ទេសចរទៅលេងព្រះសីហនុកើន​ឡើង​រហូត​ដល់​ជាង២២ម៉ឺននាក់នា​ថ្ងៃ​ឆ្លងឆ្នាំ

0
908

ព្រះសីហនុៈ ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសាកល ដែលទើបកន្លងផុតទៅថ្មីៗនេះ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាតិ និង អន្តរជាតិ ទៅស្នាក់នៅកម្សាន្តប្រមាណជា ២២៥,០០០នាក់ ដែលចំនួននេះមានការកើនឡើយប្រមាណ១,៥% ធៀបទៅនឹងឆ្នាំមុន។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថា ពិធីបុណ្យឆ្លងឆ្នាំសាកលឆ្នាំ២០១៨ ឈានចូលឆ្នាំ២០១៩ រយៈពេល០៣ថ្ងៃ ខេត្តព្រះសីហនុដែលជាខេត្តជាប់សមុទ្រមួយនេះ តាមការកត់សម្គាល់មានភ្ញៀវជាតិ និង អន្តរជាតិ មកសម្រាកកម្សាន្តរង់ចាំនាទីឆ្លងឆ្នាំតាមឆ្នេរ និង រមណីយដ្ឋាននានាក្នុងក្រុងព្រះសីហនុ ខែត្រព្រះសីហនុយ៉ាងច្រើន បើទោះជាសម្រាកសម្រានក្នុងតង់ក៏ដោយ ។

រីឯសាលាខេត្តព្រះសីហនុ ក៏បានរៀបចំតង់ជាង៤០០នៅចុងឆ្នេរអូរឈើទាល (អារីស្តុន)ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីទទួលភ្ញៀវទេសចរជាតិ និង អន្តរជាតិ ។ លើសពីនេះទៀត សាលាខេត្តក៏បានរៀបចំស្ដង់លក់ដូរ និង ការប្រគុំតន្ត្រី នៅឆ្នេរឯករាជ្យ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ទទួលភ្ញៀវយ៉ាងអធឹកអធម ។

ជាពិសេសទៅទៀត អំឡុងពេលបីយប់បីថ្ងៃ នៃការរៀបចំពិធីបុណ្យឆ្លងឆ្នាំសកលនេះ សមត្ថកិច្ចមូលដ្ឋានឈរជើងការពារសុវត្ថិភាពជូនភ្ញៀវទេសចរ និងប្រជាពលរដ្ឋ គ្រប់ច្រកល្ហក។

លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ថ្វីត្បិតតែភ្ញៀវជាតិ និង អន្តរជាតិ បានមកកម្សាន្ត ចូលរួមពិធីបុណ្យឆ្លងឆ្នាំ២០១៨ចូលឆ្នាំ២០១៩ ច្រើនកុះករក៏ពិតមែន ប៉ុន្តែចំនួននេះមិនអាចប្រៀបធៀបនឹងឆ្នាំ២០១៦ ឬ ឆ្នាំ២០១៧បានឡើយ ពីព្រោះប៉ុន្មានឆ្នាំកន្លងទៅ រមណីយដ្ឋាន និង តំបន់ទេសចរណ៍ពុំទាន់សម្បូរបែបដូចសព្វថ្ងៃឡើយ ជាហេតុធ្វើឲ្យភ្ញៀវបុកមកខេត្តព្រះសីហនុច្រើន ។

ប៉ុន្តែខណៈខេត្តជាប់សមុទ្រ មានខេត្តកែប កំពត កោះកុង និង ខេត្តផ្សេងទៀតមានការអភិវឌ្ឍន៍តំបន់ទេសចរណ៍ដែរនោះ ទើបជាហេតុធ្វើឱ្យភ្ញៀវទេសចរជាតិ និង អន្តរជាតិបង្វែរគោលដៅទៅទស្សនាកម្សាន្តតាមតំបន់នានាក្នុងព្រះរាជាណាចក្រកម្ពុជា ដូច្នេះពីពេលនេះទៅភ្ញៀវមិនអាចមានការកើនឡើងរហូតឡើយ៕