បុណ្យ​ទន្លេ​ឆ្នាំ​នេះ ភ្ញៀវ​ទៅ​លេងអាចកើនដល់កន្លះ​លាន​នាក់

0
643

លោក ថោង ខុន ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ បាន​បង្ហាញ​ការ​រំពឹង​ទុក​ថា នឹង​មាន​ភ្ញៀវ​ទេសចរ ៥០ម៉ឺន​នាក់ ចូល​រួម​ទស្សនា​កម្សាន្ត ​ក្នុង​ពិធី​បុណ្យ​ទន្លេ លើក​ទី​៥ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខេត្ត​កំពង់ឆ្នាំង ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់ ​១៧​ ខែ​មីនា ឆ្នាំ​២០១៩​។

​លោក​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​លើកឡើង​ដូច្នេះ នៅ​ក្នុង​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ការងារ​ត្រៀម​រៀបចំ​ចុងក្រោយ កាល​ពី​ថ្ងៃទី១១ ខែ​មីនា ឆ្នាំ​២០១៩ ដែល​មានការ​ចូលរួម​ពី​លោក ឈួរ ច័ន្ទឌឿន អភិបាល​ខេត្ត​កំពង់ឆ្នាំង និង​លោកស្រី ដោក សទ្ធា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង។

ក្នុង​កិច្ច​ប្រជុំ​ខាងលើ លោក​រដ្ឋមន្ត្រី ថោង ខុន បាន​សង្កត់​ធ្ងន់​អំពី​ការ​ពង្រឹង​សុវត្ថិភាព​ទូទៅ សុវត្ថិភាព​ចរាចរណ៍ សន្តិសុខ​សណ្ដាប់​ធ្នាប់​ក្នុង​ពិធី និង​ទូទាំង​ក្រុង​កំពង់ឆ្នាំង ពិសេស​គឺ​ត្រូវ​សម្រួល​ចរាចរណ៍ និង​ថែរក្សា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ និង​គណៈអធិបតី​ឲ្យ​បាន​ល្អ​ប្រសើរ។

លោក​រដ្ឋមន្ត្រី​ បាន​ណែនាំ​ឲ្យ​ក្រុម​ការងារ​បន្ថែម​ការ​តុបតែង​ភ្លើង​លម្អ នៅ​កន្លែង​មួយ​ចំនួន​ទៀត ពិសេស​ភ្លើង​លម្អ​នៅ​តាម​ដើម​ឈើ ទីសាធារណៈ​ជាដើម ខណៈ​ការ​តុបតែង​លម្អ​នៅ​កន្លែង​នានា ក្រុម​ការងារ​ ក៏​បាន​ខិតខំ​ធ្វើ​យ៉ាង​ល្អ​ប្រសើរ​មក​ហើយ​ដែរ​។

 

ពិសេស​លើស​ពី​នេះ លោក​រដ្ឋមន្ត្រី ថោង ខុន ក៏​បាន​ស្នើ​ដល់​អគ្គិសនី​កម្ពុជា សូម​កុំ​ឲ្យ​មាន​ការ​ដាច់​ភ្លើង​អគ្គិសនី​ក្នុង​ពេល​ពិធី​បុណ្យ​ទន្លេ រយៈ​ពេល​៣ថ្ងៃ​នោះ​ឲ្យ​សោះ​។ ចំពោះ​កម្មវិធី​សម្ដែង​សិល្បៈ ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ជា​ដើម​នោះ គឺ​មាន​ការ​ត្រៀម​រួច​រាល់​អស់ ខណៈ​ដែល​ក្រុម​ការងារ​នៅ​តែ​ហាត់​សម​រៀល​រាល់​ថ្ងៃ ដើម្បី​ញ៉ាំង​បរិយាកាស​ក្នុង​ពិធី​បុណ្យ​ទន្លេ​ខាងមុខ​នោះ ឲ្យ​កាន់តែ​អធិកអធម។ ការ​រៀបចំ​ព្រឹត្តិការណ៍​សិល្បៈ​នេះ​ទៀត​សោត ក៏​មាន​ការ​សម្ដែង​សិល្បៈ​ពី​ក្រុម​សិល្បករ​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ផង​ដែរ ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ នៃ​ទំនាក់ទំនង​ការ​ទូត​រវាង​កម្ពុជា-ឥណ្ឌូណេស៊ី​។

លោក​រដ្ឋមន្ត្រី​ បាន​ណែនាំ​ដល់​ភោជនីយដ្ឋាន អាហារដ្ឋាន​ទាំងអស់​ក្នុង​ក្រុង​កំពង់ឆ្នាំង ត្រូវ​ស្លៀក​ពាក់​ឯកសណ្ឋាន​ឲ្យ​បាន​ស្អាត​បាត​ត្រឹមត្រូវ ដើម្បី​ត្រៀម​ទទួល​ភ្ញៀវ​ទេសចរ ដែល​មក​ទស្សនា​កម្សាន្ត ក្នុង​ពិធី​បុណ្យ​ទន្លេ ព្រម​ទាំង​សូម​ចូលរួម​ក្នុង​យុទ្ធនាការ «គ្មាន​សំរាម​ក្រោម​តុ​ នៅ​តាម​ភោជនីយដ្ឋាន-អាហារដ្ឋាន» ឲ្យ​បាន​សស្រាក់សស្រាំ​ផង​ដែរ​។

លោក​រដ្ឋមន្ត្រី​នៅ​តែ​ជំរុញ​ឲ្យ​យុវជន ក៏ដូចជា​អ្នក​មាន​គូស្រករ គប្បី​ចូលរួម​ដាំដើម​ឈើ​ក្នុង​ពិធី​បុណ្យ​ទន្លេ ទុក​ជា​អនុស្សាវរីយ៍​ឲ្យ​បាន​កុះករ ដើម្បី​ចូលរួម​ដល់​ការ​ការពារ​បរិស្ថាន​។

ពិធី​បុណ្យ​ទន្លេ​លើក​ទី​៥​នេះ ធ្វើឡើង​ក្រោម​ប្រធានបទ «ទន្លេ៖ ផ្សារ​ភ្ជាប់​សន្តិភាព ប្រជាជន និង​ទេសចរណ៍» ហើយ​នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​ ប៊ុន រ៉ានី ហ៊ុនសែន ផង​ដែរ​៕