ក្រចេះ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដាសតឿនឱ្យមន្ត្រីមន្ទីរទេសចរណ៍ខេត្តក្រចេះសហការជាមួយមន្ត្រីជំនាញបង្កើនការអភិរក្សត្រីផ្សោតព្រោះវាជាសម្បត្តិដ៍មានតម្លៃបំរើឱ្យវិស័យទេសចរណ៍យ៉ាងសំខាន់ប្រចាំតំបន់ជាពិសេសគឺនៅខេត្តក្រចេះនឹងស្ទឹងត្រែង។
ការដាសតឿននេះបានធ្វើឡើងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ នៅព្រឹកថ្ងៃទី ១៨ កុម្ភៈ ២០១៩គឺលោក ជួប រតនា អត្តលេខ ១ ៨៨១ ៤០០ ២៤០ ឋានន្តរស័ក្តិ អនុមន្ត្រីថ្នាក់លេខ ៣ នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ជាប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ ជំនួសលោក រុន ភារ៉ា ដែលនិងទទួលភារកិច្ចថ្មី នៅក្រសួង។
ឯកឧត្តមបណ្ឌិត ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ជំរុញឲ្យប្រធានមន្ទីរទេសចរណ៍ខេត្តដែលទើបនិងឡើងកាន់មុខតំណែងថ្មី ត្រូវបន្តការងារសហការជាមួយអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ដើម្បីពង្រឹងការថែរក្សា និងអភិរក្សត្រីផ្សោតទន្លេមេគង្គឲ្យបានគង់វង្សយូរអង្វែង សំរាប់ទាក់ទាញភ្ញៀវទេសចរមកទស្សនាកំសាន្ត។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា៖ ដើម្បីចូលរួមបង្កើនការការពារ ទប់ស្កាត់ រាល់សម្មភាពផ្សេងៗដែលធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតត្រីផ្សោត មន្ទីរទេសចរណ៍ត្រូវដាក់ពាក្យស្លោកថា គ្មានសត្វផ្សោត គ្មានទេសចរណ៍ ។
ជាមួយគ្នានេះ ត្រូវជួយកសាង និងអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តឲ្យមានការរីកចម្រើន ហើយត្រូវរក្សាអភិរក្ស នូវសំណង់ចាស់ ធ្វើការកសាងសំណង់ថ្មី សំដៅទាក់ទាញភ្ញៀវជាតិនងអន្តរជាតិមកលេងខេត្តច្រចេះឱ្យបានច្រើន។
លោក ជួប រតនា ប្រធានមន្ទីរចូលកាន់តំណែងថ្មីបានអះអាងថា៖លោកនឹងប្រឹងប្រែងចូលរួមសហការឱ្យបានគ្រប់ស្ថាប័ននឹងជាមួយបងប្អូន អាជីវករចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីលើកកម្ពស់នូវសេវាកម្មវិស័យទេសចរណ៍របស់យើងប្រកបដោយគុណភាព។