ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត គ្រោងចំណាយថវិកាជិត ៤ពាន់លានដុល្លារសម្រាប់សាងសង់

0
772
The Phnom Penh-Bavet highway plans to spend nearly $ 4 billion on construction.

ភ្នំពេញ៖ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា រហូតមកដល់ពេលនេះ ការសិក្សាផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅបាវិត ព្រំដែនកម្ពុជា-វៀតណាម បាន​សិក្សារួចរាល់ចប់សព្វ​គ្រប់អស់ហើយ ដែលត្រូវចំណាយថវិកាធ្វើអស់ប្រមាណ ៣,៨០០លានដុល្លារ សម្រាប់​សាងសង់។ នេះបើតាម AKP។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងបែបនេះ ក្នុងឱកាសដែលបានអញ្ជើញជាអធិបតី សម្ពោធ​ដាក់ឱ្យ​ប្រើ​ប្រាស់ជាផ្លូវការ ចំណតកំពង់ផែកុងតឺន័រ LM១៧ ជំហានទី២ នៃគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធ របស់​កំពង់ផែស្វយ័តភ្នំពេញ ស្ថិតនៅភូមិ កណ្តាលលើ ឃុំបណ្តាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោក ស៊ុន ចាន់ថុល បានថ្លែងថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យទីភ្នាក់ងារសហប្រតិបត្តិការ អន្ដរជាតិ​នៃប្រទេសជប៉ុន (JICA) ធ្វើការសិក្សាផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញទៅបាវិត​ ដែលមាន​ចម្ងាយ​ផ្លូវប្រវែង ១៦០ ​គីឡូម៉ែត្រ ដើម្បីធ្វើការសាងសង់ផ្លូវនេះ។

បន្ទាប់ពីធ្វើការសិក្សារួច ផ្លូវនេះ​នឹងត្រូវចំណាយថវិកាប្រមាណ ៣,៨០០ លានដុល្លារ ដែលការចំណាយយ៉ាង​ច្រើនបែបនេះ ដោយសារតែផ្លូវដែលត្រូវសាងសង់ គឺមានលិចទឹក ហើយកាត់តាមបឹង ឬតំបន់លិចទឹកច្រើន ដែល​មានប្រវែងរហូតដល់៨០គីឡូម៉ែត្រ បានធ្វើឱ្យតម្លៃក្នុងការចំណាយសាងសង់ច្រើន។

លោកបានលើកឡើងថា បើប្រៀបធៀបទៅនឹងការសាងសង់ផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ ទៅ​ខេត្ដ ព្រះ​សីហនុ ដែលមានប្រវែង១៩០គីឡូម៉ែត្រនោះ គឺចំណាយថវិកាប្រមាណតែ ២,០០០ លានដុល្លារប៉ុណ្ណោះ ដោយ​សារផ្លូវ​នេះ មិនមានការសាងសង់ឆ្លងកាត់បឹង ឬតំបន់លិចទឹក ដូចផ្លូវល្បឿនលឿនភ្នំពេញ ទៅបាវិត។

លោកបានបន្ដថា ដោយសារតែ​ទំហំទឹកប្រាក់ ក្នុងការចំណាយសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅបាវិតនេះ គឺមាន​ចំនួនច្រើនពេកនោះ រាជរដ្ឋាភិបាលមិនទាន់សម្រេចធ្វើការសាងសង់ ឬយ៉ាងណាទេ ដោយកំពុងតែ ស្វែង​រកដៃគូវិនិយោគពីវិស័យឯកជន ដើម្បីកសាងផ្លូវនេះ។

ជាមួយគ្នានេះដែរ សម្រាប់ផ្លូវជាតិ​លេខ១ រាជរដ្ឋាភិបាលក៏ដូចជា ក្រសួងសាធារណការ និងដឹក​ជញ្ជូន បាន​ឱ្យ​អង្គ​ការ JICA ធ្វើការ​​សិក្សា ដើម្បីពង្រីកបន្ថែមឱ្យបានធំទូលាយ ក្នុងការ​ចូល​រួម​កាត់​បន្ថយ​ការ​កក​ស្ទះចរាចរណ៍ ជា​ពិសេសរថយន្ដដឹកជញ្ជូនទំនិញឆ្លងកាត់តាមផ្លូវនេះឱ្យ​មាន​សុវត្ថិភាព។

ក្រៅពីការសិក្សាផ្លូវជាតិលេខ១ អង្គការ JICA ក៏កំពុង​សិក្សានៅក្នុងរាជធានី​ភ្នំពេញ ដែលសិក្សា​បញ្ចប់នៅ​ចុងឆ្នាំ ២០១៩ ខាងមុខ ដើម្បីសាងសង់ ផ្លូវរថ​ភ្លើង​លើអាកាស ដើម្បីកាត់​បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅក្នុង​រាជ​ធានី​ភ្នំពេញផងដែរ។

ការសាងសង់ផ្លូវរថភ្លើងលើអាកាសនេះ គឺមានតម្លៃថ្លៃណាស់ ដោយតាមការសិក្សា ប៉ាន់​ប្រមាណ​របស់អង្គការ JICA គឺក្នុងចម្ងាយផ្លូវប្រវែង១៨គីឡូម៉ែត្រ ត្រូវចំណាយថវិកា​ប្រមាណ ១,២០០លានដុល្លារ។

លោកទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជា នៅតែ​បន្ដការកសាង ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ជាពិសេសការរៀបចំផែនការយុទ្ធសាស្រ្ដ ដោយផ្ដោតសំខាន់ៗលើការអភិវឌ្ឍ ការដឹក​ជញ្ជូនតាមផ្លូវគោក ផ្លូវដែក និងផ្លូវទឹក ដើម្បីសម្រួលដល់មធ្យោបាយ ដឹកជញ្ជូនទំនិញ និងការធ្វើ​ចរាចរណ៍ប្រកបដោយសុវត្ថិភាព កាត់បន្ថយតម្លៃដឹកជញ្ជូនជាមួយនឹងសេវាលឿនរហ័ស និងកាន់​តែ​មាន​ប្រសិទ្ធភាព សម្រាប់ចូលរួមធ្វើការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