សារមន្ទីរព្រះនរោត្តមសីហនុអង្គរ៖បណ្តុំនៃចំណេះដឹងផ្នែកប្រវត្តិសាស្ត្រចម្លាក់សិល្បៈនាអតីតកាល

0
1367

សៀមរាប៖ សារមន្ទីរព្រះនរោត្តមសីហនុអង្គរ ដែលមានទីតាំងស្ថិតនៅ ភូមិបឹងដូនប៉ា ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មិនត្រឹមតែជា​ទីកន្លែង​ពិព័រណ៍​នូវប​ដិ​មា​ជាច្រើន​សំរាប់​ទស្សនា​ប៉ុណ្ណោះ​ទេ តែក៏ជាកន្លែងដែលផ្តុំនូវចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ចម្លាក់សិល្បៈ និង​បម្រែប​ម្រួល​នៃសាសនា​ខ្មែរនាអតីតកាល។

អ្នកទស្សនាអាចទទួលបាននូវចំណេះដឹងដ៏កម្រនេះក្នុងការទៅទស្សនានៅសារមន្ទីព្រះនរោត្តមសីហនុអង្គរ ហើយបើសម្រាប់កុលបុត្រខ្មែរវិញ ចំណេះដឹងទាំងនេះគឺមានតម្លៃជាទីបំផុត។

តាមរយៈការអត្ថាធិប្បាយដ៏ក្បោះក្បាយនៃមគ្គុទ្ទេក៍ប្រចាំសារមន្ទីរនេះ អ្នកទស្សនានឹងអាចទ​ទួល​បានចំណេះ​ដឹងជាច្រើនពីប្រវត្តិសាស្ត្រនៃមនុស្សខ្មែរ ដែលបានរស់នៅលើទឹកដីខ្មែរតាំង​ពីក្នុង​សម័យ​កាលដ៏​យូរលង់មកហើយ។

មិនតែប៉ុណ្ណោះ តាមរយៈពិព័រណ៍នេះ អ្នកទស្សនាក៏នឹងបានឃើញអំពីប្រពៃណី ទំនៀមទម្លាប់ដែល​បុព្វ​បុរសខ្មែរកាលពីជាង៣ពាន់ឆ្នាំមុន កប់សព ដាក់គ្រឿងបន្លុងជាមួយសព និងគ្រឿង​អលង្ការ​ផ្សេងៗ។

ក្នុងពេលជាមួយគ្នានេះដែរ អ្នកទស្សនាក៏អាចរៀនសម្គាល់​នូវក្បាច់​ចម្លាក់​ផ្សេងៗ​ដែល​ជារចនា​បថនៃ​ចម្លាក់​ក្នុងសម័យកាលសំខាន់ៗដូចជា សម័យបាភួន សម័យអង្គរ និងសម័យបាយ័នជាដើម ដែលចម្លាក់នីមួយៗសុទ្ធតែមានលក្ខណៈសម្គាល់ដោយឡែកខុសពីគ្នា។ ម្យ៉ាងទៀត អ្នកទស្សនា​ក៏នឹង​អាចឃើញរូបភាពប្លែកគ្នានៃប្រភេទកុលាលភាជន៍ខ្មែរបុរាណ និងកុលាលភាជន៍បរទេសដូចជា ចិន និងជប៉ុនជាដើម។

ដោយឡែកនិយាយអំពីការបម្រែបម្រួលសាសនាវិញ អ្នកទស្សនានឹងអាចយល់ដឹង​បន្ថែម​ទៀត​ពីការ​ផ្លាស់​ប្តូរសាសនាក្នុងរជ្ជកាលសំខាន់ៗដែលបានជះឥទ្ធិពលដល់ចម្លាក់ និងសំណង់ប្រាសាទ​នានា​ក្នុង​អារ្យ​ធម៌អង្គរ តាមរយៈចម្លាក់សាសនាផ្សេងៗជាច្រើនដែលមាននៅលើជញ្ជាំងប្រាសាទ។

ផ្អែកតាមការពន្យល់និងអត្ថាធិប្បាយរបស់មគ្គុទ្ទេសក៍ យ៉ាងហោចណាស់ក៏អ្នកទស្សនាបានដឹងថា ការផ្លាស់ប្តូរ​សាសនា​នាំឲ្យមានការប្តូរទីតាំងតម្កល់បដិមាចម្បងៗនៅតាមប្រាសាទ និងរហូត​ដល់​ជញ្ជូន​យកបដិមាទាំងនោះចេញពីក្នុងប្រាសាទទៅកប់ទុកក្នុងដីចោលទៀតផង។

ដើម្បីទទួលបានទទួលយកចំណេះដឹងទាំងនេះពីសារមន្ទីរនេះ សូមអញ្ជើញទៅទស្សនា​នៅសារមន្ទី​ព្រះសីហនុ​អង្គរទាំងអស់គ្នា ដោយគ្រាន់តែចំណាយប្រាក់១០០០៛ប៉ុណ្ណោះសម្រាប់ចូលទស្សនា។ តម្លៃសំបុត្រចូលទស្សនាសម្រាប់ភ្ញៀវបរទេសគឺ៣ដុល្លា ហើយក៏នឹងទទួលបានសេវាកម្មដូចគ្នាដែរ។ ពិព័រណ៍​នេះ បើករៀងរាល់ថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ៥ល្ងាច។

តោះ! នាំគ្នាទៅមើលសារមន្ទីព្រះសីហនុអង្គរទាំងអស់គ្នា!

ប្រភព៖ អាជ្ញាធរជាតិអប្សរា