កម្ពុជានឹងទទួលចំណូល ១០ពាន់លានដុល្លារនៅឆ្នាំ២០៣០ពីភ្ញៀវទេសចរ

0
622

ភ្នំពេញ៖ សម្តេច​តេ​ជោ​លើកឡើងថា ប្រទេស​កម្ពុជា​រំពឹងថា​ទទួលបាន​ចំណូល ១០ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ២០៣០ ពី​ភ្ញៀវ​ទេសចរណ៍​ចំនួន១៥លាន​នាក់ ដែល​នឹង​ចូលមក​ទស្សនា​នៅកម្ពុជា។

សម្តេច​បាន​មានប្រសាសន៍ ក្នុង​ពិធី​បិទ​សន្និបាត​ការងារ​ក្រសួងទេសចរណ៍ នាល្ងាច​ថ្ងៃទី២៨ កុម្ភៈ​នេះ​ថា វិស័យទេសចរណ៍នេះ​នឹង​ផ្តល់​ការងារ​ដោយផ្ទាល់​ជិត១លាន​នាក់ ហើយ​នៅ​ឆ្នាំ២០៣០ នឹង​ទទួលបាន​ភ្ញៀវ​ទេសចរណ៍១៥លាន​នាក់ និង​បង្កើត​ការងារប្រមាណ  ២លាន​នាក់។

សម្តេចបន្តថា “សន្តិភាព ស្ថេរភាពនយោបាយ និងសន្តិសុខ ជាធាតុដ៏សំខាន់សម្រាប់ធានាបានថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ។

សម្តេចបន្ថែម “គ្មានអ្នកទេសចរណាចង់ទៅលេងកម្សាន្តនៅប្រទេសដែលមានសង្គ្រាមនោះឡើយ ដូចនេះកម្ពុជាមិនត្រឹមតែទប់ស្កាត់ភេរវកម្មនោះទេ សូម្បីតែចោរកម្មនៅតាម​តំបន់​ទេសចរណ៍​ក៏ត្រូវ​ទប់​ស្កាត់​ផងដែរ។

សម្តេចបន្តទៀតថា ‍“ភ្ញៀវទេសចរណ៍នឹងមកកាន់កម្ពុជាកាន់តែច្រើនថែមទៀត នៅពេល​មាន​ការ​វិនិយោគ​លើវិស័យទេសចរណ៍កាន់តែច្រើន ជាពិសេសការតភ្ជាប់ផ្លូវនៅតាមផ្លូវអាកាស ផ្លូវគោក និង​ផ្លូវ​ទឹក។

ជាមួយនេះ​សម្តេច​ក៏បាន​លើកឡើងថា “កម្ពុជា​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​ជាមួយ​ស្នាមញញឹម រួសរាយ​​រាក់ទាក់​របស់​ប្រជាពលរដ្ឋ​ខ្មែរ។

សម្តេចក៏បានចូលរួមអបអរសាទរទីក្រុងបាត់ដំបង ទីក្រុងកែប និងទីក្រុងសៀមរាប បាន​ទទួល​ជ័យ​លាភី​ទី​ក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី១ ក៏ដូចជាទីក្រុងដែលទទួល​បានជ័យ​លាភីទី​ក្រុង​ស្អាត​៕