ប្រធានសមាគមទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន អះអាងថា ភ្ញៀវទេចរនៅខេត្តព្រះសីហនុ ថយចុះ ដោយសារកំណើនជនជាតិចិនទៅរស់នៅ និងប្រកបអាជីវកម្មនៅតំបន់នោះច្រើន។ ឯសេវាសណ្ឋាគារ ផ្ទះសំណាក់ និងអាហារដ្ឋាន ឡើងថ្លៃ ដែលទាមទារស្ថាប័នពាក់ព័ន្ធត្រូវធ្វើការកំណត់តម្លៃឲ្យបានសមរម្យ ទើបទាក់ទាញភ្ញៀវទេសចរទៅទស្សនានៅតំបន់នោះច្រើន។
យោងតាមរបាយការណ៍ កាលពីខែមករា ឆ្នាំ២០១៨ របស់អភិបាលខេត្តព្រះសីហនុ លោក យន្ដ មីន ផ្ញើទៅរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៧ ជនបរទេសចូលមកស្នាក់នៅក្នុងខេត្តព្រះសីហនុ មានចំនួន ៦ ៣៨៥នាក់ ក្នុងនោះ ជនជាតិចិនមានច្រើនជាងគេ គឺ ៤ ៤៩៨នាក់ ឥណ្ឌូណេស៊ី មាន៩០៩នាក់ ហ្វីលីពីន ១២៧នាក់ ម៉ាឡេស៊ី ១២២នាក់ និងជនជាតិផ្សេងៗទៀត។

ដោយឡែកសម្រាប់ខេត្តសៀមរាប មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តទេសចរណ៍ដ៏ល្បីល្បាញរបស់កម្ពុជាមួយនេះ មានការកើនឡើងក្នុងថ្ងៃចូលឆ្នាំចិន។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបដែល នៅថ្ងៃទី០៧ កុម្ភៈ។
របាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្តសៀមរាប បានឲ្យដឹងថា ភ្ញៀវទេសចរសរុបមានចំនួនប្រមាណ ៩៣,៦០៥នាក់ មានការកើនឡើង៣.៩៨% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ ដែលមានតែចំនួនប្រមាណ ៩០,៨២៦នាក់ មកទស្សនាខេត្តសៀមរាប ពិសេសតំបន់រមណីយដ្ឋានអង្គរ។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ ខេត្តសៀមរាប បានគូសបញ្ជាក់ថា ភ្ញៀវទេសចរអន្តរជាតិ មានចំនួន៤១,៦០៥នាក់ គឺមានការកើនឡើង ២២.២៧ % ហើយភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ៥២០០០នាក់ មានការថយចុះ៧.១៤%។
ការថយចុះនៃភ្ញៀវទេសចរជាតិ លោកង៉ូវ សេងកាក់ បានកត់សំគាល់ថា ឆ្នាំ២០១៩នេះ ថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម មិនប៉ះចំថ្ងៃឈប់សម្រាករបស់មន្ត្រីរាជការ ហើយកាលពីឆ្នាំ២០១៨ ថ្ងៃចូលឆ្នាំប៉ះចំថ្ងៃសុក្រ សៅរ៍ និងថ្ងៃអាទិត្យ៕