រមណីយដ្ឋាន «ហ្លួងព្រះស្តេចកន» តំបន់សក្តានុពលដ៏ទាក់ទាញនៃខេត្តត្បូងឃ្មុំ

0
1432

ត្បូងឃ្មុំ៖ រមណីយដ្ឋានហ្លួងព្រះស្ដេចកន ឬបន្ទាយព្រៃនគរ មានទីតាំងស្ថិតនៅ ភូមិបន្ទាយព្រៃនគរ ឬភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្ដត្បូងឃ្មុំមានចម្ងាយ ៤៩ គ.ម ពីទីក្រុងកំពង់ចាម តាមផ្លូវជាតិលេខ ៧ ។

រមណីយដ្ឋានប្រាសាទបន្ទាយព្រៃនគរ មានកំពែងព័ទ្ធជុំវិញរាងការ៉េ ប្រវែង ២.៥០០ម​ក្នុង​មួយ​ជ្រុងៗ ។ កំពែងនេះសង់ឡើងដោយដីល្បាប់ខ្សាច់់ មានកំពស់ ៥ម.ទៅ ៧ម.ទទឹង ២០ម.ទៅ២៥ម. តែត្រូវបាក់ស្រុតមួយភាគធំ។ នៅលើខ្នងទំនប់ និងសងខាងទំនប់ មានដាំឬស្សីយ៉ាងក្រាស់។

លោក អឿន រិទ្ធ ប្រធានមន្ទីរទេស ចរណ៍ខេត្តត្បូងឃ្មុំបានរៀបរាប់ពីប្រវត្តិសាស្ត្រដើមយ៉ាង ក្បោះក្បាយឲ្យដឹងថា បន្ទាយព្រៃនគរ ជាសំណង់ប្រវត្ដិសាស្ដ្រ បង្ហាញឡើងក្នុងលក្ខណៈជា សំណង់ ឥដ្ឋ រួមមានប្រាសាទ និងទួលបុរាណ ។

ក្នុងចំណោមសំណង់ទាំងនោះមានប្រាសាទព្រះធាតុធំ និងព្រះធាតុតូច ។ ក្រៅពីសំណង់​ទាំងនោះ​ត្រូវ​បាន​ខូចខាតបាក់បែកគ្មានសល់ ។ ប្រាសាទព្រះធាតុធំ មានតួប៉ម ៣ សង់អំពីឥដ្ឋ ។

ក្រុមប្រាសាទនេះស្ថិត នៅក្នុងបរិវេណបន្ទាយព្រៃនគរ នៅពីក្រោយព្រះវិហារវត្ដរីឯព្រៃនគរ ក្នុងតែម្ដង ។តួប៉មទាំង៣ នៃប្រាសាទបានខូចខាតទាំងស្រុង នៅតួប៉ម មួយផ្នែកខាងជើង ហើយសព្វថ្ងៃត្រូវបានចាក់ដីលុប ។ ប្រាសាទនេះមាន រាងការ៉េស្ទើរស្មើជ្រុង មានបណ្ដោយ ៦.៨ម ទទឹង ៦.៤ម ។

ប្រាសាទ តួប៉មខាងត្បូងកសាងក្នុងរជ្ជកាលព្រះបាទ ភវរ្ម័នទី១ ក្នុងសតវត្សទី៦ ។ ក្នុងសម័យ​អន្ដរ​កាល​រវាងសម័យ ហ្វូណន និងសម័យចេនឡា ។ប្រាសាទតួប៉ម កណ្ដាល និងខាងជើង ដែល​បាន​រលំ​បាក់​កសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ ។

ប្រាសាទនេះមានលក្ខណៈស្ថាបត្យកម្មស្រដៀងគ្នា និងប្រាសាទ ដទៃនៅ ប្រទេស​ខ្មែរ​ក្នុង​សតវត្សទី៩។ ក្រុមប្រាសាទព្រះធាតុតូច  ស្ថិតនៅក្នុងបរិវេណនៃបន្ទាយ​ព្រៃនគរ​ចំងាយ ​៣០០ម​ ពីក្រុមប្រាសាទ​ព្រះធាតុធំ។

​ក្រុមប្រាសាទព្រះធាតុតូចនេះ ប្រជាជនបានហៅថាចេតិយ៍៣ ឬព្រះធាតុ ៣។ ប្រាសាទ​នេះ​មាន​ទំហំ​តូច​ជាងប្រាសាទ ព្រះធាតុធំ ។ ប្រាសាទព្រះធាតុ មានទី តាំងស្ថិតលើទួលមាត់ត្រញំង ដែលមាន ទំហំបួន ជ្រុងទ្រវែង ។ ប្រាសាទ នេះធ្វើពីឥដ្ឋ ដែលមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង ។ ប្រាសាទ​នេះ​ កសាងឡើងនៅសម័យហ្វូណន ក្នុងរជ្ជកាលព្រះបាទភវរ្ម័នទី១ ក្នុងសតវត្សទី៦។

នៅសតវត្សទី១៦ ហ្លួងព្រះស្ដេចកន បានកសាងកំពែងព្រះវិហារវត្ដ អារាមមួយក្នុង បន្ទាយក្នុង និងកសាងវត្ដមួយ ដោយយកមាសខ្មៅ សាង ព្រះពុទ្ធរូបមួយព្រះអង្គមានព្រះព្នែន ១២ភ្នាប់ កំពស់ ២០ ភ្នាប់តំកល់ក្នុងប្រាសាទនោះ ។

