
ពោធិ៍សាត់ ៖ សហគមន៍ទេសចរណ៍អូរសោម នៅតំបន់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជាទីប្រជុំដោយសម្បត្តិធម្មជាតិដ៏មហាសាល កម្រមានអ្នកទៅដល់បំផុត។ សំរាប់អ្នកចូលចិត្តធ្វើការផ្សងព្រេងទៅតំបន់ធម្មជាតិនានា ក្នុងប្រទេសកម្ពុជា អាចទៅទីតាំងនេះបាន ពីព្រោះសហគមន៍ទេសចរណ៍អូរសោម មានទស្សនីយភាពដ៏អស្ចារ្យជាច្រើនមិននឹកស្មានដល់នៅទីនោះ។
ក្នុងសហគមន៍ទេសចរណ៍អូរសោម ភ្ញៀវទេសចរ អាចសម្រាកផ្ទះស្នាក់របស់អ្នកស្រុក មានអាហារប្រចាំតំបន់ប្លែកៗ និងមានមគ្គុទ្ទេសក៍ នាំដើរកម្សាន្តក្នុងសហគមន៍ទៅកាន់តំបន់ប្លែកៗជាច្រើន។ ក្នុងនោះមានដូចជាទឹកធ្លាក់រហូតទៅដល់៧កន្លែងផ្សេងគ្នា មានបឹងដ៏ធំ ទស្សនាក្រពើព្រៃ និងតំបន់វាលវែងគ្របដណ្ដប់ដោយធម្មជាតិដ៏ស្រស់បំព្រង។
នៅតំបន់ទឹកធ្លាក់ឆាយរការនេះមានទេសភាពស្អាតខ្លាំងណាស់ ប៉ុន្តែមិនសូវមានអ្នកទៅដល់នោះទេ។ នៅតាមផ្លូវឆ្ពោះទៅទីនោះ យើងត្រូវជិះកាត់ផ្លូវលំតូចៗ មានចម្ការចេករបស់អ្នកស្រុក ត្រូវឆ្លងកាត់ផ្លូវឡើងចំណោត ចុះចំណោត និងឧបសគ្គជាច្រើន រហូតទៅដល់ទឹកធ្លាក់ឆាយរការ។ ប៉ុន្តែមិនធ្វើឲ្យការផ្សងព្រេងនោះឥតប្រយោជន៍ឡើយ ព្រោះភាពអស្ចារ្យនៃធម្មជាតិនៅទីនោះ បានធ្វើឲ្យភាពហត់នឿយធូរស្បើយមួយរំពេច។
ក្រៅពីទៅដល់ទឹកធ្លាក់ឆាយរការ យើងអាចបន្តដំណើរទៅទឹកធ្លាក់មួយកន្លែងទៀតមានឈ្មោះថា ទឹកធ្លាក់ឆាយប្រុយ មានចម្ងាយមិនឆ្ងាយប៉ុន្មានពីទីប្រជុំជនអូរសោមឡើយ។ វិទូ ប្រាប់ថា បើធ្វើដំណើរពីកោះកុងមកខេត្តពោធិ៍សាត់ តាមជួរភ្នំក្រវាញ អាចឆៀងចូលតំបន់ទឹកធ្លាក់នេះយ៉ាងងាយស្រួល តែបើយើងមកពីខេត្តពោធិ៍សាត់វិញ ត្រូវធ្វើដំណើរហួសទីប្រជុំជនអូរសោម ប្រមាណជិត៣០គីឡូម៉ែត្រទៀតទើបដល់។

សហគមន៍ទេសចរណ៍អូរសោម ស្ថិតនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានចម្ងាយប្រមាណ ១៥៣គីឡូម៉ែត្រ ពីទីរួមខេត្ត៕#k26