អាមេរិក​គ្រោង​ចំណាយ​ ២១​លាន​ដុល្លារ​ដើម្បី​អភិរក្ស​ព្រៃ​ឡង់

0
855

រដ្ឋាភិបាល​អាមេរិក តាមរយៈ​អង្គការ USAID គ្រោង​ចំណាយ​ថវិកា​ជាង​២១​លាន​ដុល្លារ​អាមេរិក ដើម្បី​អនុវត្តន៍​គម្រោង​ថ្មី​មួយ សម្រាប់​អភិវឌ្ឍ និង​អភិរក្ស​ព្រៃ​ឡង់​នៅ​កម្ពុជា​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ តាមរយៈ Facebook ផ្លូវការ​របស់​លោក​នៅ​ថ្ងៃទី​២១ ខែ​មីនា​។

​គម្រោង​ថ្មី ដែល​មាន​រយៈពេល​៥​ឆ្នាំ នេះ ត្រូវ​បាន​បញ្ជាក់​ក្នុង​ជំនួប​ពិភាក្សា រវាង​លោក​រដ្ឋមន្ត្រី វេង សាខុន និង​លោកស្រី សាន អី​លី នាយក​គម្រោង​សុវត្ថិភាព​ស្បៀង និង​បរិស្ថាន​, លោក​ម៉ា​ធ្យូ អែ​ដ​វុ​ធ​សិន ប្រធាន​គម្រោង​ព្រៃ​ឡង់​បៃតង និង​សហការី​។​

«​ស្ថានភាព​នៃ​ការប្រែប្រួល​អាកាសធាតុ ជល​សាស្ត្រ ប្រព័ន្ធ​អេកូឡូស៊ី ខ្សែ​ច្រវាក់​ផលិតកម្ម និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​សមត្ថភាព​របស់​ស្ថាប័ន ពាក់ព័ន្ធ​បន្ស៉ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ នៅក្នុង​តំបន់​ដែន​ជម្រក​សត្វ ព្រៃ​ព្រៃ​ឡ​ង់​»

​លោកស្រី​ សាន អី​លី បាន​បញ្ជាក់ជូន​លោក​រដ្ឋមន្ត្រី​កសិកម្ម​ថា គោលបំណង​សំខាន់ៗ​របស់​គម្រោង​មាន​៣ ទី​១៖ ស្វែងយល់​ពី​ស្ថានភាព​នៃ​ការប្រែប្រួល​អាកាសធាតុ ជល​សាស្ត្រ ប្រព័ន្ធ​អាកូឡូស៊ី​នៅ​តំបន់​នោះ ទី​២៖ ស្វែងយល់​ពី​ខ្សែ​ច្រវាក់​ផលិតកម្ម និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ និង​ទី​៣៖ សមត្ថភាព​របស់​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការ​បន្ស៊ាំ នឹង​ការប្រែប្រួល​អាកាសធាតុ ដើម្បី​កំណត់​អាទិភាព​នៃ​ការអនុវត្ត​គម្រោង​នេះ ដែល​មាន​រយ​:​ពេល​៥​ឆ្នាំ (២០១៨-២០២២)​។​

​យ៉ាងណាមិញ លោក​រដ្ឋមន្ត្រី​វេង សាខុន បាន​មានប្រសាសន៍ថា គម្រោង​នេះ​ពិតជា​នឹង​ជួយ​កែ​លម្អ និង​ថែរក្សា​សុខភាព​ប្រព័ន្ធ​អេកូឡូស៊ី​ព្រៃ និង​ទឹក​ជុំវិញ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ តាមរយ​:​ការអភិវឌ្ឍ និង​ការគ្រប់គ្រង​ប្រកបដោយ​ចីរភាព ក្នុង​ដែន​វិសាលភាព​ព្រៃ​ឡ​ង់​។​

​គួរបញ្ជាក់​ថា ព្រៃ​ឡង់​បាន​គ្របដណ្តប់​លើ​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​កំពង់ធំ ក្រចេះ ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ​។ បច្ចុប្បន្ន​ព្រៃ​ឡ​ង់ ជា​តំបន់​កំពុង​អភិរក្ស ដែល​មាន​ការចូលរួម​ពី​អង្គការ​សង្គម​ស៊ីវិល ផ្នែក​បរិស្ថាន និង​សត្វព្រៃ រួមជាមួយ​ការចូលរួម​សហការ ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ក្រសួង​បរិស្ថាន​៕