សហគមន៍​ព្រៃ​ឡង់​ស្នើ​រដ្ឋាភិបាល​ប្រែ​តំបន់​​ព្រៃឡង់ជា​តំបន់​អេកូទេសចរណ៍​​

0
660

សៀម​បូក/ស្ទឹងត្រែងៈប្រជា​សហគមន៍​ព្រៃឡង់​ខេត្ត​ស្ទឹង​ត្រែង​ ស្នើសុំ​ដល់ រដ្ឋាភិបាល ​អាជ្ញាធរ​ពាក់ព័ន្ធ ប្រែក្លាយ​តំបន់​ព្រៃឡង់ ទៅ​ជា​តំបន់​អេកូទេសចរណ៍​ ដើម្បីបង្កើន​ចំណូល​ដល់​ប្រជា​សហគមន៍ និង​កាត់​បន្ថយ​​បទល្មើស​ព្រៃឈើ​។

កញ្ញា ឈាង លី អ្នក​សម្រប​សម្រួលសហគមន៍​ព្រៃ​ឡង់​ប្រចាំ​​ខេត្ត​ស្ទឹង​ត្រែង​ ថា​នៅ​ក្នុង​ព្រៃឡង់​មាន​តំបន់​មួយ​ចំនួន​មាន​សក្ដានុពល ដែលអាច​ប្រែក្លាយ​តំបន់ទាំង​នោះ​ជា​តំបន់​អេ​កូទេសចរណ៍បាន។ កញ្ញាបន្តថា​ តំបន់​ទាំង​នោះ​រួម​មាន ទឹក​ធ្លាក់អូជួពរព្រៃ តំបន់​ជួ​តាចរ ដែល​គ្របដណ្ដប់​ទៅ​ដោយ រុក្ខជាតិ ព្រៃ​ស្ទើរ​គ្រប់ប្រភេទ ដែល​អាច​ជាទី​ទាក់​ទាញអារម្មណ៍​ ​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិចូល​មក​ទស្សនា​កម្សាន្ត ។

អ្នក​សម្របសម្រួល​សហគមន៍​​ព្រៃ​ឡង់​រូប​នេះ​បន្តទៀត​ថា នៅពេល​ដែល​កន្លែង​ទាំង​នេះ​ប្រែ​ក្លាយ​ជា​តំបន់​អេកូទេសចរណ៍​នោះ វា​នឹងផ្តល់​ផល​ប្រយោជន៍​ច្រើន​ដល់​សង្គម​ ពិសេស​ព្រៃ​ឡង់​តែម្តង។ កញ្ញាថា“វា​មាន​អត្ថប្រយោជន៏​ច្រើន។ ទីមួយ បាន​ការ​ពារធន​ធាន​ធម្មជាតិ ទីពីរ វាជួយ​ឱ្យ​អេកូទេសចរណ៍នឹង​ល្បី ​និង​ទីបីនោះ​វា​អាច​បង្កើន​ប្រាក់​ចំណូល​ដល់​ប្រជាសហគមន៍ខ្ញុំ​ផងដែរ ” ។

កញ្ញាបន្តថា៖​​ “ប្រជា​សហគមន៍​តែ​ង​តែលើកឡើង និងពិភាក្សារជាមួយ​ក្រុម​ឳទ្យាន​នុរក្ស​ស្នាក់ការ​សៀម​បូក ដើម្បី​ស្មើសុំ​ដើម្បី​ប្រែក្លាយ​តំបន់​ទាំង​នេះ​ជា​តំបន់​អេកូទេសចរណ៍។

ចំពោះការស្នើសុំនេះ លោក ថង វិរៈ មន្ត្រី​ឧទ្យាន​នុរក្ស​ស្នាក់​ការ​សៀម​បូក នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ស្ទឹង​ត្រែង ហាក់​សំដែង​ការយល់​ស្រប និង​អះអាង​ថា តំបន់​អេ​កូទេសចរណ៍​ នឹង​អាច​បង្កើត​ឡើងនាពេល​ខាង​មុខ ។ លោកថា “តំបន់​នេះ​ជា​តំបន់​ធម្មជាតិ…ថ្ងៃ​មុន​អង្គការ​ទេសចរណ៍ សេ អាយ (CI) បាន​ចុះ​មក​សិក្សារ​ហើយ តែលទ្ធផល​មិច​ខ្ញុំ​មិន​ទាន់​ដឹងដែរ”។​ លោក​បន្តថា លោក​ចង់​ឱ្យ​តំបន់​នេះ​ត្រូវ​បង្កើត​ជា​តំបន់​ទេស​ចរណ៍​ក្នុង​ពេល​ឆាប់​ៗ ។

អេកូរទេសចរណ៍ គឺជាការធ្វើដំណើរទៅកាន់តំបន់ធម្មជាតិដែលមិនធ្វើអោយមានការ រំខានឬក៏កខ្វក់ដល់តំបន់ធម្មជាតិនោះដោយមានគោលដៅជាក់លាក់ ក្នុងការសិក្សា​ស្ញើច​ស​សើរ និងកំសាន្តជាមួយនិងទេសភាព រុក្ខជាតិព្រៃភ្នំសត្វក៏ដូចជាវប្បធម៌អតីត និងបច្ចុប្បន្ន ដែលមាននៅក្នុងកន្លែងទាំងនោះ។

រៀបរៀងអត្ថបទដោយ៖ ស៊ីម ឃុនបញ្ញារ៉ា
អត្ថបទនេះត្រូវបានសរសេរឡើង ក្នុងអំឡុងពេលចូលរួមក្នុងសិក្ខាសាលាអំពី “ការសរសេរ និងផលិតវីដេអូអំពីបរិស្ថាន” ដែលរៀបចំដោយ បណ្តាញយុវជនកម្ពុជា៕