ក្រសួងបរិស្ថានបង្ហាញ តំបន់ការពារធម្មជាតិត្រូវបង្កើនពី ២៣ ដល់ ៥៤

0
818
The Ministry of Environment shows that protected areas need to be increased from 23 to 54។

ភ្នំពេញៈ ក្រសួងបរិស្ថានបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សធនធានធម្មជាតិ និងការយកចិត្តទុកដាក់ក្នុងការការពារបរិស្ថានដោយក្រសួងបានបង្កើនតំបន់ការពារធម្មជាតិពី ២៣ តំបន់ដល់ចំនួន ៥៤ តំបន់ធ្វើឲ្យផ្ទៃដីតំបន់ការពារធម្មជាតិទូទាំងប្រទេសសរុបប្រមាណជាង ៧,៥ លានហិកតា ឬស្មើនឹង ៤១ ភាគរយនៃផ្ទៃដីប្រទេសទាំងមូល។ នេះបើយោងតាមវីដេអូឯកសាររបស់ក្រសួងបរិស្ថានដែលបានផ្សព្វផ្សាយស្របនឹងថ្ងៃបើកសម្ពោធវិមានឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា។

វីដេអូឯកសារនេះបង្ហាញថា រយៈពេលជាង ២០ ឆ្នាំមកនេះវិស័យបរិស្ថានបានរីកចម្រើនគួរឲ្យកត់សម្គាល់ ជាពិសេសការចូលរួមពីភាគីពាក់ព័ន្ធមនុស្សគ្រប់ស្រទាប់ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ និងការថែរក្សាបរិស្ថានបានល្អប្រសើរ។ ក្រសួងបង្ហាញថា ២០ ឆ្នាំជោគជ័យនៃនយោបាយ ឈ្នះ ឈ្នះ វិស័យបរិស្ថាន និងការអភិវឌ្ឍដោយចីរភាពនៅកម្ពុជាគិតត្រឹមឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះក្រសួងបរិស្ថានមានអាណត្ដិរបស់ខ្លួនសរុបចំនួន ២៥ ឆ្នាំ។ នេះបើគិតពីការបង្កើតក្រសួងដំបូងតាំពីឆ្នាំ ១៩៩៣។

វីដេអូឯកសារដដែលបង្ហាញថាតាមរយៈគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលចាប់ពីឆ្នាំ ១៩៩៨ មកបានជំរុញឲ្យវិស័យបរិស្ថានត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា ជាបញ្ហារួម ហើយត្រូវបានយកចិត្ដទុកដាក់ និងចូលរួមពីគ្រប់មជ្ឈដ្ឋានដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ កិច្ចគាំពារបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព។

ក្រសួងបញ្ជាក់ថា៖ «ស្នាដៃធំៗជាច្រើនបានកើតឡើងតាមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ដ្រីឧទ្យានុរក្សរួមជាមួយប្រជាសហគមន៍មូលដ្ឋានដោយបានសម្រេចធ្វើទំនើបកម្មស្ថាប័នការកសាងច្បាប់ និងផែនការសកម្មភាព ការអប់រំ និងផ្សព្វផ្សាយព័ត៌មានបរិស្ថាន ការត្រួតពិនិត្យការបំពុលបរិស្ថាន ការពិនិត្យវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន សេដ្ឋកិច្ច និងសង្គមលើកកម្ពស់គម្រោងវិនិយោគនានា»។

លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថានបានថ្លែងក្នុងវីដេអូនេះថា៖ «ឥឡូវនេះយើងបានធ្វើទំនើបកម្មស្ថាប័នរៀបចំហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រសួង។ ធនធានមនុស្សត្រូវដាក់ឲ្យចំកន្លែង ដើម្បីដោះស្រាយឲ្យត្រូវទិសដៅ។ ថវិកាក៏យើងត្រូវរៀបចំដែរ ដោយឡែកនៅក្នុងនោះយើងបានរៀបចំលិខិតបទដ្ឋានគតិយុត្ដ ដើម្បីផ្ទេរការងារទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុង/ស្រុក/ខណ្ឌ ជួយការងារ ព្រោះយើងនៅក្រសួងបរិស្ថានមិនអាចធ្វើតែឯងបានទេ អ៊ីចឹងបានប្រគល់កិច្ចការងារនេះតាមផ្លូវច្បាប់នៃការធ្វើ វិមជ្ឈការ និងសហវិមជ្ឈការរបស់យើងដែលត្រូវប្រគល់ការងារទៅឲ្យថ្នាក់ក្រោមជាតិ»។
លោកបានបន្ថែម៖ «ជាថ្មីម្ដងទៀតយើងត្រូវបណ្ដុះបណ្ដាលមន្ដ្រីឲ្យគាត់យល់ពីបញ្ហាកាកសំណល់រឹង កាកសំណល់រាវ សារធាតុគ្រោះថ្នាក់ ការរៀបចំថវិកា ដើម្បីឈានទៅដោះស្រាយបញ្ហានោះ។ អ៊ីចឹងវាស៊ីពេលចំពោះការងារនេះ»។

