ព្រះបដិមា​គេយកទៅ​អាមេរិកជិត១០០ឆ្នាំ ត្រូវអនិកជនខ្មែរយកមកកម្ពុជាវិញ

0
827

ភ្នំពេញៈ រូបចម្លាក់ព្រះភៃសជ្យគុរុ «ព្រះពុទ្ធគ្រូសម្តេចថ្នាំ» ធ្វើឡើងនៅដើមសតវត្សទី១៣ មានរចនាបទបាយ័ន ដែលបានឃ្លាតឆ្ងាយពីប្រទេសកម្ពុជាអស់រយៈពេលប្រមាណ៨៩ឆ្នាំ ត្រូវបានអនិជនខ្មែរជាវពីអ្នកថែរក្សានាំយកមកមាតុភូមិកម្ពុជាវិញ បន្ទាប់ពីបានប្រទះឃើញដាក់លក់នៅក្នុងរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក។

ព្រះបដិមាត្រូវបាននាំមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩នេះ ដោយមានការដង្ហែយ៉ាងអធិកអធមចាប់តាំងពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រហូតដល់ដល់សារមន្ទីរជាតិ។ ការប្រគល់បដិមា ព្រះភៃសជ្យគុរុ «ព្រះពុទ្ធគ្រូសម្តេចថ្នាំ» បានធ្វើឡើងនៅចំពោះមុខលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅសារមន្ទីរជាតិ ក្នុងរាជធានីភ្នំពេញ។

លោក ដេវិត ឡេង អនិកជនខ្មែរ រស់នៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក មានមុខរបរជាវេជ្ជបណ្ឌិត បានថ្លែងឱ្យដឹងថា ព្រះដបិមានេះ បាននាំចេញពីប្រាសាទអង្គរវត្តនៅឆ្នាំ១៩៣០ ហើយម្ចាស់ដែលបានថែរក្សា «ព្រះពុទ្ធគ្រូសម្តេចថ្នាំ» អង្គនេះគាត់បានស្លាប់ប្រហែល ១០០ឆ្នាំមកហើយ។ បន្ទាប់មកត្រូវបានអ្នកមានជំនឿនាំព្រះអង្គហែរហមនៅជុំវិញពិភពលោកនៅតាមសារមន្ទីរនានា រហូតចុងក្រោយក្រុមគ្រួសារ អ្នកថែរក្សាព្រះពុទ្ធគ្រូសម្តេចថ្នាំនេះ ក៏បានសម្រេចចិត្តដាក់លក់តែម្តង។

ជាមួយគ្នានេះដែរអនិកជនខ្មែរ-អាមេរិករូបនេះ បានបន្តថា ពីមុនលោកបានយល់សុបិនឃើញព្រះភៃសជ្យគុរុ «ព្រះពុទ្ធគ្រូសម្តេចថ្នាំ»។ បន្ទាប់ពីយល់សុបិនឃើញមកនៅប៉ុន្មានឆ្នាំក្រោយមក លោកបានប្រទះឃើញដាក់តាំងនៅសារមន្ទីរក្នុងរដ្ឋហាវ៉ៃ ប៉ុន្តែលោកមិនហ៊ានជាវនោះទេ។

លោកបន្តថា លុះក្រោយមកលោកក៏ប្រទះឃើញគេដាក់លក់លោក ហើយក៏ជាវបាននៅពេលថ្មីៗនេះ ដើម្បីនាំយកមកមាតុភូមិកម្ពុជាវិញ ដើម្បីទុកជាសម្បត្តិវប្បធម៌ជាតិ និងទុកជាទីសក្ការបូជាសម្រាប់កូនចៅខ្មែរជំនាន់នេះ និងជំនាន់ក្រោយ សង្ឃឹមថា ជួយប្រោសព្រំកូនខ្មែរ ឱ្យជៀសផុតពីជំងឺកាចសាហាវទាំងឡាយ។

នៅក្នុងឱកាសនោះលោកស្រី ភឿង សកុណា ក៏បានស្នើទៅប្រជាពលរដ្ឋខ្មែររស់នៅក្នុងប្រទេស ឬក្រៅប្រទេសក្តី ប្រសិនបើប្រទះឃើញមានការជួញដូរវត្ថុបុរាណរបស់ជាតិ ហើយសូមជូនដំណឹងរបស់ក្រសួងពាក់ព័ន្ធ ដើម្បីមានវិធានការទប់ស្កាត់តាមផ្លូវច្បាប់ ដើម្បីនាំយកវត្ថុបុរាណទាំងអស់ដែលនៅរាយប៉ាយទូទាំងពិភពលោកត្រឡប់មកកម្ពុជាវិញ។

លោកស្រីរដ្ឋមន្ត្រី បានបន្តថា «ការប្រគល់វត្ថុបុរាណនេះ មិនមែនជាលើកដំបូងឡើយ គឺកន្លងមកធ្លាប់មានប្រជាពលរដ្ឋច្រើននាក់ហើយ ដែលស្គាល់ពីតម្លៃបេតិកភណ្ឌ ក្នុងន័យរួមគ្នាថែរក្សាវត្ថុសិល្បខ្មែរ។ ក្រោមម្លប់សន្ដិភាព ចាប់តាំងពីឆ្នាំ១៩៩៦ មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលមកវិញ នូវវត្ថុបុរាណខ្មែរជាច្រើនរួមមាន៖ បដិមាថ្ម, គ្រឿងអលង្ការសំរឹទ្ធ, ឆ្អឹងសពបុរាណ, ព្រះពុទ្ធបដិមា, សិលាស្លឹករឹត និងវត្ថុតូចធំមួយចំនួនទៀត ដែលបានប្រគល់ស្ម័គ្រចិត្ត ពីសំណាក់ប្រទេសផ្សេងៗ រួមមាន៖ បារាំង, អាមេរិក, អូស្ដ្រាលី, ថៃ, ស្វីស, ហូឡង់ដ៍ និងជប៉ុន»។

លោករដ្ឋមន្ត្រី បានអះអាងថា ចាប់តាំងពីឆ្នាំ១៩៩៣ មកដល់បច្ចុប្បន្ន ព្រះបដិមា និងវត្ថុបុរាណ ដែលជនខិលខូចលួចជួញដូរក្នុងសម័យសង្រ្គាមជិត ៧០០ហើយ ត្រូវបានរកឃើញ និងទទួលយកមកពីបណ្តាប្រទេសនានា ភាគច្រើនបានមកពីប្រទេសថៃ។ ក្រៅពីនោះ ក៏មានការប្រគល់ដោយស្ម័គ្រចិត្តពីសប្បុរសជនជាតិ និងអន្ដរជាតិ ជាបន្ដបន្ទាប់ ដែលនេះបង្ហាញឱ្យឃើញពីការវិវឌ្ឍន ដោយវិជ្ជមាននៃសិល្បៈ និងវប្បធម៌កម្ពុជា។ ព្រះបដិមា និងវត្ថុបុរាណភាគច្រើនរកឃើញមកពីប្រទេសថៃ ហើយក៏មានពីសហរដ្ឋអាមេរិក ហើយមួយចំនួនទៀត មកពីប្រទេសបារាំង ហើយក៏មានរបស់ឯកជនផងដែរ៕