ទេសចរណ៍ធម្មជាតិរួមចំណែកសំខាន់លើកកម្ពស់ជីវភាពសហគមន៍

0
1075


កោះកុង៖ ថ្ងៃសុក្រ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាន បាន​ចុះពិនិត្យ​សកម្មភាពពាក់ព័ន្ធជីវភាពរបស់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ នៅកាពិ និង​កោះស្រឡៅ ស្ថិតឃុំកោះក្រពិខេត្តកោះកុង។

ឯកឧត្តម ខៀវ បូរិន បានឱ្យដឹងថា កោះទាំងពីរនេះ មាន​សក្តា​នុពល​ខ្ពស់​សម្រាប់​អភិវឌ្ឍន៍​ទេសចរណ៍​ធម្មជាតិ ដែលរួមចំណែកសំខាន់សម្រាប់រកចំណូលលើកកម្ពស់ជីវភាពសហគមន៍ បន្ថែម​លើមុខរបរនេសាទក្តាម ត្រី មឹក បង្គារ ។ល។

ឯកឧត្តម ប្រធានប្រតិភូក្រសួងបរិស្ថាន បានអំពាវនាវឱ្យយុវជន ជាពិសេសអ្នកទេសចរជាតិ និង​អន្តរ​ជាតិ ចាប់អារម្មណ៍ និងទៅកម្សាន្តនៅសហគមន៍ទេសចរណ៍ធម្មជាតិនានា ជាពិសេស​នៅ​សហគមន៍​ទាំង​ពីរ ដើម្បីជំរុញការអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ដែលបង្កើតការងារ និងសេដ្ឋ​កិច្ច​មូល​ដ្ឌាន​ ដែល​ចល​ករលើកទឹកចិត្តដល់ការចូលរួមក្នុងការពង្រឹងការការពារ និងអភិរក្ស​ធន​ធាន​ធម្ម​ជាតិ​។

សូមបញ្ជាក់ថា គិតមកទល់ខែធ្នូឆ្នាំ២០១៨ ក្រសួងបរិស្ថាន បានរៀប​ចំសម្រប​សម្រួល​សហគមន៍​តំបន់​​ការពារធម្មជាតិ១៥២សហគមន៍ នៅក្នុងតំបន់ការពារធម្មជាតិចំនួន៥១កន្លែង នៅទូទាំង​ប្រទេស​ ដែលមានផ្ទៃដីរហូតដល់៧,៥លានហិកតា។

ក្រសួងបរិស្ថាន តាមរយៈអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានបាន និងកំពុងផ្តល់កញ្ចប់ថវិកា ដើម្បី​អនុវត្តន៍​គម្រោងលើកស្ទួយជីវភាពសហគមន៍ ចំនួន ១០សហគមន៍ក្នុងឆ្នាំ ២០១៧ និងចំនួន ១០​សហ​គមន៍​ទៀតនៅក្នុងឆ្នាំ២០១៨ និងឆ្នាំបន្តបន្ទាប់៕

ប្រភព៖ ក្រសួង​បរិស្ថាន