តាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃនេះ បានឲ្យដឹងថា ដើម្បីអបអរសាទរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ខាងមុខនេះ ក្រុមកីឡាករ-កីឡាការិនីទូក «ង» ដែលអញ្ជើញមកពីតាមបណ្តាខេត្តនានា នឹងចូលរួមការប្រកួតទូក «ង»។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការផ្អាកដំណើរការ សេវាដឹកជញ្ជូនតាមកាណូតនេះ គឺដើម្បីរក្សាសណ្ដាប់ធ្នាប់ សន្ដិសុខ សុវត្ថិភាព និងការចរាចរណ៍តាមផ្លូវទឹក តាមដងទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់៕