ដើម្បីចូលរួមការពារ ពង្រឹង ការគ្រប់គ្រងបរិស្ថាន ក្រសួងបរិស្ថានបានបង្កើតច្បាប់ បទដ្ឋានគតិយុត្ដជាច្រើនក្នុងនោះមានច្បាប់ធំៗស្ដីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិដែលបានចេញផ្សព្វផ្សាយតាំងពីឆ្នាំ ១៩៩៦ ច្បាប់ស្ដីពីតំបន់ការពារធម្មជាតិដែលបានអនុម័តប្រើប្រាស់នៅឆ្នាំ ២០០៨។ ក្រសួងបានបញ្ចប់ការរៀបចំ ក្រមបរិស្ថានដែលមានវិសាលភាពគ្របដណ្ដប់លើការងារពាក់ព័ន្ធវិស័យបរិស្ថាន និងធនធានធម្មជាតិដោយការធ្វើសមាហរណកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដពាក់ព័ន្ធដែលមានស្រាប់។

ជាមួយគ្នានេះក្រសួងបរិស្ថានបានឲ្យដឹងថា ខ្លួនបានបង្កើតផែនការយុទ្ធសាស្ដ្រជាតិគ្រប់គ្រងសំណល់ពីឆ្នាំ ២០១៧ ដល់ ឆ្នាំ ២០៣០ ក្នុងគោលដៅធានាគ្រប់គ្រងសំណល់តាមវិធីសាស្ដ្រចម្រុះស្របតាមទស្សនទាន ការអភិវឌ្ឍទីក្រុងដោយវឌ្ឍនភាព។
តាមរយៈវីដេអូខាងលើក្រសួងបរិស្ថានបានបង្ហាញថា នៅទីក្រុងភ្នំពេញមានការប្រើប្រាស់ថង់ប្លាស្ទិកប្រមាណជាង ១០ លានថង់ជារៀងរាល់ថ្ងៃ។
ក្រសួងពន្យល់ថា «ដើម្បីកាត់បន្ថយការបំពុលដោយប្លាស្ទិក ការផ្ដល់ថង់ប្លាស្ទិកស្ដើង មានដៃយួរដល់អតិថិជននៅតាមមជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើបបានគិតកម្រៃបន្ថែមចាប់តាំងពីថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៨ មក»។

លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) បានមើលឃើញថាក្រសួងបរិស្ថានពិតជាបានប្រឹងប្រែងធ្វើកិច្ចការងារជាច្រើននៅថ្នាក់ជាតិ និងកម្រិតមូលដ្ឋានក្នុងការថែរក្សា ការពារ ធនធានធម្មជាតិកម្ពុជា។

លោកបន្ដថា៖ «ចំពោះវិធានការការពារបរិស្ថានរបស់ក្រសួងគឺពិតជាបានខិតខំមែនទែន ពិសេសបានបង្កើតនូវច្បាប់ លិខិតបទដ្ឋានគតិយុត្ដនានាជាច្រើនក្នុងការការពារបរិស្ថាន»។

ក្រៅពីការការពារធនធានធម្មជាតិលោក សុខុម ក៏បានមើលឃើញដែរថា ក្រសួងក៏បានខិតខំចំពោះការគ្រប់គ្រងកាកសំណល់សំរាម រាវ និងរឹង ដោយបានចេញជាអនុក្រឹត្យជាបន្ដបន្ទាប់ក្នុងការទប់ស្កាត់ ការប្រើប្រាស់ថង់ប្លាស្ទិកនៅតាមទីប្រជុំជន និងផ្សារទំនើបមួយចំនួន។

ទាក់ទងនឹងការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវចម្រុះ ក្រសួងបានបង្ហាញថាក្រសួងបានធ្វើការវាយតម្លៃធនធានគម្របព្រៃឈើជាតិឆ្នាំ ២០១៦ ដោយលទ្ធផលបង្ហាញថាកម្ពុជានៅមានផ្ទៃដីគម្របព្រៃឈើសរុបទូទាំងប្រទេសប្រមាណ ៨ ៧៤២ ៤០១ ហិកតាស្មើនឹង ៤៨,១៤ ភាគរយដែលមានអត្រាប្រែប្រួលគិតជាមធ្យមប្រចាំឆ្នាំគឺ ០,៦៧ ភាគរយ។ តាមការព្យាករទុកក្នុងរយៈពេល ២ ឆ្នាំខាងមុខ អត្រាបាត់បង់គម្របព្រៃឈើនឹងមានការកាត់បន្ថយបន្ថែមទៀត។

