រដ្ឋមន្ត្រី​ពាណិជ្ជកម្ម សន្យា​បន្ត​ដោះស្រាយ​បញ្ហា​ទីផ្សារ​ជូន​សហគ្រិន​ខ្មែរ

0
556
The Minister pledges to continue to address market issues for Cambodian entrepreneurs at Sea Festival Koh Kong Province.

កោះកុង៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​សន្យា​បន្ត​ពិនិត្យ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ទាក់ទិន​ការចូល​ទីផ្សារ ជូន​សហគ្រាស​ធុន​តូច និង​មធ្យម ជាពិសេស​ប្រជាកសិករ ផលិតករ និង​ពាណិជ្ជករ ឱ្យបាន​កាន់តែ​ទូលំទូលាយ ដើម្បី​ប្រែក្លាយ​វិស័យ​ឯកជន ឱ្យទៅ​ក្បាលម៉ាស៊ីន​នៃ​កំណើនសេដ្ឋកិច្ច ដូច​បានកំណត់​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី។

ការសន្យា​របស់ លោក​រដ្ឋមន្ត្រី បាន​ធ្វើឡើង​នាឱកាស​ដឹកនាំ​ប្រតិភូ អញ្ជើញ​ទស្សនា​ស្តង់​លក់​ផលិតផល​ខ្មែរ​ចំនួន ១០៣ស្តង់ និង​ជួប​សំណេះសំណាល​ជាមួយ​អាជីវករ ផលិតករ និង​ពាណិជ្ជករ តំណាងឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម កាលពី​ព្រឹក​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ លើក​ទី៧ ជុំ​ទី២ ដែល​កំពុង​ប្រព្រឹត្តិ​ទៅ​នៅលើ​ទឹកដី​នៃ​ខេត្តកោះកុង។

នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​លើកទឹកចិត្ត​អាជីវករ ផលិតករ និង​ពាណិជ្ជករ ធ្វើការ​បញ្ចេញមតិ និង​យោបល់ ព្រមទាំង​សំណូមពរផ្សេងៗ ជុំវិញ​បញ្ហា​ទីផ្សារ និង​ការចូលរួម​ពិព័រណ៍​នៅក្នុង​ឆ្នាំនេះ ដើម្បី​ក្រសួង​ចាត់​វិធានការណ៍​កែលម្អ និង​ដោះស្រាយ​ទៅតាម​នីតិវិធី​សមស្រប។ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ជូនពរ​សហគ្រិន​ទាំងអស់ ទទួលបាន​ជោគជ័យ​លើ​ការប្រកប​ធុរកិច្ច​ក្នុង​ពិធីបុណ្យ​សមុទ្រ និង​ធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព​គ្រប់​ទីកន្លែង។

សូមជម្រាបថា ពិធីបុណ្យ​សមុទ្រ លើក​ទី៧ ជុំ​ទី២ ត្រូវបាន​រៀបចំឡើង ក្រោម​ប្រធានបទ «ឆ្នេរ​ស្អាត ពលរដ្ឋ​រមណីយ» អម​ជាមួយ​ពាក្យស្លោក «អេកូ​ទេសចរណ៍​សម្រាប់​កំណើន​បៃតង និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព» ដើម្បី​ជំរុញ​ការអភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ឱ្យមាន​និរន្តរភាព និង​បរិ​យា​ប័ន្ន ស័ក្តិ​សមជា «ឆ្នេរសមុទ្រ​កម្ពុជា ឬ តារា​រះ​ប្រចាំ​ទិស​ទិសនិរតី»។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងទេសចរណ៍ បានឱ្យដឹងថា​ក្រសួង បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្តកោះកុង រៀបចំ​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​មួយចំនួនទៀត ដើម្បី​ទទួលយក​ភ្ញៀវទេសចរ ក្នុងឱកាស​បុណ្យ​សមុទ្រ​ឆ្នាំនេះ មានដូចជា រមណីយដ្ឋាន​វិស្សមកាល​តារា​សាគរ តំបន់​អេកូ​ទេសចរណ៍​ឆាយ​អា​រ៉ែ​ង តា​តៃ ព្រៃកោងកាង ឆ្នេរ​ខ្សាច់​ប៉ាក់​ខ្លង រមណីយដ្ឋាន​ចេតិយ​ឃុន​ឆាង និង​តំបន់​ជុំវិញ​ក្រុង​ខេមរភូមិន្ទ ព្រមទាំង​កម្មវិធី​កីឡា និង​កម្មវិធី​កម្សាន្ត​ជាច្រើន​ទៀតផង​ដែរ៕