ទឹក​ក្នុង​កសិន្ធុអង្គរវត្តហួត​អស់ជាង១ម៉ឺនម៉ែត្រ​គូប​ក្នុង១ថ្ងៃៗ

0
926

សៀមរាបៈ លោក ភឿន សុឃីម អនុ​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រងទឹ​ក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​ឱ្យដឹងថា ក្នុងមួយ​ថ្ងៃៗ ទឹកក្នុង​កសិន្ធុ​អង្គរវត្ត​បាត់បង់​អស់​ប្រហែល​ជាង​មួយ​ម៉ឺន​ម៉ែត្រគូប (ស្រក​ប្រហែល១ហ៊ុន/២ហ៊ុន) ដោយការ​រំហួត​ទៅ​បរិយាកាស​ផង និងការ​ជ្រាប​ទឹក​ទៅក្នុង​ដីផង។ នេះបើតាម​ការ​ចុះផ្សាយ​នៅ​លើ​ទំព័រហ្វេសប៊ុក​អាជ្ញាធរ​ជាតិ​អប្សរា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ​២០១៩។

យ៉ាងណាក្តី លោក​អះអាង​ថា ទោះបីការ​រំហួត​ទឹក មាន​កម្រិត​ធំ តែមិន​ធ្វើឱ្យ​ប៉ះពាល់​ដល់​បរិមាណ​ទឹក​ក្នុង​កសិន្ធុ​ប្រាសាទ​អង្គរវត្ត​នោះ​ឡើយ ព្រោះ​កសិន្ធុ​អាចផ្ទុកទឹក​បាន​សរុប​ជាង១លាន​ម៉ែត្រ​គូប ព្រមទាំង​មានការ​បញ្ចូលទឹក​ជា​ប្រចាំ​ផងដែរ។

អាជ្ញាធរជាតិ​អប្សរា ក៏បាន​សហការ​ជាមួយ​រដ្ឋាករ​ទឹកស្វយ័ត​សៀមរាប​ជាប្រចាំ ក្នុងការ​គ្រប់គ្រង​ទឹក​ក្រោមដី ធ្វើ​យ៉ាងណា​កុំឱ្យ​ការ​បូមទឹក​ក្រោមដី​យកមក​ប្រើប្រាស់​ ប៉ះពាល់​ទៅដល់​ស្រទាប់​ទឹក​ក្រោម​ដី ដែលអាច​នឹងមាន​ហានិភ័យ​ដល់ការ​អភិរក្ស​ប្រាសាទ​ក្នុង​តំបន់​រមណីយ​ដ្ឋាន​អង្គរ។

លើសពីនោះ​ទៅទៀត អាជ្ញាធរជាតិ​អប្សរា ក៏បាន​ស្តារ​ឡើងវិញ​នូវ​ប្រព័ន្ធ​ផ្លូវទឹក​បុរាណ​ ដើម្បី​បង្ហូរ​ទឹក​ពី​កសិន្ធុ​ទីក្រុង​អង្គរធំ ទៅ​កសិន្ធុ​ប្រាសាទ​អង្គរវត្ត ត្រង់​ចំណុច​ទន្លេអុំ​ខាងកើត​តាម​ច្រក​សំពៅ​លូន។ ដូច្នេះ​ហើយ​ទើបធ្វើឱ្យ​ទឹក​ក្នុង​កសិន្ធុ​ប្រាសាទ​អង្គរវត្ត​ធានា​បាន​តុល្យភាព មិន​រីងស្ងួត និងរក្សា​បាន​នូវភាព​ស្រស់ស្អាត​ក្នុង​កសិន្ធុជានិច្ច។ នេះបើតាម​ការរៀបរាប់​បន្ថែម​របស់​លោក ភឿន សុឃីម។

អាជ្ញាធរ​ជាតិ​អប្សរា​ បញ្ជាក់​ថា ស្ថានភាព​ទឹកក្រោម​ដី និងលើដី​ សុទ្ធតែ​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ប្រាសាទ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ពិសេស​ប្រាសាទ​អង្គរវត្ត។ ដូច្នេះ ការ​រក្សាទឹក​ឱ្យមាន​តុល្យភាព​ទាំង​រដូវប្រាំង និង​រដូវវស្សា​ក្នុង​កសិន្ធុ គឺ​ចាំ​បាច់​បំផុត​ទាមទារ​ឱ្យការ​គ្រប់គ្រង​ទឹក​បាន​ត្រឹមត្រូវ ដើម្បី​ទ្រទ្រង់​ប្រាសាទ និង​រក្សា​សោភ័ណភាព​សម្រាប់​រមណីយដ្ឋាន​ទាំងមូល៕