តាមរយៈផ្ទៃដីធនធានគម្របព្រៃឈើនេះតំបន់ការពារធម្មជាតិត្រូវបានបង្កើនជាបន្ដបន្ទាប់ពីចំនួន ២៣ តំបន់ដល់ចំនួន ៥៤ តំបន់រួមទាំងរបៀងអភិរក្សជីវចម្រុះ របៀងអភិរក្សជីវចម្រុះឦសាន របៀងអភិរក្សជីវចម្រុះ ឧត្ដរ និងរបៀងអភិរក្សជីវចម្រុះជួរភ្នំក្រវាញនាពេលបច្ចុប្បន្នធ្វើឲ្យផ្ទៃដីប្រព័ន្ធតំបន់ការពារធម្មជាតិទូទាំងប្រទេសសរុបមានប្រមាណជាង ៧,៥ លានហិកតា ឬស្មើនឹង ៤១ ភាគរយនៃផ្ទៃដីប្រទេសទាំងមូល។

លោក សាយ សំអាល់ ថ្លែងថា៖ «ក្នុងអាណត្ដិនេះយើងមិនមានការឲ្យដីសម្បទានទៀតទេ។ រាល់ជម្លោះដីធ្លីជាមួយនឹងក្រុមហ៊ុនដីសម្បទានពីមុន យើងបានកាត់ចេញទាំងអស់ លើកលែងតែយើងត្រូវរៀបចំឲ្យទៅតាមនីតិវិធីច្បាប់ភូមិបាលអ្វីៗទាំងអស់ តែបើថាឲ្យកាត់ចេញហ្នឹងគឺនៅដើមអាណត្ដិនេះ យើងបានកាត់ចេញទាំងអស់ រាល់ជម្លោះដែលយើងបានដឹងថាមានប៉ះពាល់ជាមួយដីសម្បទានសេដ្ឋកិច្ចអីហ្នឹងគឺយើងបានកាត់ចោលទាំងអស់»។ លោកថា មួយទៀតដីសម្បទានដែលមិនបានអភិវឌ្ឍគឺក្រសួងបានដកហូតវិញទាំងអស់។

ជាមួយគ្នានេះលោក នេត្រ ភក្ដ្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានឲ្យដឹងថា ក្រសួងបានធ្វើតុល្យការនៃការងាររបស់ខ្លួនរយៈពេល ២០ ឆ្នាំក្រោមសុខសន្តិភាព ក្រសួងបានធ្វើកិច្ចការជាច្រើនក្នុងកិច្ចគាំពារបរិស្ថាន ការការពារ និងគ្រប់គ្រងធនធានធម្មជាតិអភិរក្សជីវចម្រុះ និងការអភិវឌ្ឍដោយចីរភាព តាមរយៈការងារគ្រប់គ្រងឱ្យបានល្អនូវផ្ទៃដីអភិរក្សចំនួន ៧,៥ លានហិកតា។

លោកបន្ដថា៖ «ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ការបង្កើនចំនួនមន្ត្រីឧទ្យានុរក្សពី ៨០០ នាក់ដល់ ១២២១ នាក់ការរៀបចំផែនការ ដើម្បីអភិរក្ស និងការការពារតំបន់ការពារធម្មជាតិនានា ការអភិវឌ្ឍសហគមន៍ក៏ដូចជាពង្រឹងកិច្ចគាំពារបរិស្ថានដោយគ្រប់គ្រងឱ្យបានល្អនូវសំណល់រឹងរាវ សំរាម ហើយនឹងរៀបចំផែនការយុទ្ធសាស្ត្របរិស្ថានជាតិ ការបន្សាំនឹងការប្រែប្រួលអាកាសធាតុក៏ដូចជាការពង្រឹងគុណភាពលើការវាយតម្លៃហេតុប៉ះពាល់បរិស្ថានជាដើម»។

លោក កែន សិរីរដ្ឋា ប្រធានអង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា (WCS) មើលឃើញថាក្រសួងបានខិតខំប្រឹងប្រែងចំពោះការធ្វើកិច្ចការងារជាច្រើន ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា។

លោកបន្តថា៖ «ខ្ញុំសូមនិយាយតែកិច្ចការងារអភិរក្សធនធានធម្មជាតិជាទូទៅខាងក្រសួងបរិស្ថានខាងសេនាធិកាថ្នាក់ដឹកនាំក្រសួងគឺគាត់ខិតខំប្រឹងប្រែងធ្វើកិច្ចការងារហ្នឹង។ អ៊ីចឹងកិច្ចការគាំពារធនធានធម្មជាតិ ជីវចម្រុះនេះ ក្រសួងបានខិតខំប្រឹងប្រែងធ្វើហើយ ប៉ុន្ដែវាមានបញ្ហាប្រឈមច្រើនជុំវិញការងារនេះដែលទាក់ទងទៅនឹងធនធានមនុស្ស ធនធានហិរញ្ញវត្ថុសម្ពាធនៃការអភិវឌ្ឍ និងយន្ដការនៃការដោះស្រាយទំនាស់ជាដើម»៕