​បុណ្យអុំទូក៣​ថ្ងៃខេត្ដ​មណ្ឌលគិរីទទួលបាន​ភ្ញៀវ​មកលេង​កម្សាន្តជាង២ម៉ឺននាក់

0
673

មណ្ឌលគិរី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ — មន្ទីរ​ទេសចរណ៍​ខេត្ដ​មណ្ឌលគិរី បានឱ្យដឹងថា ភ្ញៀវទេសចរ​ដែល​បានមក​ដើរលេង​កម្សាន្ដ​នៅ ក្នុង​ខេត្តមណ្ឌលគិរី ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ចាប់ ថ្ងៃទី២១ ដល់​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះ មានការ​កើនឡើង​ទ្វេដង​ច្រើនជាង​ឆ្នាំមុន​ពោល​ប្រមាណ២២.៦៤១នាក់។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី លោក ងិន សុ​វិមាន បាន​ថ្លែងថា ភ្ញៀវទេសចរ​ក្នុង រយៈពេល​បី​ថ្ងៃ​មាន​ចំនួន​សរុប ២២.៦៤១នាក់ ក្នុងនោះ ភ្ញៀវទេសចរ​ជាតិ​ចំនួន ២២.២៣៣នាក់ និង​អន្តរជាតិ​ចំនួន៤០៨នាក់ បើ​ធៀប​ទៅនឹង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ២០១៧ មានតែ​ចំនួន ១៣.៧៧២នាក់ ក្នុងនោះ​ទេសចរ​ជាតិ ១៣ ៤៧៦នាក់ ទេសចរ​អន្តរជាតិ ២៩៦នាក់ កើន​សរុប ៦៤.៣៩ ភាគរយ ទេសចរ​អន្តរជាតិ​កើន ៣៧.៨៣ភាគរយ។

លោក​បាន​បញ្ជាក់ថា ចំនួន​ភ្ញៀវទេសចរ​ដែលមាន​ការ​កើនឡើង​នេះ គឺជា​មោទនភាព​មួយ​ដែល​ខេត្ត​ទទួលបាន ខណៈ​ចំនួន​ភ្ញៀវទេសចរ​មាន កើនឡើង​លើសពី​ក្តី​រំពឹងទុក និង​ស្រប​ពេលដែល​ខេត្តមណ្ឌលគិរី ពុំទាន់​មាន​បន្ទប់​ស្នាក់នៅ​គ្រប់​តាម​តម្រូវការ​ភ្ញៀវទេសចរ​នៅឡើយ។ លោក​បាន​បន្ថែមថា ចំពោះ​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់​នៅ​ទូទាំង​ខេត្តមណ្ឌលគិរី​នេះ​ក៏មាន​ភាពល្អប្រសើរ ៕

គួរ​បញ្ជាក់ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក លយប្រទីប សំពះ​ព្រះ​ខែ រយៈពេល៣ថ្ងៃ (២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨)នេះ ភ្ញៀវទេសចរ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ដើរ​កំសាន្ត​នៅតាម រមណីយដ្ឋាន​ទេសចរណ៍​នានា តា​ម​​បណ្តា​ខេត្ត​ទូទាំងប្រទេស​មាន​ចំនួន​សរុប​ប្រមាណ៩២.៥ម៉ឺន​នាក់ ក្នុង​អត្រាកំណើន​ប្រមាណ១៥.៦% ខណៈ​​រាជធានី​ភ្នំពេញ​មាន​ចំនួន៤.៥លាន​នាក់ កើនឡើង​ជិត៥០%៕