ឧបករណ៍ប្រើប្រាស់ពីសម័យដើម កំពុងក្លាយជាគ្រឿងតាំងលម្អដ៏ទាក់ទាញ នាពេលបច្ចុប្បន្ននេះ

0
1635

ខេត្តកណ្តាល៖ ឧបករណ៍ប្រើប្រាស់ តាំងពីសម័យដើម ផ្នែកកសិកម្ម និង សម្ភារប្រើប្រាស់មួយចំនួន ដូចជា រទេះគោ ក្របី នង្គ័ល ចង្កៀងម៉ាំងសុង ជាដើម ត្រូវបានគេបោះបង់ចោល ស្ទើរតែគ្មាន ព្រោះតែការវិវឌ្ឍន៍ជឿនលឿន នៃប្រទេសជាតិ។

យ៉ាងណាក៏ដោយ ឧបករណ៍សម័យមុនដូចជា ទ្រូ លប ផ្តិលស្ពាន់ ថាសស្ពាន់ ចង្កៀងម៉ាំងសុង ស្នប់បាញ់ថ្នាំធ្វើពីស្ពាន់ ស្នាចបាចទឹក ត្បាល់កិនស្រូវ រហាត់ទឹក រទេះគោ ក្របី ត្រូវបានគេរក្សាទុកជាវត្ថុដ៏មានតម្លៃមួយប្រភេទ ដោយមានអ្នកខ្លះថែមទាំងបានយកវាទៅតាំងទុកឲ្យកូនចៅមើលស្គាល់ ហើយអ្នកខ្លះទៀតទិញមកតាំងលម្អ តាមគេហដ្ឋាន ឬទីកន្លែងណាមួយដែលខ្លួនចង់តាំងឲ្យមានសោភណភាពល្អប្រណិត។

នៅក្នុងភោជនីយដ្ឋានម្លប់ជ្រៃលាភ១៦៨របស់លោក ទៀ ទូច មានទីតាំងនៅជាប់នឹងផ្លូវជាតិលេខ៨ ស្ថិតក្នុងភូមិព្រៃបាំង ឃុំសុីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល គេសង្កេតឃើញ មានការដាក់តាំងនូវឧបករណ៍ប្រើប្រាស់ តាំងពីសម័យដើមជាច្រើនប្រភេទ មានដូចជា ទ្រូ លប ផ្តិលស្ពាន់ ថាសស្ពាន់ ចង្កៀងម៉ាំងសុង ស្នប់បាញ់ថ្នាំធ្វើពីស្ពាន់ ស្នាចបាចទឹក ត្បាល់កិនស្រូវ រហាត់ទឹក រទេះគោក្របី ។ល។  ហើយវត្ថុទាំងនេះបានតាំងលម្អសម្រាប់ឲ្យមនុស្សម្នាចូលទស្សនា បានស្គាល់វត្ថុទាំងនោះ ដែលសឹងតែបាត់បង់អស់ទៅហើយ។

កញ្ញា សឹម ថាវី ជាភ្ញៀវម្នាក់ដែលបានចូលហូបអាហារ នៅក្នុងភោជនីយដ្ឋានម្លប់ជ្រៃលាប ១៦៨ បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ បន្ទាប់ពីបានឃើញឧបករណ៍កសិកម្ម និងវត្ថុប្រើប្រាស់ របស់ដូនតាទុកឲ្យ ដោយកញ្ញាបានបន្តថា ធ្លាប់ចូលហូបអាហារនៅកន្លែងផ្សេងៗ ធ្លាប់តែឃើញរបស់កែច្នៃ និងអភិវឌ្ឍថ្មីៗ។ ប៉ុន្តែនៅពេលមកដល់ភោជនីយដ្ឋាននេះ ឃើញវត្ថុបុរាណប្លែកៗ នាងមានអារម្មណ៍ថា ចង់ស្គាល់ខ្លាំងណាស់។

លោក ទៀ ទូច ជាម្ចាស់ភោជនីយដ្ឋានម្លប់ជ្រៃលាភ ១៦៨ បានថ្លែងថា សម្ភារទាំងនេះ គាត់ប្រមូលទិញពីបងប្អូនប្រជាពលរដ្ឋ ក្នុងគោលបំណងចង់អភិរក្ស ថែរក្សាសម្បត្តិដែលបុព្វបុរសបានបន្សល់ទុកឲ្យកូនចៅខ្មែរជំនាន់ក្រោយបានឃើញ ទើបគាត់យកមកដាក់តាំងលម្អ ឲ្យភ្ញៀវដែលចូលហូបអាហារ នៅក្នុងភោជនីយដ្ឋានរបស់លោកបានស្គាល់ និងយល់ពីការប្រើប្រាស់របស់ដូនតារបស់យើង តើមានវត្ថុអ្វីខ្លះ ដើម្បីរស់នៅ និងប្រកបមុខរបរកសិកម្មប្រចាំថ្ងៃ?

ជាមួយគ្នានេះដែរ ម្ចាស់ភោជនីយដ្ឋានខាងលើ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ មេត្តាចូលថែរក្សា និងអភិរក្សមរតកពីដូនតារបស់យើង ដែលបានបន្សល់ទុក ដើម្បីឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ និងដឹង៕

អត្ថបទដោយ៖ យឺត ភារ៉ា និងរូបភាពដោយ បូរ ធារ៉ា