នាយករដ្ឋមន្រ្តីជំរុញឲ្យបណ្តាខេត្តត្រូវប្រើប្រាស់ចំណុចទាំងឡាយក្នុងខេត្តនីមួយៗ ដើម្បីទាក់ទាញវិស័យទេសចរណ៍

0
829
The Prime Minister urged provinces to use points in each province to attract tourism

កំពង់ឆ្នាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ជំរុញឲ្យអ្នកពាក់ព័ន្ធទាំងអស់ ត្រូវខិត​ខំអភិវឌ្ឍន៍វិស័យទេសចរណ៍តាមទីក្រុង ទីប្រជុំជន មាត់ទន្លេ ហើយធ្វើយ៉ាងណាឲ្យខេត្តកំពង់ឆ្នាំង ក្លាយ​ជាកន្លែង​ទេសចរណ៍មួយដ៏ទាក់ទាញផងដែរ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ត្រូវប្រើប្រាស់នូវចំណុចទាំងឡាយនៅក្នុងខេត្តនីមួយៗ ទាញយកវិស័យទេសចរណ៍ ដូចជានៅក្នុងខេត្តកំពង់ឆ្នាំងរបស់យើងនេះ មានកន្លែងមួយចំនួន ដែលយើងត្រូវពង្រីកវា ឲ្យទៅជារមណីយដ្ឋានទេសចរណ៍ដ៏មានការទាក់ទាញ»។

ការជំរុញរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាសដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីប្រារព្ធពិធីបុណ្យទន្លេលើកទី៥ នៅក្នុងខេត្តកំពង់ឆ្នាំង នាល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ។

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានសំណូមពរកុំឲ្យខេត្តកំពង់ឆ្នាំង ជាកន្លែងដែលប្រជាជន និងអ្នកទេសចរណ៍ទៅហួសមកផុតឲ្យសោះ ដូច្នេះអាជ្ញាធរខេត្តកំពង់ឆ្នាំង ត្រូវរកវិធីទាក់ទាញដើម្បីឲ្យអ្នកធ្វើដំណើរតាមផ្លូវ បានចូលលេងកម្សាន្ដ។ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា សម្ដេចធ្លាប់ចូលហូបគុយទាវមួយកន្លែង ដែលគេហៅថា ជាគុយទាវឆ្ងាញ់នៅតំបន់ផ្សារលើ ដែលចំណុចតូចនេះហើយ សម្តេចចង់បង្ហាញពីការទាក់ទាញភ្ញៀវទេសចរណ៍។

សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា «ពីមុននេះអ្នកខេត្តកំពង់ឆ្នាំងច្រើនតែគេទៅហួសមកផុត នៅត្រង់ថាគេធ្វើដំណើរទៅបាត់ដំបង ឬពីបាត់ដំបងទៅភ្នំពេញ ដូច្នេះខ្ញុំសុំស្នើឲ្យគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ក៏ដូចជាប្រជាជននៅខេត្តកំពង់ឆ្នាំង រកវិធីទាក់ទាញដើម្បីធ្វើឲ្យអ្នកធ្វើដំណើរតាមដងផ្លូវ គេមិនចាំបាច់ថាទេសចរណ៍មកពីបរទេសទេ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ ក៏ក្លាយទៅជាផ្នែកមួយនៃទេសចរណ៍របស់យើងផងដែរ ដូច្នេះត្រូវខិតខំរកស៉ីធ្វើយ៉ាងម៉េចចំណេញតិច តែលក់ឲ្យបានច្រើន គឺវានឹងបានច្រើនហើយ»

The Prime Minister urged provinces to use points in each province to attract tourism

សម្តេចបានបន្តថា​ «អញ្ចឹងកុំរកស៉ីកោរគេទាំងរស់ ​ច្បាស់ជាគេទៅផុតមកហួស ហើយនៅខេត្តកំពង់ឆ្នាំងនេះមានកន្លែងមួយ ដែលគេហៅគុយទាវឆ្ងាញ់។ ខ្ញុំធ្លាប់ចូលទទួលទានគុយទាវឆ្ងាញ់នោះ ដែលមានរូបថតរបស់ខ្ញុំនៅនឹងផ្សារលើ ធ្វើយ៉ាងម៉េចឲ្យគុយទាវឆ្ងាញ់នោះកុំកោរគេ អញ្ចឹងទៅណាក៏គេថា គេមិនហូបគុយទាវនៅភ្នំពេញទេ គេហួសមកហូបនៅកំពង់ឆ្នាំង មុនពេលដែលគេចាកចេញទៅខេត្តពោធិ៍សាត់ ឬខេត្តបាត់ដំបង»។