ទ្រង់តាំងព្រះនាម ព្រះពុទ្ធរូបនោះថា ព្រះអង្គខ្មៅ ហើយ តាំងនាមចៅអធិការវត្ដនោះថា ព្រះអរិយញាណ សាគរអាប៉ា ប្រគេនរេហ៍ ពល ៥០០ នាក់ សំរាប់វត្ដ ។ ទ្រង់តាំងនាមវត្ដនោះថា វត្ដប្រាសាទ ខ្លះហៅថា វត្ដខ្មៅ ឬវត្ដព្រៃនគរក្នុង ។

ហ្លួងព្រះស្ដេចកន ត្រឡប់មកទួលបាសានវិញប្រ កាសឱ្យរកព្រះខាន់រាជ្យ ព្រះលំពែងជ័យ និងគ្រឿង ព្រះបញ្ជាក្សេត្រ ដើម្បីឡើង សោយរាជ្យសម្បត្ដិ ។

បើតាមរាជ ពង្សាវតា ខ្លះបានបញ្ជាក់ថា កាលដែលព្រះអង្គ ឡើងសោយរាជ្យនោះ ហ្លួងព្រះស្ដេចកន មានព្រះជន្មាយុទើបតែបាន ២៩ ព្រះវស្សាហើយមាននាម សំរាប់ រាជ្យថា ស្រីជេដ្ឋាធិរាជរាមាធិបតី ។ ព្រះអង្គទ្រង់បានបញ្ជាឱ្យមេទ័ព កៅ ដែលត្រូវ ជាឪពុកមាបង្កើត​ឱ្យលើក​ទ័ព​ទៅបង្ក្រាប​យក​ខេត្ដ​ណា ដែលមិនទាន់ចុះចូលជាមួយព្រះអង្គនៅឡើយ ។

លុះបានសន្ដិភាពបរិបូរណ៍ឡើងវិញហើយ ព្រះអង្គទ្រង់លើកឪពុកមាឱ្យឡើងឋានៈ​ជាស្ដេចចៅ​ហ្វ៊ាទ​ឡ្ហៈ​ ឯពួកបរិវារឯទៀតក៏ទទួលបានយសសក្ដិ ទៅតាមគុណបំណាច់រៀងៗខ្លួនដែរ ។

នៅគ.ស ១៥១៥ ព្រះបាទ ស្រីជេដ្ឋា ទ្រង់បានលើករាជធានីទៅតាំង នៅចន្លក់ដូនតី បានតែ៥ ខែ រួចលើក​ទៅតាំងនៅភូមិស្រឡប់ នៅទល់ ដែនខេត្ដត្បូងឃ្មុំ ស្រុកបា​ភ្នំរាជ​ធានីថ្មីនេះ​ជាបន្ទាយ​ថ្មី​មួយ​យ៉ាង​មាំ ដែលព្រះអង្គប្រទាននាមថា ក្រុងស្រឡប់ពិជ័យព្រៃនគរ ។

រាជពង្សាវតាខ្លះបានបញ្ជាក់ ថាព្រះ​បាទ ស្រីជេដ្ឋា ទ្រង់មានចំណូល ហឬទ័យខាងបរបាញ់សត្វ ចាប់ត្រី ទតរបាំ មហោស្រពតន្ដ្រី ។ក្នុងរជ្ជកាលរបស់ព្រះអង្គមានបោះប្រាក់ស្នឹង សាច់ប្រាក់សុទ្ធ មាន​រូបនាគ សំរាប់ប្រើប្រាស់ក្នុងប្រទេស ហើយមានប្រវត្ដិវិទូខ្លះបានសង្កត់សេចក្ដីថា នៅសម័យ​នោះ​អាណា​ប្រជានុរាស្ដ្របានសុខ សម្បូណ៍សប្បាយថែមទៀតផង ។

លោកប្រធានមន្ទីរបានបញ្ជាក់ឲ្យដឹងទៀតថា រមណីយដ្ឋានហ្លួងព្រះស្ដេចកន បច្ចុប្បន្ន​បាន​នឹង​កំពុង​ដឹក​នាំ អភិវឌ្ឍន៍ដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះ​រាជា​ណាច​ក្រក​ម្ពុ​ជា ក្នុងការស្ដារប្រព័ន្ធធារាសាស្ដ្រ ដើម្បីលើកស្ទួយផ្នែកកសិកម្ម និងប្រែក្លាយ​តំបន់​នេះ​ឱ្យ​ទៅជាតំបន់ កសិទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ប្រវត្ដិសាស្ដ្រ និងវប្បធម៌ដែល បង្ហាញ​ពីការ​គ្រប ដណ្ដប់ពណ៌ បៃតងនៃរមណីយដ្ឋាន ស្រប​តាម​គោល​នយោ​បាយ​ចតុកោណ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ។

បច្ចុប្បន្ន ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិចូលទស្សនាជាហូហែ ពិសេសនៅថ្ងៃ សៅរ៍ អាទិត្យ យ៉ាង​ច្រើន​កុះកក។ចំពោះសន្តិសុខ សុវត្ថិភាពវិញ អាជ្ញាធរខេត្តថ្មី បានយក​ចិត្ត​ទុក​ដាក់​ផ្តល់​ជូន​ភ្ញៀវ​ជាតិ​ អន្តរជាតិ ប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរផងដែរ ៕