ភ្ញៀវទេសចរប្រទះឃើញត្រីបាឡែនយក្ស ១ក្បាល បណ្តែតខ្លួននៅដែនសមុទ្រកម្ពុជា ក្បែរកោះរ៉ុងសន្លឹម

0
949

ព្រះសីហនុ៖ ត្រីបាឡែន១ក្បាល ត្រូវបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលកម្សាន្តសមុទ្រ ប្រទះឃើញ បង្ហាញខ្លួននៅក្នុងដែនសមុទ្រប្រទេសកម្ពុជា ក្បែរកោះរ៉ុងសន្លឹម ខេត្តព្រះសីហនុ នៅថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩។

វត្តមានរបស់ត្រីបាឡែន១ក្បាលនេះ បានធ្វើឲ្យភ្ញៀវទេសចរ មានការចាប់អារម្មណ៍ និងបង្ហាញការរីករាយយ៉ាងខ្លាំង នៅពេលពួកគេបានប្រទះឃើញប្រភេទត្រីកម្រមួយក្បាលនេះ។

លោក កៅ មុន្នីរិទ្ធ នាយរងអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ បានឲ្យថា ត្រីបាឡែននេះ គឺជាប្រភេទសត្វ ឬ ត្រីកម្រ និងត្រូវបានច្បាប់អភិរក្សហាមមិនឲ្យធ្វើនេសាទទេ។ លោកបន្តថា ត្រីប្រភេទនេះ ជាប្រភេទត្រីបាឡែន ដែលមានឈ្មោះជាភាសាបច្ចេកទេសថា ត្រីបាណន់គីង្គក់ ឬជាភាសាអង់គ្លេសថា Whale Shark (អម្បូរ Rhincodontidae)។

 

លោក កៅ មុន្នីរិទ្ធ ឲ្យដឹងផងដែរថា កាលពីជាង ៣ខែកន្លងទៅ ប្រភេទត្រីបាឡែនខាងលើនេះ វាបានបង្ហាញខ្លួនម្ដងដែរ នៅតំបន់ក្បែរប្រជុំកោះរ៉ុង និងកោះរ៉ុងសន្លឹម។ លោកថា ការបង្ហាញខ្លួនរបស់ត្រីបាឡែននៅដែនសមុទ្រក្នុងតំបន់ខាងលើនេះ ទំនងជាដោយសារវាតាមរកចំណីរបស់វា ព្រោះតំបន់នេះសម្បូរទៅដោយជីវសមុទ្រចម្រុះ ផ្កាថ្ម ជាពិសេស សត្វគី (កូនត្រីតូចៗ ដែលគេយកធ្វើកាពិ) និងស្មៅសមុទ្រ ដែលជាចំណីអាហារចាំបាច់របស់ត្រីប្រភេទនេះ។

លោក មុន្នីរិទ្ធ ឲ្យដឹងបន្តថា ត្រីបាឡែននេះ មានប្រវែងប្រមាណ៧ម៉ែត្រ និងមានទំងន់ប្រមាណ ១តោន ហើយវាធ្វើដំណើរតាមសមុទ្រគ្រប់ទីកន្លែងទូទាំងពិភពលោក ដែលមានចំណីរបស់វា។ បើតាមលោក មុន្នីរិទ្ធ បានជាត្រីបាឡែនខាងលើនេះ បង្ហាញខ្លួននៅចន្លោះចំណុចកោះរ៉ុង និងកោះរ៉ុងសន្លឹមនេះ ពីព្រោះនៅតំបន់កោះទាំងពីរសម្បូរទៅដោយជីវចម្រុះសម្រាប់ជាចំណីរបស់វា។ ម្យ៉ាងទៀតតំបន់នោះ ក៏ត្រូវបានក្រសួងបរិស្ថាន និងរាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំធ្វើជាតំបន់អភិរក្សឧទ្យានសមុទ្រ ឬឧទ្យានបាតសមុទ្រ នាខេត្តព្រះសីហនុ៕

ប្រទះឃើញត្រីបាឡែនមួយក្បាលនៅដែនសមុទ្រក្បែរកោះរ៉ុងសន្លឹម

ត្រីបាឡែន១ក្បាល ត្រូវបានគេប្រទះឃើញក្នុងដែនសមុទ្រប្រទេសកម្ពុជា កាលពីថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩ នៅដែនសមុទ្រកម្ពុជា ក្បែរកោះរ៉ុងសន្លឹម ក្នុងខេត្តព្រះសីហនុ។ការប្រទះឃើញវត្តមានត្រីបាឡែននេះ នាំឲ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលណាស់ផងដែរ ដ្បិតគេមិនដែលបានឃើញវត្តមានត្រីបាឡែនក្នុងដែនសមុទ្រកម្ពុជាពីមុនមុនមកនោះទេ។

Gepostet von Fresh News am Freitag, 25. Januar 2019

 

ប្រភព៖ FN