ក្រសួងទេសចរណ៍ចេញគោលដៅបដិសណ្ឋារកិច្ចល្អត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍ SEA-Game 2023

0
811
The Ministry of Tourism has a good hospitality goal to host the SEA-Game 2023 event.

ភ្នំពេញៈ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា កម្ពុជាដាក់ចេញគោលដៅឆ្នាំ២០២៣ ពោរពេញទៅដោយបដិសណ្ឋារកិច្ចល្អ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍ SEA-Game 2023។

លោករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងពិធីប្រគល់ជ័យលាភីបដិសណ្ឋារកិច្ចល្អ ក្នុងវិស័យទេសចរណ៍លើកទី១ ឆ្នាំ២០១៨ អមជាមួយការប្រកាសដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទ (Mobile App) ចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍ និងច្រកទ្វារអន្តរជាតិ និងការប្រកាសចលនាប្រឡងប្រណាំង «បដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍លើកទី២ ឆ្នាំ២០១៩» នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅសណ្ឋាគារភ្នំពេញ។

ក្នុងពិធីនោះ លោករដ្ឋមន្ដ្រីក៏បានប្រគល់ជ័យលាភីបដិសណ្ឋារកិច្ចល្អ ក្នុងវិស័យទេសចរណ៍ លើកទី១ ឆ្នាំ២០១៨ ដល់់មូលដ្ឋានអាជីវកម្មទេសចរណ៍ចំនួន៥៤ ជ័យលាភីស្នាមញញឹម៣ ចំនួន៣៩, ជ័យលាភីស្នាមញញឹមចំនួន១២ និងជ័យលាភីស្នាមញញឹម១ចំនួន០៣ ដល់សណ្ឋាគារ និងសេវាស្នាក់នៅចំនួន ២១ទីតាំង ភោជនីយដ្ឋានចំនួន ២០ទីតាំង, ទីភ្នាក់ងារទេសចរណ៍ចំនួន០៤ទីតាំង, ហាងស្ប៉ា និងម៉ាស្សាចំនួន ០៤ទីតាំង, មណ្ឌលកម្សាន្ដទេសចរណ៍មនុស្សពេញវ័យចំនួន០៣ទីតាំង និងរមណីយដ្ឋានទេសចរណ៍ចំនួន០២ទីតាំង។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី ថោង ខុន ក៏បានមានប្រសាសន៍ថា ដើម្បីកម្ពុជាជាគោលដៅទសចរណ៍ប្រកបដោយភាពទាក់ទាញ និងកក់ក្ដៅដល់ភ្ញៀវទេសចរ និងដើម្បីឆ្ពោះទៅព្រឹត្តការណ៍ SEA Game 2023 ព្រមទាំងដើម្បីសម្រេចចក្ខុវិស័យរបស់ ក្រសួងទេសចរណ៍ ក្នុងការទាក់ទាញទេសចរណ៍៧លាននាក់ក្នុងឆ្នាំ ២០២០ និង១៥លាននាក់ ក្នុងឆ្នាំ២០៣០ក្នុងនោះលោករដ្ឋមន្ដ្រីបានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធ ផ្នែកឯកជនបន្ដរួមគ្នាអនុវត្តទិសដៅយុទ្ធសាស្ដ្រសំខាន់ ០២ដូចខាងក្រោម៖

* ទិសដៅយុទ្ធសាស្ដ្រទី១៖ ភាពស្អាត និងបៃតង (Clean & Green)៖ លោករដ្ឋមន្ដ្រី បានអំពាវនាវឱ្យបន្ដចូលរួមក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» និងក៏បានលើកឡើងអំពីការអនុវត្តនូវស្ដង់ដារនានា ដែលកម្ពុជា និងអាស៊ានដាក់ចេញ។

ជាងនេះទៅទៀត លោកក៏បានអំពាវនាវឱ្យគ្រប់ទីកន្លែងសាធារណៈទាំងអស់ត្រូវតែស្អាត មានអនាម័យ និងគ្មានសំរាម ជាពិសេសសំរាមជាថង់ប្លាស្ទិក)។ នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវតែសម្អាតឱ្យបានស្អាត និងបន្ទប់ទឹកត្រូវតែមានអនាម័យជាប់ជាប្រចាំ។

