ជំរុញការដាំឈើធ្នង់លើផ្លូវលំនៅជុំវិញតំបន់ប្រាសាទបន្ទាយឆ្មារ

0
750

បន្ទាយមានជ័យៈ មន្ត្រីជំនាញ មន្ត្រីអាជ្ញាធរដែនដី មន្ត្រីកងកម្លាំងប្រដាប់អាវុធ និងសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យបានជម្រុញដាំឈើធ្នង់អោយបានច្រើនលើផ្លូវលំ ផ្លូវជាតិ ផ្លូវខេត្តនៅជុំវិញតំបន់ប្រាសាទបន្ទាយឆ្មារឃុំបន្ទាយឆ្មារស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។

លោកស្រីម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យបានជម្រុញដូចខាងលើ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ ខណៈចូលរួមជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើថ្មពួក មន្ត្រីបរិស្ថានុរក្សតំបន់ការពារទេសភាពបន្ទាយឆ្មារអនុវត្តជាក់ស្តែងដាំឈើធ្នង់ធំៗចំនួន៨០០ដើម លើ២៨០០ដើមនៅលើផ្លូវលំប្រវែង៤.៦០០ម៉ែត្រភ្ជាប់ពីផ្លូវព័ទ្ធខាងក្រៅនៃកសិណប្រាសាទបន្ទាយឆ្មារទៅប្រាសាទយាយគុំ ប្រាសាទចិញ្ចឹមត្រីនិងទៅអាងជើងគ្រុះក្នុងឃុំបន្ទាយឆ្មារដ្រុកថ្មពួក ។

បើតាមលោក ដុំ ឈាង នាយរងសង្កាត់រដ្ឋបាលព្រៃឈើថ្មពួកនិងលោកហេង សុភ័ក្ត្រ មេឃុំបន្ទាយឆ្មារឲ្យដឹងថា ឈើធ្នង់ធំៗដែលនាំមកដាំខាងលើ ជាអំណោយរបដ់លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាននិងលោកជំទាវម៉ៅ ម៉ាល័យកែ គឹមយ៉ាន។

ហើយកន្លងមកនេះ លោកនិងលោកស្រីក៏បានឧបត្ថម្ភកូនឈើប្រណីតរាប់ពាន់ដើម យកទៅដាំលើសងខាងផ្លូវលំពិភូមិគោកសំរោងឃុំបន្ទាយឆ្មារចូលទៅអាងជើងគ្រុះ ។ ហើយផ្លូវលំនេះនិងផ្លូវលំប្រវែងវេង ខ្លី៣២ខ្សែទៀតដែលប្រើអំណោយលោកនិងលោកស្រីបានជួសជុលរួចហើយ កាលពីអំឡុង
ខែមីថុនានិងកក្កដាឆ្នាំ២០១៨កន្លងមកនោះ ក៏នឹងត្រូវជម្រុញអោយមានការដាំដើមឈើឡើងវិញដែរ។

ជាងនេះទៅទៀត ផ្លូវខេត្តកាត់មុខប្រាសាទបន្ទាយឆ្មារនិងផ្លូវជាតិលេខ៥៦ កាត់តំបន់ប្រាសាទបន្ទាយឆ្មារក៏នឹងត្រូវជម្រុញអោយដាំឈើឡើងវិញដែរ ក្នុងបំណងធ្វើឲ្យមានដើមឈើនិងព្រៃឡើងវិញ ក៏ដូចជាលើកកម្ពស់បរិស្ថានធនធានធម្មជាតិនៅតំបន់រមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្របន្ទាយឆ្មារនិងតំបន់ការពារទេសភាពបន្ទាយឆ្មារ។

ចំណែកលោកស្រីម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអោយដឹងថា យោងចលនាជម្រុញដាំដើមឈើនេះ អង្គភាពកងវរៈសេនាតូចលរខ៥១៤នៃកងពលតូចថ្មើរជើងលេខ៥១ បានសន្យាឧបត្ថម្ភដើមធ្នងធំៗដែលគាស់ពីព្រៃនិងផ្សាំចំនួន១,០០០ដើមសម្រាប់នាំទៅដាំបន្ថែមនៅបរិវេណសាកលវិទ្យាល័យមានជ័យសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណនៅថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខ ចំពេលមានការរៀបចំពិធី ប្រណាំងទូក’’ង’’ថ្នាក់ខេត្ត និងមានព្រឹត្តិការប្រពៃណិនិងកំសាន្តសប្បាយជាច្រើននោះ៕