រដ្ឋមន្ត្រីទេសចរណ៍ចេញអនុសាសន៍៤ចំណុច ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា

0
676

ភ្នំពេញៈ កាលពីថ្ងៃទី០២-០៣​ ខែមេសា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីបូកសរុបការងារទេសចរណ៍ឆ្នាំ២០១៨ ត្រីមាសទី១ ឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តត្រីមាសទី១ និងឆមាសទី២ ឆ្នាំ២០១៩ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីក្រសួងទេសចរណ៍ និងប្រធានមន្ទីរទេសចរណ៍រាជធានីខេត្តទាំង២៥ សរុបជាង ២០០នាក់។

កិច្ចប្រជុំបានផ្តោតសំខាន់ទៅលទ្ធផលអនុវត្តការងារ អំពីបញ្ហាប្រឈម ចំនុចខ្វះខាត និងទិសដៅអនុវត្តបន្តរបស់អគ្គនាយកដ្ឋាន នាយកដ្ឋាន និងអង្គភាពចំណុះក្រសួង (ដែលបានឡើងធ្វើបទបង្ហាញដោយអគ្គនាយក ប្រធាននាយកដ្ឋាន និងមតិយោបល់បន្ថែមរបស់ថ្នាក់ដឹកនាំទទួលបន្ទុក)។

​អង្គប្រជុំបានកត់សំគាល់អំពីការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជាក្នុងទស្សវត្សចុងក្រោយនេះ ដោយឆ្នាំ២០១៨ កម្ពុជាទទួលទេសចរអន្តរជាតិបានប្រមាណ ៦,២លាននាក់ ក្នុងកំណើន ១០,៧% ដោយបាននាំមកនូវចំណូលជូនជាតិ ៤.៣៥៦លានដុល្លារអាមេរិក រួមចំណែក ១២,៧% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើតការងារដោយផ្ទាល់ប្រមាណ ៦២ម៉ឺននាក់។ ជាក់ស្តែង ក្នុងរយៈពេល ០២ខែ ដើមឆ្នាំ២០១៩នេះ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានចំនួន ១,២លាននាក់ ក្នុងកំណើន ៩,៣%។

​អង្គប្រជុមានសេចក្តីរីករាយចំពោះសមិទ្ធផលទាំងឡាយដែលក្រសួងទេសចរណ៍សម្រេចបាន នៅក្នុងរយៈពេលចុងក្រោយនេះ ដោយបានកសាងនូវឯកសារគតិយុត្តសំខាន់ៗមានដូចជា គោលនយោបាយជាតិអេកូទេសចរណ៍ អនុក្រឹត្យស្តីពីការកំណត់តំបន់ទេសចរណ៍ពិសិដ្ឋ ដែលរាជរដ្ឋាភិបាលទើបអនុម័តនាពេលថ្មីៗនេះ។ ជាងនេះទៀត ក្រសួងក៏បានដាក់ចេញនូវ ស្តង់ដារសេវាកម្មវិថីលក់ម្ហូបអាហារ (Food Street) និងប្រព័ន្ធចំណាត់ថ្នាក់សេវាកម្មតូបលក់ម្ហូបអាហារ (Street Food) ដែលជាសូចនាការថ្មីមួយទៀតក្នុងស្តង់ដារទីក្រុងស្អាត និងចលនាប្រលងប្រណាំង ទីក្រុងស្អាតៈ ជាទីក្រុងដែលមាន វិថីម្ហូបអាហារស្អាត ជារៀងរាល់ឆ្នាំ។

អង្គប្រជុំក៏បានពិនិត្យឃើញពីនិន្នាការប្រែប្រួលនៃស្ថានភាពទេសចរពិភពលោក តំបន់ និងកម្ពុជា ដែលទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ធ្វើការសិក្សា និងវិភាគទីផ្សារទេសចរណ៍អោយបានហ្មត់ចត់ និងស៊ីជម្រៅ និងពង្រឹងការឃោសនា ផ្សព្វផ្សាយទេសចរណ៍កម្ពុជាឲ្យបានទូលំទូលាយ ដើម្បីរក្សាកំណើនទេសចរឲ្យបានពីរខ្ទង់ជារៀងរាល់ឆ្នាំ និងសម្រេចនូវ ចក្ខុវិស័យនៃកំណើនទេសចរអន្តរជាតិប្រមាណជាង ៧លាននាក់ នៅឆ្នាំ២០២០ ប្រមាណ ១១លាននាក់ នៅឆ្នាំ២០២៥ និងប្រមាណ ១៥លាននាក់ នៅឆ្នាំ២០៣០ ខាងមុខ។

អង្គប្រជុំបានកំណត់គោលដៅជាយុទ្ធសាស្រ្តជាក់លាក់ អាណត្តិទី៦នេះគឺជាអាណត្តិនៃការពង្រឹងគុណភាពទេសចរណ៍ និងបង្កើនប្រសិទ្ធភាពការងារ សំដៅធ្វើយ៉ាងណាឲ្យគ្រប់ផលិតផល និងសេវាកម្មទេសចរណ៍មានគុណភាព ធ្វើឲ្យគ្រប់រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍​មានការប្រែប្រួល លប់បំបាត់ការលក់វ​ត្ថុអនុស្សាវរីយ៍ក្លែងក្លាយជូនទេសចរ កាត់បន្ថយការធ្លុះធ្លាយ (ដោយខិតខំជម្រុញការប្រើប្រាស់ផលិតផលក្នុងស្រុកប្រកបដោយគុណភាព ជំនួសឲ្យការនាំចូល) ធ្វើឲ្យវិស័យទេសចរណ៍ក្លាយជាការនាំចេញនៅនឹងកន្លែងដ៏មានប្រសិទ្ធភាព និងធ្វើឲ្យវិស័យទេសចរណ៍ផ្តល់ផលប្រយោជន៍ជាអតិបរមាដល់ប្រជាពលរដ្ន និងសហគមន៍មូលដ្ឋាន។

