ខេត្តកែប៖ បន្ទាប់ពីដំណើរការអភិរក្សអស់រយៈពេលជិត១០ឆ្នាំ ត្រីដូហ្វ៊ីន ឬផ្សោតសមុទ្រក្នុងដែនទឹក នៃខេត្តកែបបានកើនបរិមាណជាបន្តបន្ទាប់។ វត្តមានសត្វកម្រនេះ តែងបង្ហាញខ្លួននៅចំណុចកោះមួយចំនួនពេលអាកាសធាតុមានលក្ខណៈស្ងប់ស្ងាត់។
លោក គុជ វីរៈ នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានរៀបរាប់ថា រៀងរាល់អាកាសធាតុស្ងប់ស្ងាត់ មិនថារដូវប្រាំង ឬវស្សាទេ ផ្សោតសមុទ្រតែងបង្ហាញខ្លួនពីប្រាំទៅប្រាំពីរក្បាលក្នុងផ្ទៃសមុទ្រ នៃប្រជុំកោះខេត្តកែប។ ចំណុចនោះជាចន្លោះ នៃកោះពោធិ៍ កោះម៉ាក់ប្រាង កោះត្បាល់ និងកោះអាចម៍សេះដែលមានចម្ងាយប្រហែល១២គីឡូម៉ែត្រពីដីគោក។
លោកនាយខណ្ឌបានបញ្ជាក់ថា វត្តមានសត្វផ្សោតនេះ ត្រូវបានអ្នកជំនាញរបស់អង្គការ UNDP ស្រាវជ្រាវរកឃើញក្នុងអំឡុងឆ្នាំ២០០៨ ដោយសារចំណុចនោះសម្បូរស្មៅសមុទ្រ។ ជាមួយនឹងការរកឃើញនេះ ដោយការយកចិត្តទុកដាក់ពីក្រសួងកសិកម្ម ទើបមន្ត្រីជលផល ក៏ដចជាអាជ្ញាធរខេត្តកែប បើកកិច្ចសហការជាមួយមន្ត្រីជំនាញ នៃអង្គការ UNDP និងមានការចូលរួមថែរក្សាពីអង្គការអភិរក្សសមុទ្រកម្ពុជា(MCC) ផងនោះបានធ្វើឱ្យបរិមាណផ្សោតកើនឡើងជាបន្តបន្ទាប់។ ប៉ុន្តែភ្ញៀវទាំងឡាយអាចមើលឃើញលុះត្រាតែមានភាពអត់ធ្មត់ ពោលគឺរង់ចាំគយគន់ពេលអាកាសធាតុស្ងប់ស្ងាត់ និងផ្ទៃទឹកនៅនឹងថ្កល់។
លោកគុជ វីរៈក៏បានអំពាវនាវផងដែរថាសូមបងប្អូនប្រជានេសាទទាំងអស់ចូលរួមថែរក្សាទាំងអស់គ្នា ដោយមិនត្រូវធ្វើនេសាទក្នុងតំបន់អភិរក្ស ឬប្រើប្រាស់ឧបករណ៍ខុសច្បាប់ ដែលឈានទៅបំផ្លាញនូវធនធានសមុទ្រដ៏កម្រនេះឡើយ។ ប្រសិនបើមិនមានការចូលរួមថែរក្សាទេ វានឹងបាត់បង់ទៅវិញ៕