ចូលឆ្នាំ​ចិនឆ្នាំនេះ​ ភ្ញៀវទេសចរ​ទៅ​​​លេងខេត្តរតនសម្បត្តិកម្ពុជា កើនឡើងជាង ១០%

0
1339

ប៉ៃលិន៖ ប៉ៃលិនជាខេត្តមួយ  មានសក្តានុពលខាងវិស័យទេសចរណ៍បែបអេកូធម្មជាតិដ៏ល្បីល្បាញ បន្ទាប់ពីត្បូងថ្មធម្មជាតិដ៏មានតម្លៃ និងល្អប្រណិតដែលទទួលស្គាល់ពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិ  បច្ចុប្បន្នខេត្តប៉ៃលិនមានរមណីយដ្ឋានទេសចរណ៍ជាច្រើនកន្លែង ដែលមានភ្ញៀវជាតិនិងអន្តរជាតិមកកម្សាន្តជារៀងរាល់ថ្ងៃដូចជារមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ  ភ្នំយ៉ាត  ស្ទឹងភ្នំដំបង អូរឈើក្រំ ទឹកធ្លាក់ក្បាលដំរី  ចំការខ្នុរ ម្លប់សាវម៉ាវ ស្ទឹងត្រជាក់ចិត្ត ស្ទឹងតារៀប កូលាបប៉ៃលិន ស្ទឹងតារា និងរមណីយដ្ឋានភ្នំកុយ ជាដើម។

នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំនេះ គឺប្រជាពលរដ្ឋទាំងនៅក្នុងខេត្តប៉ៃលិន និងមកពីបណ្តាខេត្តផ្សេងៗ បាននាំគ្នាមកលេងកម្សាន្ត ជាលក្ខណៈគ្រួសារ មិត្តភក្តិ នៅតាមរមណីយដ្ឋាននានា ក្នុងខេត្តប៉ៃលិន យ៉ាងច្រើនកុះករ ហើយពួកគាត់បានសម្តែងនូវការសប្បាយរីករាយ ជាមួយនឹងទេសភាពតំបន់ខ្ពង់រាប មានព្រៃភ្នំជ្រលងដងអូរ ធ្វើឱ្យពួកគាត់ មានអារម្មណ៍ស្រស់ស្រាយ ល្ហែល្ហើយពីទុក្ខកង្វល់ និងការនឿយហត់នានា ក្នុងការប្រកបការងារចិញ្ចឹមជីវិតកន្លងមក។

លោក លឹម វាសនាប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន  បានឱ្យដឹងថា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិនឆ្នាំនេះ គឺមានភ្ញៀវទេសចរយ៉ាងច្រើនបានជ្រើសរើស មកកម្សាន្តតាមរម្មណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន ហើយបើប្រៀបធៀបនឹងឆ្នាំមុន គឺឆ្នាំនេះកើនឡើងជាង១០%។

ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បញ្ជាក់ថាការកើនឡើងភ្ញៀវទេសចរនៅឆ្នាំនេះ គឺដោយសារផ្លូវគមនាគមន៍ ទៅកាន់រមណីយដ្ឋាននានាមានលក្ខណៈល្អប្រសើរ ងាយស្រួលធ្វើដំណើរ មានសន្តិសុខសណ្តាប់ធ្នាប់ល្អ ហើយម៉្យាងទៀតនៅឆ្នាំនេះអាកាសធាតុក្តៅ ភ្ញៀវទេសចរបានជ្រើសរើសយកតំបន់ព្រៃភ្នំ ជ្រោះជ្រងជ្រលងដងអូរ សម្រាប់ការលេងកម្សាន្តរបស់ពួកគាត់ ជាពិសេសតំបន់ដែលមានទឹក។

លោក លឹម វាសនា ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរទាំងអស់ សូមចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ដើម្បីទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ ផង។

ពាក់ព័ន្ធនឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិនអះអាងថា ត្រូវបានស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ត្រី អ៊ុន សេរីរ័ត្ន បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានប្រើប្រាស់កម្លាំងសរុបចំនួន២៦៨នាក់ ចែកចេញជា៣តំបន់ គឺ តំបន់A តំបន់B និងតំបន់C  រួមទាំងកម្លាំងអន្តរាគមន៍ផងដែរ ហើយជាលទ្ធផល ក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះ សភាពការណ៍សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ មានភាពល្អប្រសើរ មិនមានបញ្ហាអ្វីកើតឡើងនោះទេ។

គួរបញ្ជាក់ថា តាមរយៈមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានឱ្យដឹងថា រយៈពេល០៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិនឆ្នាំនេះ មានភ្ញៀវជាតិមកលេងនៅខេត្តប៉ៃលិនសរុបចំនួន១៧.១៨១នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ភ្ញៀវជាតិមានចំនួន១៥.២១៩នាក់ គឺមានការកើនឡើងជិត១៣% ភ្ញៀវអន្តរជាតិសរុបចំនួន៩៤នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ភ្ញៀវអន្តរជាតិមានចំនួន៦៨នាក់ មានការកើនឡើងជាង ៣៨% ៕

អត្ថបទ៖ឡាច សុគន្ធារី