អង្គប្រជុំក៏បានពិនិត្យឃើញពីបញ្ហាប្រឈម និងចំនុចសេសសល់មួយចំនួនក្នុងវិស័យទេសចរណ៍ (ដែលរួមមាន កត្តាធនធានមនុស្សនៅមានកម្រិត ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗនៅមានកម្រិត គុណភាពសេវាកម្មទេសចរណ៍នៅមានកម្រិត ការឃោសនាផ្សព្វផ្សាយនៅមានកម្រិត កិច្ចសហការ និងការចូលរួមរបស់ផ្នែកឯកជន ប្រតិបត្តិករទេសចរណ៍ ក្នុងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នៅមានកម្រិត ការចុះពង្រឹងការអនុវត្តច្បាប់ស្តីពីទេសចរណ៍ដល់មូលដ្ឋានអាជីវកម្ម និងសេវាកម្មនានានៅមានកម្រិត ការធ្លុះធ្លាយនៃវិស័យទេសចរណ៍ កត្តាសន្តិសុខ សុវត្ថិភាពទេសចរ និងការសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរនៅជួបបញ្ហាលំបាកខ្លះៗ ការកសាងលិខិតបទដ្ឋាន ឯកសារគតិយុត្ត​ គោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងវិធានការចាំបាច់នានា នៅពុំទាន់ឆ្លើយតបទាន់ពេលវេលាទៅនឹងនិន្នាការ និងសភាពការណ៍រីកចម្រើននៃវិស័យទេសចរណ៍នាពេលបច្ចុប្បន្ន និងទៅអនាគត។

បន្ទាប់ពីបានពិគ្រោះពិភាក្សា និងផ្តល់យោបល់យ៉ាងផុលផុស និងដើម្បីពិនិត្យ ដោះស្រាយនូវបញ្ហាប្រឈមនានាដែលបានកើតមានឡើងក្នុងវិស័យទេសចរណ៍ អង្គប្រជុំបានឯកភាព ដាក់ចេញនូវផែនការយុទ្ធសាស្រ្ត និងទិសដៅអនុវត្តការងារសំខាន់ៗសម្រាប់ត្រីមាសទី២ និងឆមាសទី២ ឆ្នាំ២០១៩ ដូចខាងក្រោម៖
១- បង្កើតផលិតផលទេសចរណ៍ថ្មីប្រកបដោយការច្នៃប្រឌិត និងនវានុវត្តន៍ (Creative & Innovative) នៅតាមតំបន់គោលដៅទេសចរណ៍អាទិភាពទាំងបួន តាមរយៈការទាក់ទាញការវិនិយោគលើវិស័យទេសចរណ៍ និងការអនុវត្តយន្តការ 4Ps។
២- ពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ តាមទស្សនទាន សេវាមួយ ស្តង់ដាមួយ និងអភិវឌ្ឍ ធនធានមនុស្ស តាមទស្សនទាន បុគ្គលិកម្នាក់ ជំនាញមួយ
៣- ពង្រឹងការឃោសនាផ្សព្វផ្សាយទេសចរណ៍កម្ពុជាទាំងក្នុង និងក្រៅប្រទេស
៤- ពង្រឹងការគ្រប់គ្រងទេសចរណ៍តាមប្រព័ន្ធ Online ( Smart Tourism)

គួរកត់សំគាល់ ក្រសួងទេសចរណ៍គ្រោងនឹងរៀបចំព្រឹត្តិការណ៍សំខាន់ៗពីឆ្នាំ ២០១៩-២០២២
*ពិព័រណ៍ទេសចរណ៍ម្ហូបអាហារ (Gastronomy Tourism) រួមជាមួយការតាំងពិព័រណ៍ទេសចរណ៍ក្នុងស្រុក
*ពិព័រណ៍ទេសចរណ៍កម្ពុជា (Cambodia Travel Mart-CTM) ជារៀងរាល់ឆ្នាំ
*ពិធីបុណ្យសមុទ្រឆ្នាំ២០១៩នៅខេត្តកំពត
*ការប្រណាំងកង់លំដាប់អន្តរជាតិសម្រាប់តំបន់ឆ្នេរ នាដើមឆ្នាំ២០២០
*វេទិកាទេសចរណ៍អាស៊ាន (ATF 2021) នាខែមករា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ
*សន្និសីទអន្តរជាតិស្តីពីអរិយធម៌ពិភពលោក និងខ្សែទស្សនកិច្ចប្រវត្តិសាស្រ្ត ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ នៅខេត្តសៀមរាប
*មហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកលើកទី១៨ ឆ្នាំ២០២២ នៅខេត្តកោះកុង។

ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តីក៏បានណែនាំដល់ប្រធានមន្ទីរទេសចរណ៍ខិតខំអនុវត្តឲ្យមានប្រសិទ្ធភាពនូវសារាចរណែនាំលេខ ០០៣ សរណន ចុះថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៩ របស់ក្រសួងទេសចរណ៍ ស្តីពីការពង្រឹងគុណភាពផលិតផលទេសចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៤, ១៥, ១៦ ខែមេសា ឆ្នាំ២០១៩ ពិសេស ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ ត្រូវខិតខំសហការជាមួយក្រសួងធម្មការ និងសាសនា និងអាជ្ញាធរមូលដ្ឋានរៀបចំវត្តទេសចរណ៍គំរូ និងវិថីម្ហូបអាហារ។