តំបន់ទឹកធ្លាក់ជ្រាវ នឹងពង្រីកខ្លួទៅជា តំបន់ទេសចរណ៍ផ្សងព្រេង

0
786
រូបភាព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

កំពង់ស្ពឺ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ជាមួយនឹងកំណើនភ្ញៀវទេសចរ ដែលចូលចិត្តដើរកម្សាន្តបែបផ្សងព្រេងនៅតាមព្រៃភ្នំនោះ ក្រសួងទេសចរណ៍ បាននិងកំពុងរៀបចំរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ជ្រាវ ទៅជាតំបន់ទេសចរណ៍បែបផ្សងព្រេង ដែលមានស្ដង់ដាររសហគមន៍ត្រឹមត្រូវ បន្ថែមពីលើសក្ដានុពលដែលមានស្រាប់នៅរមណីយដ្ឋាននេះ។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងពិធីសំណេះសំណាល ជាមួយប្រជាសហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ជ្រាវ ស្ថិតនៅភូមតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩។ សហគមន៍នេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០១ មកម្ល៉េះ។

រូបភាព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

ការប្រកាសបែបនេះបានន័យថា ក្រៅពីតំបន់អេកូទេសចរណ៍ដទៃទៀត ដូចជា សហគមន៍អេកូទេសចរណ៍ជីផាត និងសហគមន៍អារ៉ែង នៅខេត្តកោះកុង សហគមន៍កំពង់ភ្លុក នៅខេត្តសៀមរាប កម្ពុជានឹងមានសហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ជ្រាវ នៅខេត្តកំពង់ស្ពឺនេះមួយទៀត ដើម្បីបម្រើដល់សេចក្ដីត្រូវការរបស់ភ្ញៀវទេសចរ ដែលកំពុងមានការកើនឡើងជារៀងរាល់ឆ្នាំ។

ឯកឧត្តមបានណែនាំដល់ក្រុមការងាររៀបចំស្ដង់ដាររ និងក្រុមការងារបណ្ដុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថា ការជ្រើសរើសមនុស្សមកបណ្ដុះបណ្ដាល ឱ្យក្លាយទៅជាមគ្គុទ្ទេសក៍នាំផ្លូវភ្ញៀវទេសចរ ត្រូវតែជ្រើសរើសប្រជាជននៅក្នុងសហគមន៍ផ្ទាល់ ព្រោះប្រជាជននៅទីនោះជាម្ចាស់ស្រុកស្រាប់ ពួកគាត់ស្គាល់ផ្លូវ និងភូមិសាស្ត្រនៅក្នុងតំបន់របស់ពួកគាត់ច្បាស់ជាង ហើយពួកគាត់ក៏នឹងទទួលបានចំណូលបន្ថែមពីការងារនេះផងដែរ។

រូបភាព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

ឯកឧត្តម ថោង ខុន បានបន្តថា ចំពោះវិស័យឯកជនក៏អាចវិនិយោគលើវិស័យទេសចរណ៍នៅទីនោះបានដែរ ប៉ុន្តែបានតែទៅលើការវិនិយោគខ្នាតតូច និងមធ្យមប៉ុណ្ណោះ ដូចជាការវិនិយោគលើការបង្កើតផ្ទះស្នាក់ ការបង្កើត Eco-lodges ភោជនីយដ្ឋាន អាហារដ្ឋាន ឬជួលសម្ភារៈប្រើប្រាស់សម្រាប់ភ្ញៀវទេសចរជាដើម «ដាច់ខាតវិស័យឯកជន មិនអាចធ្វើជាម្ចាស់សហគមន៍ ជំនួសប្រជាជនបានទេ»។

ទន្ទឹមនឹងការរៀបចំស្ដង់ដារសហគមន៍ នៅតំបន់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ជ្រាវនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើដល់គ្រប់ភាគីទាំងអស់ ពិសេសសមាគម៍ទីភ្នាក់ងារទេសចរណ៍កម្ពុជា ជួយផ្សព្វផ្សាយអំពីផលិតទេសចរណ៍នៅតំបន់ ទៅកាន់ភ្ញៀវទេសចរឱ្យបានទូលំទូលាយថែមទៀត។
ម្យ៉ាងទៀត ឯកឧត្តមក៏បានស្នើដល់ក្រសួង-មន្ទីរពាក់ព័ន្ធសូមជួយកែលម្អ និងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតផង ដូចជា សេវាទូរស័ព្ទ-អ៉ីនធឺរណេត ផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៥៣ បណ្ដាញអគ្គិសនី ទឹកស្អាតសម្រាប់ប្រជាជន និងភ្ញៀវទេសចរប្រើប្រាស់ជាដើម។

រូបភាព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

ឯកឧត្តមរដ្ឋមន្ត្រីដ៏សកម្មរូបនេះក៏បានស្នើយ៉ាងទទូចដល់ប្រជាសហគមន៍ជ្រាវ ប្រសិនមានសកម្មភាពកាប់ព្រៃឈើ បរបាញ់សត្វព្រៃ សូមបញ្ឈប់ជាបន្ទាន់ ដើម្បីរក្សាការពារនូវធនធានធម្មជាតិ សម្រាប់បម្រើដល់វិស័យទេសចរណ៍ ពីព្រោះភ្ញៀវទេសចរតែងតែចង់ឃើញនូវអ្វីដែលមាននៅក្នុងសហគមន៍ និងតំបន់ការពារធម្មជាតិទាំងនោះ បើគ្មានធនធានធម្មជាតិទាំងអស់នោះទេ ភ្ញៀវទេសចរក៏គ្មានអ្នកណាគេមកទស្សនាកម្សាន្តនោះទេ ហើយប្រជាសហគមន៍ខ្លួនឯងក៏គ្មានកម្រៃដោះស្រាយជីវភាពប្រចាំថ្ងៃនោះដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីភាពជោគជ័យ ក្នុងការរៀបចំសហគមន៍អេកូទេសចរណ៍ជីផាត សហគមន៍អារ៉ែង ប្រាប់ដល់ប្រជាជននៅក្នុងសហគមន៍ធម្មជាតិទឹកធ្លាក់ជ្រាវឱ្យបានជ្រាប និងយកតម្រាប់តាមផងដែរ។

រូបភាព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

សូមជម្រាបថា រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ជ្រាវ មានទីតាំងស្ថិតនៅភូមតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ចម្ងាយពីរាជធានីភ្នំពេញប្រមាណ ១០០គីឡូម៉ែត្រ និងពីទីរួមខេត្តកំពង់ស្ពឺ (ក្រុងច្បារមន) តែប្រមាណ៨០គីឡូម៉ែត្រប៉ុណ្ណោះ។ រមណីយដ្ឋាននេះមានទឹកធ្លាក់ដល់ទៅ ៧ជាន់ ដ៏សែនត្រជាក់ល្ហឹម ហើយនៅបរិវេណជុំវិញក៏ហ៊ុព័ទ្ធទៅដោយភ្នំ នៃជួរភ្នំក្រវាញ យ៉ាងស្រស់ត្រកាលផងដែរ៕