«រួមគ្នាដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ​នៅកម្ពុជា»ជា​ប្រ​ធាន​បទ​ការ​ប្រ​ណាំង​យាន​យន្ដ​ឆ្លង​កាត់​តំបន់​អភិរក្ស​ ខ្មែររ៉ាលីរ៉េដឆ្នាំ២០១៨

0
621

ភ្នំពេញៈ ព្រឹត្តិការណ៍ប្រណាំងយានយន្ដឆ្លងកាត់តំបន់អភិរក្ស ខ្មែររ៉ាលីរ៉េដ​២០១៨ ក្រោមប្រធានបទ «រួម​គ្នា ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ​នៅកម្ពុជា» ចាប់ផ្តើមជាផ្លូវការហើយ នៅថ្ងៃទី២ ខែ វិច្ឆិកា ឆ្នាំ​២០១៨នេះ ដោយក្រុមកីឡាករ កីឡាការិនី ​ចាប់ផ្តើមប្រណាំងលើកំណាត់ផ្លូវក្នុងខេត្តកំពង់ស្ពឺ ដោយ​ឆ្លងកាត់តំបន់ឧទ្យានជាតិគិរីរម្យ និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។​

មុននឹងចាប់ផ្តើមការប្រណាំង លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រី​នាំពាក្យក្រសួងបរិស្ថាន បាន​អញ្ជើញជាអធីបតីក្នុងកម្មវិធីគ្រវីទង់ ចាប់ផ្តើមការប្រណាំងយានយន្តជាផ្លូវការ នៅល្ងាចថ្ងៃទី០១ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅសួនបឹងកក់ រាជធានីភ្នំពេញ។​

ព្រឹត្តិការណ៍ប្រណាំងយានយន្ដឆ្លងកាត់តំបន់អភិរក្ស ខ្មែររ៉ាលីរ៉េដ ២០១៨ សហការរៀបចំដោយ ក្រសួង​បរិស្ថាន និងសហព័ន្ធកីឡាយានយន្តកម្ពុជា នឹងធ្វើការប្រណាំងដោយឆ្លងកាត់ខេត្តចំនួន​៣ គឺខេត្ត​កំពង់​ស្ពឺ ដោយឆ្លងឆ្លងកាត់តំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងឧទ្យានជាតិគិរីរម្យ, នៅក្នុងខេត្តកំពត ដែល​ឆ្លង​កាត់​តំបន់ឧទ្យាន ជាតិព្រះមុនីវង្សភ្នំបូកគោ ហើយនៅក្នុងខេត្តព្រះសីហនុ ឆ្លងកាត់​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវ៉ាញខាងត្បូង ដែលមានចម្ងាយផ្លូវសរុបជាង​៦៣០​គីឡូម៉ែត្រ។

ព្រឹត្តិការណ៍នេះ មានការចូលរួមប្រកួតពីកីឡាករ កីឡាការិនី មកពី​៥​ប្រទេស រួមមាន កម្ពុជា ថៃ អូស្ត្រា​លី វ៉ែល ស្កត់ឡែន សរុបមានម៉ូតូ១៦​គ្រឿង និងរថយន្តចំនួន​៩​គ្រឿង។​

ទាក់ទងនឹងការរៀបចំឲ្យមានការប្រណាំង រថយន្តឆ្លងកាត់តំបន់អភិរក្សនៅកម្ពុជានេះ លោក នេត្រ ភក្ត្រា រដ្ឋលេខា​ធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ពីសារៈប្រយោជន៍ថា ដើម្បីផ្សព្វផ្សាយពីសក្តានុ​ពល​ធន​ធាន​ធម្មជាតិ ដែលកម្ពុជាមាន​ឲ្យប្រជាពលរដ្ឋបានដឹង ចូលរួមពង្រឹងការផ្សព្វផ្សាយ ពីការអនុវត្តច្បាប់ និងផ្សព្វ​ផ្សាយពីភាពសម្បូណ៌បែបនៃធនធានធម្មជាតិ ព្រៃឈើ និងជីវៈចម្រុះគ្រប់ប្រភេទ ដែល​ប្រទេស​កម្ពុ​ជាមាន និងជំរុញឲ្យមានការចូលរួមរបស់សាធារណជនក្នុងការការពារ និង​អភិ​រក្ស​ធន​ធាន​ធម្ម​ជាតិ​ឲ្យ​បាន​​គង់វង្ស និងចូលរួមការពារបរិស្ថានឲ្យមាននិរន្តរភាព។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន ជឿជាក់ថា តាមរយៈ​ការ​ផ្សព្វ​ផ្សាយ​ពីការ​ប្រណាំង​រថ​យន្ត​ឆ្លង​កាត់​តំបន់​អភិរក្សនៅកម្ពុជានេះ នឹងធ្វើឲ្យពលរដ្ឋបានដឹងពី សក្តានុពលទេសចរណ៍ធម្មជាតិ ជីវភាព​រស់​នៅ​របស់​ប្រជាសហគមន៍ នៅជុំវិញតំបន់ការពារធម្មជាតិ ការបង្ហាញពីទេសភាពស្រស់បំព្រងនៃព្រៃព្រឹក្សា ស្រែ​ចម្ការ និងជីវៈចម្រុះគ្រប់ប្រភេទ ហើយក៏ឆ្លងកាត់កំណាត់ផ្លូវលំបាកៗ រួមមាន ផ្លូវភ្នំ ផ្លូវភក់ ផ្លូវ​ដីក្រ​ហម​ ផ្លូវខ្សាច់ ផ្លូវមានឧបសគ្គ។

ដោយបានគូសបញ្ជាក់បច្ចុប្បន្ននេះ ប្រព័ន្ធតំបន់ការពារធម្មជាតិ រួមមាន តំបន់ការពារធម្មជាតិ ចំនួន​៥២ និង​របៀងអភិរក្សជីវៈចម្រុះ​៣ (​ឦសាន្ត ឧត្តរ និងជួរភ្នំក្រវាញ) មានផ្ទៃដីសរុបទំហំប្រមាណ ៧,២៣៩,៩២០​ហិកតា ស្ថិតនៅក្រោមការការពារ និងអភិរក្សរបស់ក្រសួងបរិស្ថាន រដ្ឋ​លេខា​ធិការ​ក្រសួង​បរិស្ថាន នេត្រ ភក្ត្រា គូសបញ្ជាក់ថា ព្រឹត្តិការណ៍របៀបនេះ នឹងត្រូវ​សហការ​រៀប​ចំបន្ត​ទៀត​ជា​មួយ​សហព័ន្ធ​កីឡា យានយន្តកម្ពុជាដើម្បីផ្សព្វផ្សាយពី​តំបន់ ការពារធម្មជាតិរបស់កម្ពុជា ដល់ប្រជា​ពល​រដ្ឋ​ខ្មែរ និងប្រជាជននៅលើពិភពលោកដើម្បីឲ្យពួកគាត់ បានដឹងពីភាពសម្បូណ៌បែប នៃធនធានធម្មជាតិ និងជីវៈ​ចម្រុះនៅក្នុងប្រទេស​កម្ពុជា​និង​រួមគ្នា​អភិរក្ស​ឲ្យ​បាន​គង់​វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ត​ទៅ​មុខ​ទៀត​៕​