ពេលនិយាយពីវិស័យទេសចរណ៍ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីរឿងទេសចរណ៍នៅខេត្តព្រះសីហនុធ្លាក់ចុះដែរ ដោយសម្តេចបានបញ្ជាក់ថា នៅតាមបណ្ដាខេត្តផ្សេងៗទៀត មានទេសចរណ៍កើនឡើង ដូច្នេះហើយសូមមើលព្រៃទាំងមូល ប្រសើរជាងមើលដើមឈើ១ដើម។ សម្ដេចតេជោ បានលើកឡើងថា ប្រជាពលរដ្ឋមិនមែនដើរកម្សាន្ដតែមួយខេត្តនោះទេ ពោលគ្រប់ខេត្តទាំងអស់ក្នុងប្រទេសកម្ពុជា សុទ្ធតែមានកន្លែងកម្សាន្ដ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «មានអ្នកខ្លះបានលើកឡើងថា​ ទេសចរណ៍នៅឯខេត្តព្រះសីហនុមានការធ្លាក់ចុះ ក៏ប៉ុន្តែអ្នកទាំងនោះភ្លេចមើលឃើញថា ជាមួយនឹងទេសចរណ៍ខេត្តព្រះសីហនុ ទេសចរណ៍ខេត្តកំពង់ឆ្នាំងមានការកើនឡើង ទេសចរណ៍នៅមណ្ឌលគិរីមានការកើនឡើង ទេសចរណ៍នៅរតនគិរីមានការកើនឡើង។ ចំណុចនេះបានជាខ្ញុំនិយាយថា មើលព្រៃទាំងមូលប្រសើរជាងមើលព្រៃ១ដើមៗ ពិតហើយមើលព្រៃ១ដើមៗ ក៏វាគួបផ្សំនឹងការមើលព្រៃទាំងមូលផងដែរ»

«ពីដើមតំបន់ទេសចរណ៍តិច មកពីគេប្រមូលផ្តុំទៅក្រុងព្រះសីហនុ ប៉ុន្តែឥឡូវនេះមិនមែនភាពផ្តាច់មុខពីអតីតកាល ដែលមានតែខេត្តព្រះសីហនុនោះទេ តំបន់ណាក៏មានតំបន់ទេសចរណ៍ កន្លែងណាក៏មានរមណីយដ្ឋាន ដូច្នេះប្រជាពលរដ្ឋ១១លាននាក់ គេទៅកន្លែងខេត្តព្រះសីហនុខ្លះ គេទៅកែបខ្លះ គេទៅកំពតខ្លះ គេមកកំពង់ឆ្នាំងខ្លះ គេទៅពោធិ៍សាត់ខ្លះ គេទៅគ្រប់កន្លែង ២៥រាជធានីខេត្តរបស់យើង សុទ្ធតែមានវិស័យទេសចរណ៍»។ ដូច្នេះការគិតខ្លីណាមួយនឹងអាចមានសញ្ញាខុស នឹងអាចមានយោបល់ខុស នឹងមានការគិតគូរខុស… ខេត្តនីមួយៗត្រូវដឹងខ្លួនថា ខ្លួនមានដៃគូប្រកួតប្រជែងរហូតទៅដល់ ២៥ (រាជធានីខេត្ត)»។ នេះបើតាមប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែម។

ទន្ទឹមនឹងនេះ ដើម្បីឲ្យខេត្តកំពង់ឆ្នាំងកាន់តែមានសក្តានុពល សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសសម្រេចឲ្យមានការកសាងសង់ផ្លូវ​ និងស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំ។ សម្ដេចតេជោបញ្ជាក់ថា ​ដៃទន្លេទាំង៣ គឺទន្លេផ្សារក្រោម ទន្លេជ្រោយមុខ និងទន្លេកំពង់ហាវ ត្រូវតែធ្វើស្ពានតភ្ជាប់គ្នា។

បើតាមប្រសាសន៍សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអះអាងទៀតថា បន្ទាប់ពីផ្លូវ និងស្ពានត្រូវបានសាងសង់រួចរាល់ហើយនោះ ប្រជាពលរដ្ឋនឹងចំណេញទាំងពេលវេលា និងថវិកាក្នុងការធ្វើដំណើរ។ សម្ដេចតេជោ ហ៊ុន សែន ប្រកាសបន្ថែមថា ការធ្វើផ្លូវ និងស្ពាន ជាកាដូមួយដ៏ធំជូនប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំតែម្តង៕