វិស័យ​ឯកជន​មួយបាន​បង្កើត​សួន​សត្វ​ ​នឹងចិញ្ចឹម​អំបូរ​សត្វ​ព្រៃ​មួយ​ចំនួន​បន្ថែម​ទៀត​នៅមណ្ឌល​គិរី​

0
2003

ខេត្ត​មណ្ឌល​គិរី​ ជា​ខេត្ត​មួយ​សម្បូរ​សត្វ​ព្រៃ​គ្រប់​ប្រភេទ​រស់នៅ​ច្រើនយ៉ាង​ណាក្តី​ ​ប៉ុន្ដែ​ថ្មីៗ​នេះ​ វិស័យ​ឯកជន​បាន​បង្កើត​សួន​សត្វ​ ​ដើម្បី​ចិញ្ចឹម​អំបូរ​សត្វ​ព្រៃ​មួយ​ចំនួន​បន្ថែម​ទៀត​ ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ទស្សនា​ក៏​ដូចជា​ចូលរួម​អភិរក្ស​អំបូរ​សត្វព្រៃ​នៅ​សល់​តិច​តួច ​ក្នុង​ដែន​ព្រៃ​ការពារ​នោះ​។ សួន​សត្វ​មួយ​កន្លែង​ដែល​មាន​ទំហំ​ផ្ទៃដី​ប្រមាណ​១០ហិកតា ​បាន​បង្កើត​ឡើង​រយៈ​ពេល​ពីរ​ឆ្នាំហើយ​ និង​បាន ​ចិញ្ចឹម​សត្វ​ព្រៃ​ប្រមាណ​៥ប្រភេទ ​ចំនួន​រាប់​រយ​ក្បាល​ក្រោម​ ការ​ជួយ​ឧបត្ថម្ភ​គាំពារ​ពី​មូល​និធិ ​មយូរ៉ា​ ការពារ​សត្វព្រៃ​ ដើម្បី​ចូលរួម​អភិរក្ស ​និង​ការពារ​ពូជ ​សត្វព្រៃ​ក្នុង​ខេត្ត​មណ្ឌលគិរី ​ស្ថិត​នៅ​ឃុំពូជ្រៃ ​ស្រុក​ពេជ្រាដា​ ខេត្ត​មណ្ឌលគិរី។

គោលបំណងបង្កើត​សួនសត្វនេះឡើង​​ ដើម្បី​ការពារ​ការ​គំរាមកំហែង​រាល់ថ្ងៃ​ ពី​ការ​ បាញ់​សម្លាប់​ ឬកត្តា​នានា ​បណ្តាលឲ្យ​សត្វ​ទាំង​នេះ​ឈាន​ ទៅ​រកភាព​វិនាស​ផុត​ពូជ​។ ​ទន្ទឹម​នេះ ​ការ​ចិញ្ចឹម​ នេះ​ក៏​សម្រាប់​ទុក​ឲ្យ​ប្រជា​ពលរដ្ឋ​ ជាពិសេស ​គឺ​ក្មេងៗ​ជំនាន់​ក្រោយ​បាន​ស្គាល់​សត្វព្រៃ​ដែល​មានវត្ត​មាន​ នៅ​ប្រទេសកម្ពុជា​។ ​ជាមួយគ្នានេះ សួន​សត្វព្រៃ​ខាងលើ​មានការ​ចិញ្ចឹម​ប្រភេទ​សត្វខុសៗ​គ្នាដូចជា​ប្រើសមាន​ ចំនួន៥ក្បាល​ ប្រើស​ផ្កាយ​ចំនួន៣០ក្បាល​ ក្តាន់ចំនួន៨ក្បាល ​ឈ្លូលចំនួន​៣ក្បាល ជ្រូក ​ព្រៃចំនួន ​១០០ក្បាល ផងដែ​រ។

ឯកឧត្តម ​ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ​បានមាន​ប្រសាសន៏ថា​ ការចិញ្ចឹម​សត្វនេះ​ វាមានសារៈសំខាន់ ណាស់ ព្រោះវាជាការរួមចំណែក ក្នុងការអភិរក្សសត្វព្រៃនៅក្នុង ខេត្ដរបស់យើង។ ឯកឧត្តមបានបន្ថែមថា “តំបន់នេះជាតំបន់ទេសចរណ៍ អ៊ីចឹង បើក្រៅតែពី ការដើរលេង កម្សាន្តនៅតាមរមណីយដ្ឋានហើយនោះ វាអត់មានអីក្រៅពីទស្សនាមើលព្រៃ មើលសត្វអ៊ីចឹងវាអាចធ្វើឱ្យផលប្រយោជន៍ដល់វិស័យទេសចរណ៍ សម្រាប់ទាក់ទាញភ្ញៀវ ទេសចរក្នុងខេត្តមណ្ឌលគិរីយើងនេះ”៕ ​ប្រភព : sabay