ក្រសួងកសិកម្មទទួលស្គាល់ថាកសិផលពិបាករកទីផ្សារលក់ព្រោះបញ្ហាថ្លៃដើម

0
712
កសិផល ដែល​ប្រជាកសិករ​នាំ​យក​ទៅលក់​ទៅទីផ្សារ​នាពេល​កន្លងមក។

ភ្នំពេញ៖ កម្ពុជាជាប្រទេសអំណោយផលខាងវិស័យកសិកម្ម ប៉ុន្តែផ្ទុយទៅវិញផលិតផល​នៅក្នុង​ស្រុក​ដែលផលិតបាន គ្មានជាតិគីមី ទៅជាពិបាកេកទីផ្សារទៅវិញ។

យោងតាមប្រសាសន៍របស់ ឯកឧត្តម វេ​ង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ឲ្យដឹងក្នុងវេទិកាស្តីពីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាព្រឹកថ្ងៃទី៣ មករានេះថា ការលំ​បាក​ក្នុង​ការរកទីផ្សារលក់កសិផល ព្រោះនៅបញ្ហាថ្លៃដើមផលិតកម្មនិងកែច្នៃខ្ពស់។

ឯកឧត្តម បានលើកឡើងបន្តទៀតផងដែរថា ឧបសគ្គក្នុងដំណើរការអភិវឌ្ឍវិស័យកសិកម្មទាំងក្នុង ពេល​បច្ចុប្បន្ននិងអនាគត ក្នុងនោះរួមមាន៖

(១). ពូជនៅមានតម្លៃខ្ពស់ និងគុណភាពមិនទាន់បានធានា និងឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ។

(២). ការពុំទាន់បានកំណត់ផែនទីដាំដុះដំណាំកសិកម្មឱ្យបានសមស្របនៅតាមភូមិសាស្ត្រ និង​ប្រភេទ​ដី នីមួយៗនិងបម្រែបម្រួលអាកាសធាតុ។

(៣).ការផ្ទេរបច្ចេកទេសដល់កសិករ/សហគមន៍នៅមិនទាន់បានគ្រប់គ្រាន់និងមានប្រសិទ្ធភាព។
(៤).ផលិតកម្មក្នុងស្រុកពុំទាន់បានធានាគ្រប់គ្រាន់ទាំងបរិមាណនិងគុណភាពទៅតាមតម្រូវការ។

(៥).ការលំបាកក្នុងការរកទីផ្សារលក់កសិផល នៅមានចំណុចខ្វះខាត​មួយចំនួន​ក្នុង​ការ​អនុវត្ត​ផលិត​កម្មក​សិកម្ម​តាមកិច្ចសន្យា បញ្ហាថ្លៃដើមផលិតកម្មនិងកែច្នៃខ្ពស់។

(៦).បទល្មើសចលនាសត្វ ការនាំចូលផលិតផលកសិកម្មខុសច្បាប់ បទល្មើសព្រៃឈើ ជលផល ទំនាស់ដីធ្លី ការហ៊ុមព័ទ្ធដីព្រៃឈើធ្វើជាកម្មសិទ្ធិ ដោយខុសច្បាប់ កង្វះធនធានមនុស្ស និងថវិកាសម្រាប់គាំទ្រផ្នែកគោលនយោបាយ និងបច្ចេកទេស ការផ្តល់​កិច្ច​សហ​ការ​និង​ការ​សម្រប​សម្រួល​យន្តការស្ថាប័ននៅមានកម្រិត។

(៧).ការជំរុញការអភិវឌ្ឍតាមវិស័យសម្រាប់គាំទ្រដល់សកម្មភាពឧស្សាហកម្មកែច្នៃនៅមានល្បឿនយឺត។

(៨).មិនទាន់មានគោលនយោបាលខ្ចីទុនវិនិយោគពីធនាគារ មីក្រូហិរញ្ញវត្ថុ ឬឥណទានជនបទ​សម្រាប់​វិស័យកសិកម្មក្នុងកម្រិតការប្រាក់ទាប។

ជាមួយគ្នានេះដែរ ឯកឧត្តមបានឲ្យដឹងផងដែរថា ចំពោះការនាំចូលសត្វ ផលិតផលសត្វខុសច្បាប់ ឯកឧត្តម​រដ្ឋមន្ត្រីស្នើសុំឲ្យសមាគមចិញ្ចឹមសត្វកម្ពុជា បង្កើន​សមត្ថ​ភាព​ក្នុង​ការចិញ្ចឹម​ដើម្បី​បង្កើន​ផលិតកម្ម​ទាំងបរិមាណនិងគុណភាពសម្របតាមសេចក្តីត្រូវការទីផ្សារក្នុងនិងក្រៅស្រុក និង​ធ្វើការ​ប្រកួត​ប្រជែងជាមួយប្រទេសនាំចេញ។

គួរជម្រាផងដែថា ផលិត​កម្មជ្រូកមានកំណើន២,៩ភាគរយ និងផលិតកម្មបក្សីមានកំណើន​ ៥,៤ភាគរយ។ ដោយឡែកផលិត​កម្មសត្វទាំងលក្ខណៈគ្រួសារ និងពាណិជ្ជកម្មនៅកម្ពុជា មាន​ការវិវឌ្ឍ​គួរឲ្យកត់សម្គាល់ ទាំងបរិមាណសត្វ និងបែបផែនផលិតកម្ម៕