* ទិសដៅយុទ្ធសាស្ដ្រទី២៖ «បន្ដផ្ដល់បដិសណ្ឋារកិច្ចល្អឱ្យក្លាយជារបៀបវារៈជាតិ»៖ សូមបញ្ជាក់ថាយោងតាមទស្សនាវដ្ដី Rough Guides គឺជាស្ថាប័នបោះពុម្ពផ្សាយនៅឆ្នាំ២០១៦ អំពីការធ្វើដំណើរទេសចរណ៍ដ៏ឈានមុខគេមួយនៅក្នុងក្នុងពិភពលោកបានបញ្ជាក់ថា៖ «ប្រទេសកម្ពុជាជាប្រទេសដែលមានប្រជាជនរួសរាយរាក់ទាក់បំផុតទី១ ក្នុងចំណោមប្រទេសដែលមានប្រជាជនរួសរាយរាក់ទាក់ជាងគេទាំង១០ក្នុងពិភពលោក»។

ក្នុងឱកាសនេះ លោករដ្ឋមន្ដ្រី ស្នើឱ្យគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍បង្កើនការបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍ ដល់បុគ្គលិឱ្យកាន់តែទូលំ ទូលាយទៅតាមកម្មវិធីសិក្សា (Curriculum) បដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍ ដែលក្រសួងទេសចរណ៍បានដាក់ចេញ និងស្នើឱ្យមានការប្រឡងប្រណាំងផ្ទៃក្នុងដល់បុគ្គលិកតែម្ដង ដោយមូលដ្ឋានអាជីវកម្មជាអ្នកវាយតម្លៃដោយផ្ទាល់ ចំពោះការបម្រើសេវាបដិសណ្ឋារកិច្ចល្អ របស់បុគ្គលិកខ្លួនឯងដោយផ្ទាល់ ហើយតាមរយៈសមាគមក្នុងឧស្សាហកម្មទេសចរណ៍តាមវិស័យនីមួយៗ នឹងជម្រុះបុគ្គលិកឆ្នើមៗរួចផ្ញើមក ក្រសួងទេសចរណ៍ដើម្បីធ្វើការវាយតម្លៃនឹងទទួលស្គាល់បូកសរុបនៅកម្រិតថ្នាក់ជាតិជារៀងរាល់ឆ្នាំ។

លោកថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានស្នើឱ្យមានការប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អថ្នាក់ជាតិជារៀងរាល់ឆ្នាំ និងបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីទូរស័ព្ទឆ្លាតវៃ (Mobile App) ដែលមានឈ្មោះថា៖ «Hospitality-Tourism & Border» ផងដែរ ដើម្បីឆ្ពោះទៅព្រឹត្តការណ៍កីឡា SEA Game 2023។

សូមបញ្ជាក់ថា នៅឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៦ លាននាក់ និងនាំប្រាក់ចំណូលប្រមាណ ៣៦៣៨លានដុល្លារអាមេរិក ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិប្រមាណ ១២% នៃផលិតផលក្នុងស្រុកសរុប (GDP)។ នៅឆ្នាំ២០១៨នេះ យើងរំពឹងថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,២លាននាក់ ក្នុងអត្រាកំណើនប្រមាណ ១១%។

តាមការព្យាករណ៍ កម្ពុជាអាចទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៧លាននាក់ នៅឆ្នាំ២០២០ ដោយនាំមកនូវចំណូលប្រមាណ ៥ពាន់លានដុល្លារអាមេរិក បង្កើតនូវឱកាសការងារប្រមាណ ១លាននាក់ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ១៥លាននាក់ នៅឆ្នាំ២០៣០ ដោយអាចនាំមកនូវចំណូលសរុបប្រមាណ ១០ពាន់លានដុល្លារអាមេរិក បង្កើតឱកាសការងារប្រមាណ២លាននាក់៕