រដ្ឋមន្ត្រី​ទេសចរណ៍​ស្នើ ADB បន្ត​គាំទ្រ​ការ​អភិវឌ្ឍ​នៅ​តំបន់ឆ្នេរ និង​ឦសាន​បន្ថែម​ទៀត

0
621
លោក ថោង ខុន ក្នុងកិច្ចប្រជុំពិភាក្សា​ជាមួយនាយក ADB ប្រចាំកម្ពុជា (រូបថត៖ ក្រសួងទេសចរណ៍)

លោក ថោង ខុន រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍ បាន​ស្នើឱ្យ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បន្ត​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​អេកូ​ទេសចរណ៍ សហគមន៍​ទេសចរណ៍​នៅ​តំបន់​ឆ្នេរ និង​តំបន់​ឦសាន រួម​ចំណែក​ដល់ការ​លូតលាស់​បៃតង​នៅ​កម្ពុជា (Green Growth) ជាពិសេស​ស្នើឲ្យ​ជួយ​គាំទ្រ​ដល់​ការ​រៀបចំ និង​អភិវឌ្ឍ​កីឡា​ទេសចរណ៍​លើ​ទឹក​នៅ​តំបន់ឆ្នេរ​ផងដែរ។

ការ​ស្នើ​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក ថោង ខុន ជាមួយ​លោកស្រី Sunniya Durani-Jamal នាយក ADB ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួង​ទេសចរណ៍ ដើម្បី​ពិភាក្សា​លើ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ពាក់ព័ន្ធនឹង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា។

លោក​រដ្ឋមន្ត្រី បាន​លើកឡើង​ពី​សក្តានុពល​វិស័យ​ទេសចរណ៍​របស់​កម្ពុជា ពិសេស​នៅ​តំបន់​ឆ្នេរ តំបន់​ភាគ​ឦសាន និង​តំបន់​សហគមន៍​នានា។

ជាការ​ឆ្លើយតប លោកស្រី Sunniya Durani-Jamal បាន​ទទួល​យក​នូវ​សំណើ​របស់​លោក​រដ្ឋមន្ត្រី ថោង ខុន ដើម្បី​បញ្ចូល​ក្នុង​យុទ្ធសាស្ត្រ​ជាដៃគូ​អភិវឌ្ឍន៍​កម្ពុជា នៅឆ្នាំ​២០២០-២០២២ ខាង​មុខ។

ជាមួយ​គ្នានោះ លោក ថោង ខុន ក៏បាន​ជម្រាប​ជូន​ភាគី ADB ថា​ បច្ចុប្បន្ន​ក្រសួង​ទេសចរណ៍ បាននឹង​កំពុង​អនុវត្ត​គម្រោង​ចំនួន​២៖

១៖ គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍ សម្រាប់​កំណើន​ប្រកបដោយ​បរិយាប័ន្នក្នុង​មហា​អនុតំបន់​មេគង្គ (GMS TIIG No. 3194-CAM (SF) ដោយ​ផ្តោតលើ៖

 

-ការ​កសាង​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នៅខេត្ត​កំពត និង​កំណាត់ផ្លូវ​តភ្ជាប់ ការធ្វើឲ្យ​ប្រសើរឡើង​ផ្នែក​បរិស្ថាន​ជុំវិញ​ផ្សារក្តាម​ខេត្ត​កែប ដូចជា ប្រព័ន្ធ​ចម្រោះ​ទឹកស្អុយ បង្គន់​អនាម័យ មណ្ឌល​ព័ត៌មាន​ទេសចរណ៍ ឃ្លាំងផ្ទុក​សម្ពារៈ អគារ​សន្តិសុខ អណ្តូងទឹក ប្រព័ន្ធ​ប្រឡាយ សួនច្បារ។

-ការ​ពង្រឹង​សមត្ថភាព​ក្នុងការ​គាំទ្រ​ដល់ការ​រីក​ចម្រើន​ក្នុង​វិស័យ​ទេសចរណ៍ ដូចជា ការ​អភិរក្ស​បេតិកភណ្ឌ និងការ​លើក​កម្ពស់​ការ​យល់ដឹង​ការរៀបចំ​អភិវឌ្ឍន៍​រមណីយដ្ឋាន​ទេសចរណ៍​គំរូ​នៅខេត្ត​គោលដៅ។

-ការ​កសាង​សមត្ថភាព​គ្រូ​បង្គោល​ស្តង់ដា​ទេសចរណ៍​អាស៊ាន លើ​ជំនាញ​គេហកិច្ច ការផ្តល់​សេវា​ភេសជ្ជៈ និង​ម្ហូប​អាហារ និង​បដិសណ្ឋារកិច្ច និង​ការិយាល័យ​ជួរមុខ។

២៖ គម្រោង GMS TIIG II No. 3701-CAM (COL)៖ គម្រោងនេះ​ត្រូវបាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៨ មាន​ធាតុចេញ​ចំនួន​៣៖

-ធាតុចេញទី១៖ ការធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍ និង​សេវា​បរិស្ថាន​ទីក្រុង (១) កសាង​ប្រព័ន្ធ​គ្រប់គ្រង​សំណល់រឹង​នៅខេត្ត​កែប (២) ការ​កសាងផ្លូវ​បណ្តោយ​ឆ្នេរ​ប្រមាណ ៨​គីឡូម៉ែត្រ និងការ​រៀបចំ​សេវា​បរិស្ថាន និង​សម្បទា​ផ្លូវ (៣) ការ​កសាង​កំពង់ផែ​ទេសចរណ៍​នៅខេត្ត​ព្រះសីហនុ និងនៅ​លើ​កោះរ៉ុង និងផ្លូវ​ដើរមាត់​សមុទ្រ។

-ធាតុចេញទី២៖ ការពង្រឹង​សមត្ថភាព និងការ​អនុវត្ត​ស្តង់ដា​ទេសចរណ៍​អាស៊ាន នៅខេត្ត​តំបន់ឆ្នេរ​ទាំង០៤។

ធាតុចេញទី៣៖ ការ​ពង្រឹង​សមត្ថភាព​ក្នុងការ​គាំទ្រ​ដល់ការ​រីកចម្រើន​ក្នុង​វិស័យ​ទេសចរណ៍​នៅខេត្ត​ព្រះសីហនុ ការ​បណ្តុះបណ្តាល​ជំនាញ និងការ​ពង្រឹង​សេវាកម្ម​ទេសចរណ៍ ការ​ផ្សព្វផ្សាយ​គោលដៅ និង​ទីផ្សារ​ទេសចរណ៍៕

 

ប្រភព៖ ខ្លីៗ